ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា យល់ឃើញថា ការឆ្លើយតបនូវសំណូមពររបស់វិស័យឯកជនក្នុងវិស័យដឹកជញ្ជូនពីសំណាក់រាជរដ្ឋាភិបាល ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ហាក់ទទួលបានលទ្ធផលផ្លែផ្កាតិចតួចប៉ុណ្ណោះ បើធៀបនឹងអ្វីដែលអ្នករកស៊ីក្នុងវិស័យនេះចង់បាន។ តែយ៉ាងណាអ្នកជំនួញរូបនេះទទួលស្គាល់ពីផលលំបាកមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចចិត្ត ដ្បិតបញ្ហាខ្លះត្រូវការរក្សាច្បាប់ទម្លាប់ និងគោលនយោបាយដែលមានស្រាប់។ យ៉ាងណាមិញអ្នកជំនាញរូបនេះ បានចាត់ទុកលទ្ធផលសម្របសម្រួលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣ វិច្ឆិកា គឺជាការចាប់ផ្តើម និងគតិមួយដ៏ល្អប្រសើរដែលមិនធ្លាប់មានពីមុនសម្រាប់វិស័យដឹកជញ្ជូន។ ក្នុងនោះលោកឧកញ៉ា ស៊ិន ចន្ធី បានបង្ហាញការគាំទ្រ និងពេញចិត្តពេញថ្លើមមែនទែនចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យគ្រប់អង្គភាពរដ្ឋមានស្តង់ដារ SOP (Standard of Processing) ការទុកចិត្តលើវិស័យឯកជន និងការឆ្លើយតបដោយរលូនជាមួយផ្នែកឯកជនជាដើម។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានចាត់ទុកលទ្ធផលនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ថា ជារឿងល្អសម្រាប់វិស័យឯកជន។ ជារឿងល្អក៏ដោយសារតែរដ្ឋាភិបាល បានខិតខំប្រឹងប្រែងបន្ធូរបន្ថយពន្ធដល់វិស័យឯកជន និងការដោះស្រាយក្ដីកង្វល់មួយចំនួន។ យ៉ាងណាក៏ដោយចំពោះសំណូមពរ ដែលពុំទាន់មានការឆ្លើយតប ត្រូវបានអ្នកជំនួញរូបនេះរំពឹងថា រដ្ឋាភិបាលនឹងបញ្ហា និងសំណូមពរទាំងនោះមកដោះស្រាយនៅពេលណាមួយនាពេលខាងមុខ។
សូមបញ្ជាក់ថា នៅក្នុងវេទិការដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមលើសំណូមពររបស់វិស័យដឹកជញ្ជូនក្នុងការដំឡើងកម្រិតទម្ងន់សរុបពី៤០តោន ទៅដល់៤៥តោន ដើម្បីកាត់បន្ថថ្លៃដឹកជញ្ជូន។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវ ដែលអាចប្រើប្រាស់បានសម្រាប់ការដំឡើងកម្រិតទម្ងន់នេះ។ ក្រៅពីបញ្ហានេះរាជរដ្ឋាភិបាល ក៏បានឯកភាពលើកលែងការយកកម្រៃសេវាមួយចំនួនទៀតផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងសំណើររបស់ផ្នែកឯកជនលើវិស័យដឹកជញ្ជូន ចំនួន២ផ្សេងទៀត ដែលស្នើសុំបញ្ចុះពន្ធ និងអាករលើរថយន្តដឹកជញ្ជូន ត្រូវបានរាជរដ្ឋាភិបាលអះអាងថា មិនទាន់អាចមានលទ្ធភាពបញ្ចុះបន្ថែមនាពេលនេះនោះឡើយ ដោយសារចំណូលពីពន្ធ និងអាករលើរថយន្ត គឺជាប្រភពចំណូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ក៏រាជរដ្ឋាភិបាលមិនទាន់អាចមានលទ្ធភាពផ្តល់ជូនបានដែរ ដោយសារអត្រាការប្រាក់ គឺអាស្រ័យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាវិស័យឯកជនជាអ្នកកំណត់៕