ការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់

មនុស្សយ៉ាងហោចណាស់ជិត ៥០០នាក់ហើយ ត្រូវបានបាត់បង់ជីវិតជុំវិញការវាយប្រហារគ្នាដ៏ខ្លាំងក្លា រវាងកងទ័ពអ៊ីស្រាអែល និងក្រុម Hamas


ជាព្រឹត្តិការណ៍មួយដ៏គួរឲ្យរន្ធត់ និងមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ដែលប្រទេសអ៊ីស្រាអែលបានរងនូវការវាយប្រហារដ៏អាក្រក់ពីខាងកម្លាំង Hamas កាលពីថ្ងៃសៅរ៍ទី ៩ ខែតុលា ដោយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ២៥០នាក់ របួសជាង១.៥០០នាក់ និងបានជម្លៀសមនុស្សរាប់សិបនាក់ផ្សេងទៀតចេញពីតំបន់គ្រោះថ្នាក់។
មនុស្សយ៉ាងហោចណាស់ជិត ៥០០នាក់ហើយ ត្រូវបានបាត់បង់ជីវិតជុំវិញការវាយប្រហារគ្នាដ៏ខ្លាំងក្លា រវាងកងទ័ពអ៊ីស្រាអែល និងក្រុម Hamas (រូបភាព៖ ស៊ិនហួរ)
ដោយ

ជាការសងសឹកវិញ ភ្លាមៗប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារតបតវិញយ៉ាងចាស់ដៃ ដោយបានសម្លាប់​ជីវិត​មនុស្ស​​យ៉ាងហោចណាស់ ២៣០នាក់ផងដែរ នៅតំបន់ហ្គាហ្សា ដែលជាតំបន់លាក់ខ្លួន​របស់ក្រុម Hamas ហើយការវាយប្រហារនេះ បានបន្ដដល់យប់ថ្ងៃទី ៩ខែតុលា។ នេះបើតាម​សេចក្ដីរាយការណ៍​ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ប្រកាសថា នឹងសងសឹកយ៉ាងខ្លាំងក្លា​បំបផុត​​ទៅលើ​ក្រុម Hamas ចំពោះការវាយប្រហារមកលើទីក្រុងអ៊ីស្រាអែលនាពេលនេះ។

លោក Netanyahu បាននិយាយថា «ក្រុមហាម៉ាសបានចាប់ផ្តើមសង្រ្គាមដ៏ឃោរឃៅ និងអាក្រក់បំផុត។ យើងនឹង​ឈ្នះសង្រ្គាមនេះ ប៉ុន្តែត្រូវមានការលះបង់នូវតម្លៃដ៏ធំធេងដែរ" ។ លោកបន្ថែមថា «ក្រុមហាម៉ាស់ចង់សម្លាប់​ពួកយើងទាំងអស់គ្នា។ ពួកគេទាំងនេះ គឺជាសត្រូវដែលសម្លាប់ម្តាយ និងកូនក្មេងដែលកំពុងតែដេក​នៅលើគ្រែ។ និងជាសត្រូវ ដែលចាប់ពង្រត់មនុស្សចាស់ កុមារ និងក្មេងស្រីជំទង់ជាដើម»។

រូបភាពពី ស៊ិនហួរ

ក្រោយមានការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មជ្ឈដ្ឋានពិភពលោក ក៏ដូចជាប្រទេសមហាអំណាចធំៗ​ក៏បាន​ចេញមកប្រតិកម្ម​ខ្លាំងផងដែរ។ តួយ៉ាង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្ល៊ីងខេន បាន​និយាយនៅ​ក្នុងសេចក្ដីថ្លែងការណ៍ថា «វាគ្មានហេតុផលអ្វីសម្រាប់​អំពើភេរវកម្មនោះទេ។ យើងឈរក្នុងសាមគ្គីភាព​ជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល ហើយសូមចូលរួមរំលែកទុក្ខ​ចំពោះពលរដ្ឋអ៊ីស្រាអែល ដែលបាត់បង់ជីវិត នៅក្នុង​ហេតុការណ៍នេះ។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែតុលា ក៏បាន​ប្រកាសនឹងផ្ដល់ឲ្យអ៊ីស្រាអែល​ គ្រប់មធ្យោបាយគាំទ្រទាំងអស់ ហើយបានព្រមានថា ភាគីណាមួយ​ដែលមានអរិយភាពជាមួយអ៊ីស្រាអែល កុំចង់ស្វែងរក​ផលប្រយោជន៍ពីហេតុការណ៍នេះឲ្យសោះ។

រូបភាព៖ ស៊ិនហួរ

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងសម្របសម្រួល​អំពីតម្រូវការយោធា​របស់អ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារនេះ ជាមួយនឹងការសម្រេចចិត្ត​ ដែលរំពឹងទុកថានឹងមាន​​ក្នុងពេលឆាប់ៗនេះ។

ដោយឡែក អង្គការសហប្រជាជាតិឯណោះវិញ បានលើកឡើងថា «នេះគឺជាមាត់ជ្រោះនៃគ្រោះថ្នាក់ ហើយ​ក៏បានអំពាវនាវដល់​គ្រប់ភាគីទាំងអស់​ឲ្យដកថយ​ចេញពីស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ។» នេះបើតាម​សម្ដីរបស់ ប្រសិតពិសេស​សន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិលោក Tor Wennesland។ ជាមួយគ្នានេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Tuerk មានប្រសាសន៍ថា៖ «ការវាយប្រហារនេះកំពុងមានផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចដល់ជនស៊ីវិលអ៊ីស្រាអែល... ជនស៊ីវិលមិនត្រូវ​ជាគោលដៅនៃការវាយប្រហារនោះទេ។»

រូបភាព៖ ស៊ិនហួរ

ក្រៅពីនេះ ក៏មានប្រទេសធំៗជាច្រើនទៀត ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា ជប៉ុន អារ៉ាប៊ីសាអូឌីត ក៏បានចេញសាររំលែកទុក្ខ ដោយក្នុងនោះប្រទេសខ្លះបានអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា និងខ្លះទៀត​ក៏បាន​បង្ហាញពីការគាំទ្រ​ចំពោះរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ។

ដោយឡែក ប្រធានាធិបតី​ប៉ាឡេស៊ី លោក Mahmoud Abbas វិញ បាន​ថ្លែងថា ជនជាតិ​ប៉ាឡេស៊ី មានសិទ្ធិក្នុងការ​ការពារខ្លួន​ ប្រឆាំង​នឹង​ពួកភេរវករ ដែលតាំងលំនៅ និងទាហាកាន់កាប់​នៅក្នុងតំបន់។ រីឯ ប្រទេសអ៊ីរ៉ង់វិញ​បានបញ្ជាក់ពីគោល​ជំហរ​របស់ខ្លួនថា នឹងឈរនៅក្បែរយុទ្ធជន​ប៉ាឡេស៊ីន រហូតដល់​មានការរំដោះប៉ាឡេស្ទីន និងក្រុងហេរុយសាឡឹម។

រូបភាព៖ ស៊ិនហួរ
រូបភាព៖ ស៊ិនហួរ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


AIESEC ត្រៀមរៀបចំពិព័រណ៍ធុរកិច្ចធំមួយ ជំរុញការអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់យុវជន

ព័ត៌មាន
AIESEC មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសនូវ ពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា "វេទិកាយុវជនទៅរកអាជីវកម្ម" ឬ Youth To…

នៅឆ្នាំនេះធនាគារជាតិនៃកម្ពុជា រំពឹងអាចភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៣

ព័ត៌មាន
អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា កត់សម្គាល់ឃើញថា ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ