ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៩ ខែមិថុនា ថា គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ មក ក្រុមហ៊ុនចែកចាយថាមពលឈានមុខគេរបស់ហ្វីលីពីន មេរ៉ាលកូ បានដំឡើងថ្លៃអគ្គិសនីរហូតដល់ ១០%។ ការដំឡើងថ្លៃនេះបានបង្ខំឱ្យពលរដ្ឋហ្វីលីពីន ដែលមានចំណូលមធ្យម ត្រូវបង្វែរប្រាក់ចំណូលប្រចាំខែរបស់ពួកគេប្រមាណ១២% ទៅបង់ថ្លៃអគ្គិសនី ដែលជាមធ្យមប្រើប្រាស់អស់ប្រមាណ២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។ គួរជម្រាបថា ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចណាស់នៅអាស៊ីអាគ្នេយ៍ ដែលរដ្ឋាភិបាលសឹងតែគ្មានការជួយឧបត្ថម្ភធនលើថ្លៃថាមពល។ កត្តានេះបានធ្វើឱ្យតម្លៃអគ្គិសនីនៅប្រទេសនេះឈរនៅលំដាប់ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ ដោយមានតែប្រទេសសិង្ហបុរីមួយគត់ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែសមត្ថភាពចំណាយជាមធ្យមរបស់ពលរដ្ឋសិង្ហបុរី គឺខ្ពស់ជាងពលរដ្ឋហ្វ៊ីលីពីន រហូតដល់ទៅជិត១៣ដង។ និន្នាការសម្រុកដំឡើងប្រព័ន្ធសូឡានៅលើដំបូលផ្ទះនៅប្រទេសហ្វីលីពីននេះ បានជំរុញឱ្យ ទំហំនាំចូលបន្ទះសូឡារបស់ប្រទេសនេះ ហក់ឡើងដល់៤០៧លានដុល្លារក្នុងរយៈពេល៣ខែ គិតត្រឹមខែឧសភា មានការកើនឡើងរហូតដល់១៤៥% បើធៀបនឹងឆ្នាំមុន។ យោងតាមទិន្នន័យពាណិជ្ជកម្មពីប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់សកលធំបំផុតបានបង្ហាញថា សូម្បីតែនៅក្នុងខែឧសភា ដែលជាពេលការនាំចេញបន្ទះសូឡារបស់ចិនទៅកាន់ពិភពលោកបានធ្លាក់ចុះ១៣% ដោយសារការលុបចោលការបង្វិលសងពន្ធក៏ដោយ ក៏ការនាំចេញមកកាន់ប្រទេសហ្វីលីពីន នៅតែកើនឡើងជិត១ភាគ៣ដដែល។ ជាមួយគ្នានេះក្រុមហ៊ុន ហ្វ៊ីលើកជី ជើមែន សូឡា (Philergy German Solar) ដែលជាក្រុមហ៊ុនដំឡើងផ្ទាំងសូឡាក្នុងទីក្រុងម៉ានីល បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ អតិថិជនបានទាក់ទងមកសាកសួរព័ត៌មានជុំវិញការដំឡើងសូឡាមានការកើនឡើងជាងទ្វេដងបើធៀបនឹងឆ្នាំ២០២៥៕