ស្នើ G7 ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី

អង់គ្លេសទទូចឲ្យក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី


រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ នៅក្នុងពិភពលោក ឬហៅថា G7 ដាក់ចេញការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ អង់គ្លេសក៏បានបញ្ជាក់ទៀតថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេក្នុងពិភពលោក គួរតែធ្វើសកម្មភាពទៅមុខទៀត និងឆាប់រហ័ស។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស និង រដ្ឋមន្រ្តីការបរទេសអាមេរិក

ការ​ទទូច​របស់​ប្រទេស​អង់គ្លេស​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ប្រទេស​នេះ រួម​ជាមួយនឹង​អា​មេ​រិ​ក ទើបតែ​បាន​ប្រកាស​ថា​នឹង​កាត់​ផ្ដាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ក្នុងឆ្នាំនេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​នៅ​ថ្ងៃនេះ​។

ជាមួយនឹង​ការ​លើក​ឡើង​ពី​ជំហរ​ដូច​គ្នា​ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោកស្រី Liz Truss រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស បាន​លើក​ឡើងជា​ការ​សាទរ​ដល់​ការ​រួបរួម​គ្នា​នៃ​ប្រទេស​លោក​ខាងលិច អឺរ៉ុប រួម​ទាំង​អង់គ្លេស ដែល​បាន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​។ លោកស្រី Liz Truss និយាយ​ទៀត​ថា ភាពរឹងមាំ​នៃ​សម្ព័ន្ធភាព​របស់​លោក​ខាងលិច បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​រុ​ស្ស៊ី លោក ពូ​ទី​ន ផ្ញា​ក់​ផ្អើល​ជា​ខ្លាំង ហើយ​វា​ត្រូវ​តែ​មានការ​ចូលរួម​ដាក់​ទណ្ឌកម្ម ក៏​ដូច​ជា​សម្ពាធ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ឈ្លានពាន​របស់​ទីក្រុង​ម៉ូ​ស្គូ លើ​ទីក្រុង​កៀវ ពិតជា​ត្រូវ​បរាជ័យ​។

លោកស្រី Liz Truss បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយនឹង​លោក អាន​តូ​នី ប្លី​ង​ឃី​ន រដ្ឋមន្ត្រី​ការ​ប្រទេស​អា​មេ​រិ​ក នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រូវ​តែ​ខិតខំ​ទ្វេ​ដង​ថែម​ទៀត ទៅ​លើ​ទណ្ឌកម្ម​របស់​យើង ដែល​រួម​បញ្ចូល​ទាំង​ប្រទេស G7 ត្រូវ​តែ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង និង​ហ្គា​ស​ពី​រុ​ស្ស៊ី ហើយ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ការ​ហាមឃាត់​ធនាគារ​រុ​ស្ស៊ី ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សកល SWIFT»​។ លោកស្រី Liz Truss សង្កត់ធ្ងន់​ទៀត​ថា «​ពេល​នេះ គឺ​មិនមែន​ជា​ពេល​ដែល​ត្រូវ​បោះបង់​ចោលការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​នោះ​ទេ​! លោក ពូ​ទី​ន ត្រូវ​តែ​បរាជ័យ​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​នេះ​»​។

សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ បាន​នាំមុខ​ប្រទេស​លោក​ខាងលិច ក្នុង​ការ​ឈាន​ទៅ​កាត់​ផ្ដាច់​សរសៃឈាម​សេដ្ឋកិច្ច​ទាក់​ទឹង​នឹង​វិស័យ​ប្រេង​របស់​រុ​ស្ស៊ី ដោយ​អា​មេ​រិ​ក​នឹង​ហាមឃាត់​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​រុ​ស្ស៊ី ហើយ​ឆាប់​ៗ​នេះ ប្រទេស​កា​ណា​ដា ក៏​នឹង​អនុវត្ត​តាម​អា​មេ​រិ​ក​ដែរ ខណៈ​ដែល​ទីក្រុង​ឡុ​ង​ចក្រភព​អង់គ្លេស​វិញ បាន​សន្យា​រួច​ហើយ​ថា នឹង​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ក្នុងឆ្នាំនេះ​។

ក្រុម​ប្រទេស​ផ្សេង​ទៀត នៃ​ក្រុម​ប្រទេស​ជឿនលឿន​ទាំង​៧ ដូច​ជា បារាំង​, អា​ល្លឺ​ម៉​ង់​, អ៊ី​តា​លី និង​ជប៉ុន នៅ​មិន​ទាន់​មានការ​បញ្ចេញ​សកម្មភាព​បែប​ណា​នៅឡើយ​ទេ ជុំវិញ​នឹង​ការ​ទទូច​ឲ្យ​មានការ​ហាមឃាត់​ប្រេង​នាំ​ចូល​ពី​រុ​ស្ស៊ី​នេះ ប៉ុន្ដែ អធិការបតី​អា​ល្លឺ​ម៉​ង់ លោក Olaf Scholz បាន​ព្រមាន​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ថា ការ​ផ្អាក​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី អាច​នឹង​ធ្វើ​ឲ្យ​សន្ដិសុខ​ថាមពល​អឺរ៉ុប​ជួប​ហានិភ័យ​។

សូម​បញ្ជាក់​ថា ប្រទេស​នៅ​តំបន់​អឺរ៉ុប គឺ​មានការ​ពឹងផ្អែក​ខ្លាំង​ណាស់​លើ​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​រុ​ស្ស៊ី ដើម្បី​ប្រើប្រាស់ ហើយ​បើ​ទោះបីជា ប្រទេស​ខ្លះ​បាន​ត្រៀមខ្លួន​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចូល​ប្រេង​ជា​បណ្ដើរ​ៗ​ក្ដី ប៉ុន្ដែ​នៅ​មាន​ប្រទេស​ខ្លះ​ទៀត នៅ​មិន​ទាន់​មាន​ទីផ្សារ​ជំនួស​រុ​ស្ស៊ី​បាន​នៅឡើយ​ទេ​។

មន្ត្រីជាន់ខ្ពស់​រុ​ស្ស៊ី បាន​ចេញ​មុខ​ព្រមាន​នា​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ប្រសិនបើ​សហភាព​អឺរ៉ុប ពិតជា​ហ៊ាន​កាត់​ផ្ដាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​មែន​នោះ តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​នឹង​ហក់​ឡើង​ដល់​៣០០​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ដែល​បច្ចុប្បន្ន​តម្លៃ​របស់​វា​មាន​ប្រមាណ​ជាង​១៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ធុង​បារ៉ែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ ការសម្រេចលើកពេលអនុវត្តពន្ធលើចំណេញមូលធននឹងជំរុញការវិនិយោគបន្ថែម

ព័ត៌មាន
ក្រុមអ្នកជំនាញបានសារទរចំពោះ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ដែលបានបន្ដពន្យារពេលការចាប់ផ្ដើមអនុវត្តយកពន្ធលើចំណេញមូលធនសម្រា…

រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ១១០លានដុល្លារជួសជុល និងពង្រីកផ្លូវជាតិលេខ៤

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពីធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ