តើ​លោកស្រី ថេរេសា ម៉េ ថ្លែងទៅកាន់​ប្រជាជាតិ​ដូចម្ដេចខ្លះ?

នាយរដ្ឋមន្ត្រីអង់គ្លេសថ្លែង​លាលែងពីតំណែង​ទាំងអួល​ដើម ក !


នាយករដ្ឋមន្ត្រីស្ត្រីទីពីរ​នៃ​ចក្រភព​អង់គ្លេស លោកស្រី ថេរេសា ម៉េ (Therera May) បានប្រកាស​លាលែងពីតំណែងជា​នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពីបរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​សភា​គាំទ្រ​ផែនការ​​និង​លក្ខខណ្ឌ​នៃការចាកចេញ​ពី​សហភាពអឺរ៉ុបរបស់​ប្រទេស​អង់គ្លេស។
នាយករដ្ឋមន្ត្រី​អង់គ្លេស ថេរេសា ម៉េ លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រីហើយ។ រូបភាព៖ National Review
ដោយ

នៅក្នុង​សុន្ទរកថាខ្លីមួយ​ទៅកាន់​ប្រជាជាតិ ដែលប្រកាស​ពីការលាលែង​ពីមុខ​តំណែង លោកស្រី ថេរេសា ម៉េ បញ្ចប់​ដោយ​ភាព​អួលដើមក។ តើ​លោកស្រី​មាន​ពាក្យ​ពេចន៍​ចុង​ក្រោយអ្វីខ្លះ ទៅកាន់ប្រជាជាតិ​របស់​លោកស្រី? 

ខាងក្រោម​នេះ គឺ​ជា​ខ្លឹមសារនៃ​សុន្ទរកថា​ខ្លីរបស់​លោកស្រី ថេរេសា ម៉េ ទៅកាន់ប្រជាជាតិ​របស់​លោកស្រី៖ 


«កាលពីឆ្នាំ​២០១៦ យើង​បាន​ផ្ដល់​ជម្រើស​ដល់​ប្រជាជន​អង់គ្លេស ... ហើយ​គ្មាន​អ្នក​ណា​ស្មានដល់ ប្រជាជន​អង់គ្លេស​បាន​ជ្រើសរើស​យក​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ ខ្ញុំ​មានអារម្មណ៍ជឿជាក់នៅថ្ងៃនេះ ដូច​គ្នា​នឹង​កាលពី​៣ឆ្នាំ​មុន​ដែរ ថា នៅក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ ប្រសិន​បើ​អ្នក​ផ្ដល់​ជម្រើស​ឲ្យ​ប្រជាជន អ្នក​មានកាតព្វកិច្ច​ត្រូវ​អនុវត្ត​នូវ​អ្វីដែល​ជាការសម្រេចចិត្ត​របស់​ពួកគេ។ ខ្ញុំ​បានខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​នេះ​អស់​ពី​លទ្ធភាព​ហើយ។ ខ្ញុំ​បាន​ចរចា​លក្ខខណ្ឌ​នៃ​ការចាកចេញរបស់​យើង និង​ទំនាក់ទំនងថ្មីជាមួយនឹង​ប្រទេសជិតខាង​របស់​យើង ដែល​ការពារ​ការងាររបស់​យើង សន្តិសុខ​របស់​យើង និង​សហភាព​របស់​យើង។ 

ខ្ញុំ​បាន​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​តំណាងរាស្ត្រ​របស់​យើង ដើម្បី​ឲ្យ​គាំទ្រ​កិច្ចព្រមព្រៀង​នោះ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្ដាយ ខ្ញុំ​ធ្វើមិនបាន​ជោគជ័យទេ។ ខ្ញុំ​បាន​ព្យាយាម​ ៣លើក។ ខ្ញុំ​ជឿជាក់ថា វា​ជារឿង​ត្រឹមត្រូវ ដែលត្រូវ​ខំអត់ធ្មត់​និង​តស៊ូ​ជា​បន្តទៀត ទោះបី​ជា​ឱកាសបរាជ័យ​មាន​ខ្ពស់​ខ្លាំងក្ដី។ ប៉ុន្តែ ឥឡូវ​នេះ វា​ច្បាស់ណាស់​សម្រាប់​ខ្ញុំ ថា វា​ជា​ឧត្ដមប្រយោជន៍របស់​ប្រទេស​ជាតិ ដែល​ត្រូវទុក​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​ដឹកនាំ​កិច្ច​ប្រឹងប្រែង​នេះ។ 

ដូច្នេះ នៅថ្ងៃនេះ ខ្ញុំ​សូមប្រកាសថា ខ្ញុំ​លាលែង​ពី​តំណែង​ជា​អ្នកដឹកនាំ​​គណបក្ស​អភិរក្ស​និង​សហភាព​និយម ពីថ្ងៃសុក្រ ទី៧ ខែមិថុនា តទៅ ដើម្បី​គេអាចរៀបចំ​ជ្រើសរើស​អ្នក​បន្ត​វេន​ពីរូបខ្ញុំ។ ខ្ញុំ​បានយល់ព្រម​ជាមួយ​ប្រធាន​គណបក្ស និងប្រធាន​គណៈកម្មាធិការ ១៩២២ ថា ដំណើរការ​នៃការ​ជ្រើសរើស​អ្នកដឹកនាំ​ថ្មី គួរធ្វើឡើង​នៅសប្ដាហ៍បន្ទាប់ពី​ការលាលែងរបស់ខ្ញុំ។ ខ្ញុំ​បាន​ទូលថ្វាល​ព្រះមហាក្សត្រិយានី ឲ្យទ្រង់​បាន​ជ្រាបពី​គោលបំណងរបស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​បំពេញតួនាទី​ជា​នាយករដ្ឋមន្ត្រី​របស់​ព្រះមហាក្សត្រិយានី រហូតដល់​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​បញ្ចប់​សព្វគ្រប់។ 

ក្នុងពេលដ៏​ខ្លីខាងមុខនេះ ខ្ញុំ​នឹងចាកចេញពីការងារដែលជាកិត្តិយសដ៏ធំធេង​បំផុតសម្រាប់ជីវិតរបស់ខ្ញុំ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ស្ត្រីទីពីរ ប៉ុន្តែ ខ្ញុំមិនមែនជា​នាយករដ្ឋមន្ត្រីស្ត្រី​ចុងក្រោយ​បង្អស់នោះទេ។ ខ្ញុំធ្វើ​បែបនេះ ដោយគ្មាន​ចេតនា​អាក្រក់​នោះទេ ប៉ុន្តែ ដោយ​សេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅនិងជា​អមតៈ​ ចំពោះ​ឱកាស​ដែល​ខ្ញុំ​ទទួលបាន​ នៅក្នុង​ការបម្រើ​ប្រទេស​ដែល​ខ្ញុំស្រលាញ់»៕





អត្ថបទបន្ទាប់


ប្រព័ន្ធបណ្ដាញ 5G របស់ចិន រួចរាល់សម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មហើយ

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មាន នៃប្រទេសចិន បានអះអាងថា នៅទីបំផុត ប្រព័ន្ធបណ្ដាញ 5G ដែលប្រទេសចិនបានចំណាយពេលអភិវឌ្ឍឡ…

សេដ្ឋីកាក់ល្អិត ឧកញ៉ា លី ហួរ៖ គ្មានឱកាសណា ធ្លាក់មកពីលើមេឃទេ!

ព័ត៌មាន
ឧកញ៉ា លី ហួរ ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាកំពូលមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗនៅកម្ពុជា។ ប៉ុន្ដែ មិនមានមនុស្សច្រើននោះទេដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ