បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ

បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃស្អែក


ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងជួបពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃទី ៣១ ខែ មករា គឺស្អែកនេះតែម្ដង ដើម្បីស្វែងរកដំណោះស្រាយ ខណៈដែលបញ្ហានេះ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ក្រោយកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុរំពឹងថា រាជរដ្ឋាភិបាលនឹងកំណត់គោលនយោបាយជាក់លាក់មួយក្នុងការដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗខាងមុខ។
បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃស្អែក
ដោយ

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា មកទល់ពេលនេះការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងទទួលបន្ទុកលើបញ្ហានេះកំពុងធ្វើការលើរឿងនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗ គណៈកម្មការនេះរួមជាមួយភាគីពាក់ព័ន្ធបានជួបពិភាក្សាគ្នាលើបញ្ហានានា ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់កំណត់គោលនយោបាយ និងយន្តការក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តជាប់មាត់សមុទ្រមួយនេះ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ គណៈកម្មការអន្តរក្រសួងគ្រោងជួបពិភាក្សាគ្នាលើបញ្ហាកំណត់គោលនយោបាយ និងយន្តការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុម្តងទៀត នៅថ្ងៃទី៣១ ខែមករា នេះ។

តាមរយៈជំនួបលើកនេះឯកឧត្តម ឡុង ឌីម៉ង់ រំពឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងអាចកំណត់បានយន្តការជាក់លាក់មួយក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុប្រកបដោយគុណភាព ប្រសិទ្ធភាព និងផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិ និងភាគីពាក់ព័ន្ធ។ បើការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះកន្លងមក យន្តការដែលរាជរដ្ឋាភិបាលគ្រោងប្រើដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនេះគឺការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធដល់ម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍។

ពាក់ព័ន្ធអគារជាប់គាំងនៅខេត្តព្រះសីហនុនេះដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការជាប់គាំងការសាងសង់អគារនៅខេត្តព្រះសីហនុ គឺជាការវិនិយោគដែលគ្មានការសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ ទើបបន្សល់បញ្ហាដល់រាជរដ្ឋាភិបាល ត្រូវរកវិធីសាស្ត្រក្នុងការដោះស្រាយ។ សម្រាប់ឯកឧត្តម ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ មិនមែនត្រឹមតែជាបន្ទុករបស់ក្រុមហ៊ុនឯកជននោះទេ តែវាក៏ជាបន្ទុករបស់ប្រជាពលរដ្ឋទាំងមូល ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាដែលបានពីការបង់ពន្ធរបស់ពលរដ្ឋយកទៅដោះស្រាយបញ្ហានេះ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ក្រោយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាជាប់គាំងនេះរួចរាល់ហើយនោះ នៅក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ ខេត្តជាប់មាត់សមុទ្រមួយនេះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងជាទីក្រុងដ៏ទំនើបមួយរបស់កម្ពុជា ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការធ្វើពាណិជ្ជកម្មដូចជាផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ជាពិសេសរាជរដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលអនាគតដ៏ខ្លីខាងមុខ។

ស្រដៀងគ្នានេះលោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia យល់ឃើញថា ខេត្តព្រះសីហនុជាខេត្តមួយដែលមានសក្តានុពលខ្ពស់មិនត្រឹមតែលើវិស័យទេសចរណ៍នោះទេ ថែមទាំងជាតំបន់មួយដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ព្រោះខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងមានអំណោយផលខ្ពស់ពីធម្មជាតិ។ អ្នកជំនាញរូបនេះជឿជាក់ថា ខេត្តព្រះសីហនុនឹងក្លាយតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដ៏ទាក់ទាញមួយរបស់កម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា អគារជាប់គាំងនៅខេត្តព្រះសីហនុ បច្ចុប្បន្នមានក្នុងរង្វង់១ពាន់អគារ កំពុងក្លាយជារូបភាពអវិជ្ជមានក្នុងការទាក់ទាញការវិនិយោគ និងអាចធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ អគារជាប់គាំងទាំងនេះ ត្រូវបានអ្នកវិនិយោគ ពិសេសវិនិយោគិនចិន បានបោះបង់ចោលទាំងពាក់កណ្ដាលទី នៅក្រោយពេលរាជរដ្ឋាភិបាលមានការបិទអាជីវកម្មល្បែងអនឡាញ ហើយក្រោយមកក៏មានជួបបញ្ហាជាបន្ដបន្ទាប់ដូចជាការផ្ទុះរាលដាលកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនជាដើម៕




អត្ថបទបន្ទាប់


ឧត្តមសេនីយផ្កាយបួនរបស់សហរដ្ឋអាមេរិកព្រមានថា សង្គ្រាមជាមួយចិនអាចនឹងផ្ទុះឡើងនៅឆ្នាំ២០២៥

ឧត្តមសេនីយផ្កាបួននៃកងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងអនុស្សរណៈមួយថា តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកនឹងត្រូវធ្វើសង្គ្រាមជាមួយប្រទេសចិនក្នុងរ…

ប្រធានាធិបតីស្រីលង្កាផ្អាកសម័យប្រជុំសភារហូតដល់អាចបង្កើតគោលនយោបាយថ្មីសម្រាប់ដោះស្រាយវិបត្តិ

ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វ៉ីកក្រេម៉េស៉ីងហ្កេ (Ranil Wickremesinghe) កាលពីចុងសប្តាហ៍មុន បានសម្រេចផ្អាកសម័យប្រជុំសភារហូតដល់ថ្ងៃទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ