ក្នុងនោះ មិនត្រឹមតែហាងកាហ្វេម៉ាកបរទេស (Franchise) ហូរចូលមកច្រើននោះទេ សូម្បីតែហាងកាហ្វេក្នុងស្រុក ក៏ខិតខំបង្កើតឡើងច្រើនណាស់ដែរ តែក៏មានខ្លះត្រូវបិទទ្វារទាំងមិនទាន់បើកបាន១ឆ្នាំស្រួលបួលផង។
ទោះយ៉ាងណា របរចាក់ទឹកយកលុយនេះមិនមែនសុទ្ធតែដាក់ចុះដុះឡើងតាមដៃដោយងាយៗនោះឡើយ ប៉ុន្ដែ វាទាមទារឲ្យសហគ្រិនមានយុទ្ធសាស្ត្រជាក់លាក់នៅក្នុងការប្រតិបត្តិអាជីវកម្ម។
ខេមបូណូមីស សូមពាំនាំនូវយុទ្ធសាស្ត្រមួយចំនួនពីលោក ចាង ប៊ុនលាង សហស្ថាបនិក និងជានាយកប្រតិបត្តិហាងកាហ្វេប្រោន (Brown Coffee) ដើម្បីជួយឲ្យលោកអ្នកអាចបើកហាងកាហ្វេបានជោគជ័យ។
លោក ចាង ប៊ុនលាង បានលើកឡើងថា បច្ចុប្បន្ន ទីផ្សារហាងកាហ្វេហាក់មានការកើនឡើង និងមានការប្រកួតប្រជែងខ្លាំង ប៉ុន្ដែ លោកថា នៅតែមានឱកាសសម្រាប់អ្នកដែលបើកហាងកាហ្វេថ្មីៗបន្ថែមទៀត ដ្បិតថាចំនួនហាងកាហ្វេកើនច្រើនក្ដី ប៉ុន្ដែ អតិថិជន ជាពិសេសយុវវ័យដែលនិយមទទួលទានកាហ្វេក៏នៅតែបន្តកើនឡើងដែរ។
ប៉ុន្ដែ ដើម្បីអាចជោគជ័យលើឧស្សាហកម្មកាហ្វេនេះវាអាស្រ័យលើការវៃឆ្លាតរបស់ម្ចាស់អាជីវកម្មក្នុងការប្រតិបត្តិអាជីវកម្មនេះ។
លោកបន្តថា សម្រាប់បច្ចុប្បន្ន ប្រសិនបើលោកអ្នកចង់បើកហាងកាហ្វេមួយបានសមរម្យ និងស្របតាមនិន្នាការនៃតម្រូវការអតិថិជនបច្ចុប្បន្ន យ៉ាងហោចណាស់ក៏ទាមទារឲ្យមានដើមទុនប្រមាណ ១០ម៉ឺនដុល្លារដែរ។
តើត្រូវគិតពិចារណាលើកត្តាអ្វីខ្លះ សម្រាប់ការបើកហាងកាហ្វេ?
យ៉ាងណាមិញ ទាក់ទងនឹងវិធីសាស្ត្រក្នុងការប្រតិបត្តិហាងកាហ្វេឲ្យបានល្អ លោក ប៊ុនលាង បានបញ្ជាក់ឲ្យដឹងថា មានចំណុចមួយចំនួនដែលលោកអ្នកគួរសិក្សាឲ្យបានល្អិតល្អន់ រួមមានដូចជា៖
១) ត្រូវរើសទីតាំងឲ្យបានត្រូវ
ជាទីតាំងដែលស្ថិតនៅក្នុងតំបន់ដែលអតិថិជនគោលដៅស្ថិតនៅ ងាយក្នុងការធ្វើដំណើរទៅមក និងអាចចតយានយន្ដបានងាយស្រួល។ យ៉ាងណាក៏ដោយ មុននឹងអ្នកសម្រេចចិត្តបើកហាងកាហ្វេ អ្នកគួរដឹងពីប្រភេទអតិថិជនគោលដៅជាមុនសិន ទើបការរើសទីតាំងមិនខុស។
២) គុណភាពនិងសេវាកម្មត្រូវតែល្អ
រសជាតិកាហ្វេឆ្ងាញ់ និងសេវាកម្មល្អ លឿនរហ័ស គឺជាចំណុចសំខាន់មួយ ហើយក៏ជាអ្វីដែលលោកអ្នកត្រូវគិតគូររក្សាឲ្យបានជាប់ជានិច្ចផងដែរ។ បន្ថែមពីនេះ លោកអ្នកគួរតែបង្កើតនូវមុខម្ហូបបន្ថែមផ្សេងទៀតពីលើការលក់កាហ្វេ ដូចជា នំ ឬអាហារសម្រន់ផ្សេងទៀត ដើម្បីបន្ថែមជម្រើសកាន់តែប្រសើរសម្រាប់អតិថិជន។
៣) សោភ័ណភាព
អាហារឆ្ងាញ់តែបរិយាកាសមិនល្អ ក៏មិនអាចឲ្យអតិថិជនលង់នឹងអាជីវកម្មអ្នកបានឡើយ ដូច្នេះ ការរចនាហាង (ដេគ័រ) ឲ្យមានភាពទាក់ទាញ គឺជាគ្រឿងផ្សំបន្ថែមដ៏ពិសេសមួយសម្រាប់អាជីវកម្មកាហ្វេ ព្រោះអ្នកទទួលទានកាហ្វេមួយចំនួនចូលចិត្តចំណាយពេលជជែកគ្នា ឬធ្វើការងារនៅក្នុងហាងកាហ្វេ ដែលវាបានធ្វើឲ្យហាងកាហ្វេមិនត្រឹមតែជាកន្លែងទទួលទានកាហ្វេប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់ជួបជុំផងដែរ។
៤) បង្កើតនូវគុណតម្លៃស្នូលសម្រាប់អាជីវកម្ម
នៅក្នុងការប្រតិបត្តិអាជីវកម្ម គុណតម្លៃស្នូល (Core Value) គឺជាត្រីវិស័យមួយសម្រាប់អាជីវកម្មនិងក្រុមការងារដើម្បីឈានទៅសម្រេចគោលដៅជោគជ័យរួម។ ក្នុងការកំណត់គោលដៅនេះ ម្ចាស់អាជីវកម្មត្រូវគិតគូរទៅលើទិសដៅជំរុញឲ្យបុគ្គលិកមានការអនុវត្តការងារជាក្រុមបានល្អ ពង្រីកចំណេះដឹងបន្ថែមទៅដល់ក្រុមការងារ និងរៀនសូត្រពីកំហុសទាំងឡាយដែលកើតមាន។
ពិសេសជាងនេះទៀត ត្រូវពង្រឹងនិងពង្រីកបន្ថែមនូវធនធានមនុស្សសំខាន់ៗ ដើម្បីត្រៀមខ្លួនក្នុងការពង្រីកវិសាលភាពលើទីផ្សារ ពោលគឺការពង្រីកសាខាបន្ថែមឲ្យបានកាន់តែច្រើន។
បើយើងក្រលេកទៅមើលទីផ្សារជាក់ស្ដែង ហាងកាហ្វេម៉ាកបរទេសគ្រាក់ៗ បានហូរចូលមកទីផ្សារកម្ពុជាមិនតិចនោះទេ រួមមានដូចជា Starbucks, Costa, Gloria Jeans, Coffee Bean & Tea Leaf, Amazon, Coffee Today …។ល។
ប៉ុន្ដែ អ្វីដែលជាការកត់សម្គាល់ និងជាមោទនភាពនោះ គឺម៉ាកយីហោហាងកាហ្វេរបស់ខ្មែរ ប្រោនកាហ្វេ (Brown Coffee) នៅតែបន្តសក្ដានុពលរបស់ខ្លួនកាន់តែប្រសើរ ទោះបីជាសម្ពាធនៃការហូរចូលពីម៉ាកបរទេសនៅតែបន្តកើតមានក៏ដោយ ខណៈដែលហាងកាហ្វេក្នុងស្រុកមួយនេះមានសាខា១៣កន្លែងនៅភ្នំពេញ និង១សាខាទៀត នៅខេត្តសៀមរាប៕