ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដ៏ល្បីល្បាញ BYD កំពុងអនុវត្តកម្មវិធីបញ្ចុះតម្លៃក្នុងស្រុកជាបណ្ដោះអាសន្នលើម៉ូដែលមួយចំនួនរហូតដល់១០ភាគរយ ចំពេលដែលមានការកើនឡើងការប្រកួតប្រជែងនៅតាមទីផ្សារសំខាន់ៗ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei កម្មវិធីបញ្ចុះតម្លៃរបស់ក្រុមហ៊ុននេះ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ វិច្ឆិកា ហើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំនេះ។
ក្រុមហ៊ុន BYD បានប្រកាសបញ្ចុះតម្លៃរថយន្តម៉ូដែល Frigate 07 plug-in hybrid ដល់ទៅ១ម៉ឺន៨ពាន់យ័ន ឫប្រមាណជា២,៤៦០ដុល្លារ ខណៈដែលរថយន្តស្ព័រ Song Plus ដ៏ពេញនិយមកំពុងតែអនុវត្តការបញ្ចុះតម្លៃ៥ពាន់យ័ន ឫប្រមាណជា៧០០ដុល្លារ។ ក្រុមហ៊ុន BYD បាននិយាយថា ខ្លួនកំពុងផ្តល់ការបញ្ចុះតម្លៃ ដើម្បីរំលឹកដល់ការលក់រថយន្តទី ១លានក្រោមស៊េរីម៉ូដែល Ocean របស់ខ្លួន។
ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារ លោក វ៉ាង ឈួនហ្វូ (Wang Chuanfu) ប្រធានក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ បាននិយាយកាលពីខែមីនា ថា ក្រុមហ៊ុនផលិតរថយន្តនេះមានគោលបំណងលក់រថយន្តយ៉ាងហោចណាស់៣លានគ្រឿងនៅឆ្នាំ២០២៣។
តាមស្ថិតិនៃការលក់នៅក្នុងខែតុលា ក្រុមហ៊ុននេះបានអះអាងថា ទំហំទីផ្សារបានកើនឡើងដល់ទៅ៣សែនគ្រឿងនៅទូទាំងពិភពលោក ដែលនាំឱ្យក្រុមហ៊ុននេះ អាចសម្រេចផែនការទីផ្សាររបស់ខ្លួននៅក្នុង រយៈពេល១០ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងដល់ជិត២លាន៤សែន គ្រឿង។
ក្រុមហ៊ុន BYD ទំនងជាមានបំណងបង្កើនការលក់បន្ថែមទៀតនៅក្នុងខែវិច្ឆិកា និងខែធ្នូ ដើម្បីបំពេញតាមគោលដៅពេញមួយឆ្នាំរបស់ខ្លួន។ ក្រៅពីក្រុមហ៊ុន BYD ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ក៏កំពុងបញ្ចុះតម្លៃក្នុងប្រទេសចិនផងដែរ។
ក្រុមហ៊ុន Great Wall Motor បានចាប់ផ្តើមកម្មវិធីលក់បញ្ចុះតម្លៃរថយន្តថ្មីនៅក្នុងប្រទេសចិនក្រោមម៉ាកយីហោ Ora EV របស់ខ្លួននៅចុងខែតុលា ចំនួនដល់ទៅ៣ម៉ឺនយ័ន ឫប្រមាណជា ៤ពាន់ដុល្លាររហូតដល់ចុងខែវិច្ឆិកានេះ។ ក្រៅពីនេះ ក្រុមហ៊ុន Geely Holding Group ក៏កំពុងបញ្ចុះតម្លៃរថយន្តអគ្គីសនី ប្រណីតម៉ូដែល Zeekr 001 ប្រហែល១០ភាគរយដែរ ដោយកម្មវិធីនេះអនុវត្តរហូតដល់ចុងខែធ្នូ។
នៅលើទីផ្សារពិភពលោកឯណោះវិញ ក្រុមហ៊ុនផលិតរថយន្ត BYD កំពុងតែដណ្តើមភាពនាំមុខគេ ដោយនៅក្នុងអំឡុងពីខែកក្កដា ដល់ខែកញ្ញា ក្រុមហ៊ុននេះអាចមានសមត្ថភាពលក់រថយន្តអគ្គីសនីសរុបដល់ទៅជាង៨សែនគ្រឿង ពោលគឺនៅក្រោមក្រុមហ៊ុន នីសាន់ តែបន្តិចប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ