វិស័យធនាគារ និងហិរញ្ញវត្ថុ

តើមេរោគបំប្លែងថ្មីអូមីក្រុង នឹងបង្ករាំងស្ទះដល់វិស័យធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០២២ ដែរឬយ៉ាងណា?


អ្នកជំនាញក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានទំនុកចិត្ត ភាពជឿជាក់ខ្ពស់ចំពោះការរីកលូតលាស់ នៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅឆ្នាំ២០២២ ទោះបីជា បច្ចុប្បន្នពិភពលោករួមទាំងកម្ពុជាកំពុងព្រួយបារម្ភពីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង អាចនឹងមករំខានដល់សេដ្ឋកិច្ចសកលក៏ដោយ។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)

ការរំពឹងខ្ពស់ពីអ្នកជំនាញបែបនេះដោយផ្អែកលើយន្តការច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការអភិវឌ្ឍឥតឈប់ឈរលើប្រព័ន្ធឌីជីថល របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២១ វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជានៅតែរក្សាបាននូវកំណើនរឹងមាំ ទោះបីមានការរំខានអុកឡុកពីជំងឺរាតត្បាតកូវីដ-១៩។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា នៅតែមានភាពជឿជាក់ខ្ពស់ចំពោះការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅឆ្នាំ២០២២ ទោះបីបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់រលាយផុតពិភពផែនដី ហើយមានមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងបង្កក្តីបារម្ភដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ។ ការជឿជាក់បែបនេះ ធ្វើឡើងបន្ទាប់ពី អ្នកជំនាញរូបនេះ មើលឃើញពីការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុនៅឆ្នាំ២០២១ នៅតែមានកំណើនល្អ ទាំងកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ គួបផ្សំការខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។ ការដាក់ចេញវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ជាកត្តារួមចំណែកមួយផងដែរ។  

ដោយឡែក សម្រាប់ធនាគារអេស៊ីលីដាផ្ទាល់ លោកបណ្ឌិត អ៊ិន ចាន់នី បានអះអាងថា អេស៊ីលីដាគ្មានគម្រោងក្នុងការកាត់បន្ថយក្នុងការផ្តល់ឥណទានជូនអតិថិជននោះទេ ពោលគឺធនាគារពាណិជ្ជដ៏ធំមួយនេះ បានត្រៀមចាក់បញ្ចូលដើមទុនរាប់រយលានដុល្លាររួចហើយ ដើម្បីត្រៀមផ្តល់ឥណទានជូនអតិថិជន ក៏ដូចជាចូលរួមចំណែកជួយជំរុញកំណើន និងស្តារវិស័យសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះលោក ផល វ៉ាន់ឌី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្លាប់បានបង្ហាញក្តីរំពឹងកន្លងមកថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងមានភាពរីកចម្រើនមួយកម្រិតទៀតនៅឆ្នាំ២០២២ ប្រសិនបើគ្មានករណីផ្ទុះការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំណាមួយកើតឡើង។ ការវាយតម្លៃបែបនេះ ធ្វើឡើងក្រោយ លោកសង្កេតឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ នៅតែអាចឈរជើងបានយ៉ាងរឹងមាំជាមួយកំណើននៃការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន ទោះបីនៅឆ្នាំ២០២១ កម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរក៏ដោយ។ ទន្ទឹមនឹងនេះប្រធានសមាគមរូបនេះក៏បានបង្ហាញពីការតាំងចិត្ត និងការត្រៀមខ្លួនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន ក៏ដូចជាចូលរួមចំណែកជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

របាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិ នៃកម្ពុជាបានបង្ហាញថា ប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ គឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨% ឥណទានអតិថិជនមានកំណើនជាង ២៣% និងប្រាក់បញ្ញើអតិថិជនវិញកើនជិត២១%។

ដោយឡែក អនុបាតឥណទានមិនដំណើរការវិញ គិតត្រឹមឆមាសទី១ឆ្នាំ២០២១ មានកម្រិតទាប គឺ ២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការរៀបចំឥណទានឡើងវិញប្រមាណជិត៣៧ម៉ឺន គណនី ស្មើនឹងទំហំទឹកប្រាក់សរុបជាង៥ពាន់៥រយលានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកសិករថែទាំដំណាំមៀនប៉ៃលិនឡើងវិញ ខណៈចិនព្រមបើកទីផ្សារឲ្យនាំចូលឆាប់ៗ

ព័ត៌មាន
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្ន…

តើសេដ្ឋកិច្ចចិនឆ្នាំ២០២២ នឹងប្រែប្រួល ឬជួបកត្តាប្រឈមអ្វីខ្លះ?

ព័ត៌មាន
ការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២២ ទាមទារឲ្យរដ្ឋអំណាចក្រុងប៉េកាំង អនុវត្តនូវវិធានការ និងគោលនយោបាយថ្មី ស្របពេលដែលសេដ្ឋកិច្ចចិនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ