កិច្ចសហប្រតិបត្តិការ

អ្នកឧកញ៉ា សៀ ឫទ្ធី ទទួលស្វាគមន៍វត្តមាន ប្រធានាធិបតីហ្វីលីពីន នៅក្នុងវេទិកាជួបជុំធុរកិច្ច


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងជា ស្ថាបនិកក្រុមហ៊ុន WorldBridge Group បានថ្លែងសុន្ទរកថា ទៅកាន់ក្រុមអ្នកដឹកនាំធុរកិច្ចដ៏ឆ្នើមរបស់ប្រទេស ហ្វីលីពីន និងប្រទេសកម្ពុជា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី រវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការ
ដោយ

នៅក្នុងសុន្ទរកថា អ្នកឧកញ៉ា សៀឫទ្ធី បានគូសបញ្ជាក់ពីកំណើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន WorldBridge Group ដែលបានចាប់ផ្តើមពីក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាំងពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នបានពង្រីកខ្លួនមាន ជាង ៣០ក្រុមហ៊ុន ដែលប្រតិបត្តិការលើវិស័យជាច្រើនរួមមានដូចជា ភស្តុភារកម្ម អចលនទ្រព្យ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ធនាគារ និងវិស័យជាច្រើនទៀត។ លោកបានសង្កត់ ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការចូលរួមយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចរបស់កម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាពរវាងហ្វីលីពីន-កម្ពុជា ដោយលើក ឡើងពីកិច្ចប្រជុំកម្រិតខ្ពស់ដែលបានរៀបចំឡើងនៅទីក្រុងម៉ានីលក្នុងខែកុម្ភៈ ដែលបានប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ចល្បី មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សារលើការសហការអាជីវកម្ម បាននាំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃ កិច្ចព្រមព្រៀង (MOA) នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយនឹងលោកស្រី Olivia Limpe-Aw ប្រធានក្រុមហ៊ុន Destileria Limtuaco & Co., Ltd. និងមានការចូលរួមជាសាក្សីដោយ លោកជំទាវ MA. Cristina A. Roque រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសហ្វីលីពីន។ កិច្ចព្រមព្រៀងនេះមាន គោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។

ដោយបង្ហាញពីការសាទរក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានសម្តែងការ ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកម៉ាកយីហោល្បីរបស់ហ្វីលីពីន Jollibee ចូលមកក្នុងទីផ្សារកម្ពុជាផងដែរ។ លោកបានគូសបញ្ជាក់ពីចំណង់ចំណូលចិត្តរបស់អតិថិជន ជាកត្តាសំខាន់ដែលនឹងធ្វើឱ្យការចូលមកដល់របស់ Jollibee ជាគម្រោងជោគជ័យមួយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងធុរកិច្ច និងវប្បធម៌រវាងប្រទេស ទាំងពីរ។

បន្ថែមពីលើនេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់លើការទូទាត់តាមប្រព័ន្ធឌីជីថល (e-payment) ដែលជាផ្នែក មួយដ៏សំខាន់ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងជំរុញកំណើនទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីន។ លោកបានមាន ប្រសាសន៍បន្តថា “ខ្ញុំមានទំនុកចិត្តថាយើងទាំងអស់គ្នា រួមគ្នា យើងអាចបង្កើតភាពជាដៃគូដ៏រុងរឿងសម្រាប់ប្រទេស និងអាជីវកម្មរបស់យើងទាំងពីរបាន”។

កិច្ចប្រជុំជាមួយប្រធានាធិបតីហ្វីលីពីននេះ បានគូសបញ្ជាក់ពីទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ដោយផ្តល់វេទិកាសម្រាប់ការពិភាក្សា និងការបណ្តាក់ទុនពាណិជ្ជកម្មថ្មីៗដែលនឹងផ្តល់ផល ប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងអាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ ការវិនិយោគ និងជួយជំរុញកំណើនសេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិ តេជោ កម្រិត 4F បានបើកឱ្យដំណើរការប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីបម្រើដល់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្…

មេដឹកនាំឥណ្ឌូនេស៊ី បញ្ចប់តំណែងរដ្ឋមន្រ្តី៥រូប ក្រោយផ្ទុះបាតុកម្មធ្វើឲ្យមានមនុស្សស្លាប់

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានបញ្ចប់មុខតំណែងរដ្ឋម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ