នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុង New Delhi ក្នុងឋានៈជានាយករដ្ឋមន្ត្រីអង់គ្លេសនោះលោក Boris Johnson នឹងពិភាក្សាជាមួយលោក Narendra Modi ពីមធ្យោបាយក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈដែលមហាយក្សឥណ្ឌានេះ ត្រូវបានគេដឹងថា គឺបានទិញគ្រឿងសព្វាវុធជាងពាក់កណ្តាលរបស់ខ្លួនពីប្រទេសរុស្ស៊ី។
លោក Johnson បាននិយាយថា នេះគឺជាឱកាសដ៏ល្អមួយនៅក្នុងទំនាក់ទំនង និងមិត្តភាពរវាងប្រទេសប្រជាធិបតេយ្យទាំងពីរនេះ។ លោកគិតថា ទំនាក់ទំនងល្អបែបនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។
កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប៉ុនប៉ងកាលពីខែមុន ដើម្បីអូសទាញឥណ្ឌាចេញឱ្យឆ្ងាយពីប្រទេសរុស្ស៊ី ព្រោះថារុស្ស៊ីក៏ខិតខំសម្បើមដែរ ក្នុងការថ្ពក់យកឥណ្ឌាឲ្យនៅជាមួយខ្លួនដូចជាបានផ្ដល់ឱ្យនូវការលក់គ្រឿងការពារ និងប្រេងក្នុងតម្លៃទាបទៅឲ្យឥណ្ឌាជាដើម ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden ជារឿយៗបានសុំឱ្យឥណ្ឌាធ្វើសកម្មភាពខ្លះៗដើម្បីប្រឆាំងនឹងរុស្ស៊ី។
ប្រទេសអង់គ្លេសសង្ឃឹមថា ការផ្តល់ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយបស្ចិមលោកនឹងលើកទឹកចិត្តឥណ្ឌាឱ្យឃ្លាតឆ្ងាយពីរុស្ស៊ីបន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថាជាប្រតិបត្តិការយោធាពិសេសនោះ។
គេនៅចាំថា ឥណ្ឌាបានដកខ្លួនចេញពីការបោះឆ្នោតរបស់អង្គការសហប្រជាជាតិក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយក៏មិនបានចូលរួមដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូផងដែរ។ ការប្រកាន់ជំហរបែបនេះនាំឱ្យមានសកម្មភាពការទូតគួរឱ្យភ្ញាក់ផ្អើលនាពេលថ្មីៗនេះ ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងចិនក៏បានទៅកាន់ប្រទេសឥណ្ឌាដែរ។
ប្រទេសអង់គ្លេសនិយាយថា ខ្លួនមានផែនការគាំទ្រដល់គោលដៅដែលអូសបន្លាយយូររបស់ប្រទេសឥណ្ឌាក្នុងការផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការនាំចូលឧបករណ៍យោធាថ្លៃៗ ហើយឥឡូវនេះឥណ្ឌាមានយន្តហោះចម្បាំងរុស្ស៊ី អង់គ្លេស និងបារាំងចម្រុះគ្នាតែម្ដង។
ប្រទេសអង់គ្លេសដែលជាអតីតអ្នកដាក់អាណានិគមលើប្រទេសឥណ្ឌា នឹងចេញអាជ្ញាបណ្ណនាំចេញទូទៅដោយបើកចំហដល់ប្រទេសឥណ្ឌា ដើម្បីកាត់បន្ថយពេលវេលាបញ្ជូនទំនិញសម្រាប់វិស័យការពារជាតិផងដែរ។ អ្នកនាំពាក្យរបស់លោក Johnson បាននិយាយថា មានតែសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលឥឡូវនេះបានចេញអាជ្ញាបណ្ណបែបនេះដល់ប្រទេសឥណ្ឌា៕
អត្ថបទ៖ សុខ ជា