បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios កិច្ចចរចាខាងបច្ចេកទេសនឹងត្រូវចាប់ផ្តើមបន្តនៅថ្ងៃទី៣០ ខែមិថុនា នៅក្នុងប្រទេសកាតា។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការដកថយមួយជំហាន ដោយផ្អាករាល់សកម្មភាពយោធាទាំងអស់ ដើម្បីទុកលទ្ធភាពឱ្យនាវាពាណិជ្ជកម្មអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនេះដោយសេរី និងមានសុវត្ថិភាពឡើងវិញ។
ការវិលត្រឡប់មកកាន់តុចរចាវិញនេះ ធ្វើឡើងបន្ទាប់ពីស្ថានការណ៍បានរុញច្រានដល់ចំណុចគ្រោះថ្នាក់បំផុត កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន នៅពេលដែលមីស៊ីលរបស់អ៊ីរ៉ង់បានបុកកម្ទេចនាវាដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រម៉ូស ដែលបណ្តាលឱ្យទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ផ្ទុះសង្រ្គាមពាក្យសម្តីចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការរំលោភកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ដែលទើបតែចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានចេញមុខព្រមានធ្ងន់ៗទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់មិនឱ្យអនុញ្ញាតឱ្យកងទ័ពអាម៉េរិកប្រើប្រាស់ទឹកដី ឬហេដ្ឋារចនាសម្ព័ន្ធណាមួយ ដើម្បីធ្វើជាឈ្នាន់បើកការវាយប្រហារលើអ៊ីរ៉ង់ឡើយ។ លើសពីនេះ អ៊ីរ៉ង់ថែមទាំងបានដាក់លក្ខខណ្ឌចាក់ដោតមួយ ដោយទាមទារឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលចេញពីប្រទេសលីបង់ទាំងស្រុង ដែលនេះជាផ្នែកមួយ នៃលក្ខខណ្ឌកិច្ចព្រមព្រៀងចុងក្រោយជាមួយអាម៉េរិក ស្របពេលដែលការប្រយុទ្ធគ្នានៅលីបង់នៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លា។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឥទ្ធិពលនៃសង្រ្គាមបានរាលដាលដល់កម្រិតកំពូល បន្ទាប់ពីអ៊ីរ៉ង់បានបង្ហោះហ្វូងដ្រូន និងបាញ់មីស៊ីលបុកចូលទីតាំងយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន។ ព្រឹត្តិការណ៍ដ៏រន្ធត់នេះ បានធ្វើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទុះកំហឹងយ៉ាងខ្លាំង និងបានចេញមុខព្រមានគំរាមកំហែងកំទេចជាចំហថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងត្រូវរលាយរលត់លែងមានរូបរាងនៅលើផែនដីនេះមិនខាន ប្រសិនបើនៅតែរឹងរូសមិនព្រមគោរពតាមកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះឡើយ។ ទោះជាយ៉ាងណា ការសម្រេចចិត្តវិលមករកតុចរចានៅប្រទេសកាតាវិញនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការដកដង្ហើមដ៏ធំមួយរបស់ពិភពលោក ដើម្បីគេចចេញពីសង្រ្គាមទ្រង់ទ្រាយធំដែលអាចផ្ទុះឡើងគ្រប់វិនាទី៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស