កិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់

កិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់ធ្លាក់ក្នុងភាពមិនច្បាស់លាស់ ក្រោយការចរចានុយក្លេអ៊ែនៅស្វីស ត្រូវបានផ្អាក


ពន្លឺសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាហាក់ស្រអាប់ទៅវិញ ខណៈអនុប្រធានាធិបតីអាម៉េរិកលោក ជេឌី វេន (JD Vance) បានពន្យារពេលដំណើរទៅកាន់ប្រទេសស្វីស សម្រាប់ការចរចានុយក្លេអ៊ែជុំថ្មីជាមួយអ៊ីរ៉ង់។ ភាពស្រអាប់នេះបានកើតឡើងនៅប៉ុន្មានថ្ងៃក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដើម្បីផ្អាកសង្គ្រាម។ ទោះជាយ៉ាងណា ស្ថានការណ៍នៅលើសមរភូមិជាក់ស្តែងនៅតែមិនទាន់ស្ងប់ស្ងាត់ឡើយ ដោយអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធាយ៉ាងក្តៅគគុក ដើម្បីតាមកម្ចាត់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
កិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់
ដោយ

ជាមួយគ្នានេះមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ក៏បានចេញមុខព្រមានទុកជាមុនដែរថា កិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែខាងមុខនេះ នឹងមិនងាយស្រួលនោះឡើយ ហើយទីក្រុងតេអេរ៉ង់ នឹងមិនចុះញ៉មចំពោះការទាមទារ ដែលខ្លួនចាត់ទុកថាហួសហេតុពីសំណាក់អាម៉េរិកជាដាច់ខាត។ កត្តានេះបានបង្កឱ្យមានការចោទជាសំណួរថា តើកិច្ចព្រមព្រៀងបណ្តោះអាសន្ននេះអាចនឹងរលាយបាត់ទៅវិញ ឬអាចឈានទៅរកសន្តិភាពពិតប្រាកដយូរអង្វែង?

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃទី១៩ ខែមិថុនា នេះ ថា ការពន្យារពេលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិកលោក JD Vance ទៅកាន់ប្រទេសស្វីសត្រូវបានសេតវិមានពន្យល់ថា បណ្តាលមកពីបញ្ហាភ័ស្តុភារ និងការរៀបចំលក្ខខណ្ឌបច្ចេកទេសសម្រាប់ការចរចា ខណៈដែលធាតុពិត ភាពតានតឹង និងការមិនទុកចិត្តគ្នានៅមជ្ឈិមបូព៌ានៅតែបន្តអង្រួនកិច្ចព្រមព្រៀងនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា អ៊ីរ៉ង់ត្រូវតែបង្ហាញសកម្មភាពអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងទទួលបានការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចបន្ថែមពីអាម៉េរិក បន្ទាប់ពីបានដកបិទខ្ទប់ផ្លូវទឹកចេញចូលកំពង់ផែរបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណាកិច្ចព្រមព្រៀងសន្តិភាពទើបពន្លកនេះ កំពុងរងការរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃនៅទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកនយោបាយ និងសមាជិកសភាអាម៉េរិកដែលប្រឆាំង បានចោទប្រកាន់ថា រដ្ឋបាលលោក ត្រាំ កំពុងផ្តល់សម្បទានច្រើនជ្រុលទៅឱ្យអ៊ីរ៉ង់ ដើម្បីគ្រាន់តែដូរយកបទឈប់បាញ់បណ្តោះអាសន្ន។ សម្បទានទាំងនោះរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងផែនការបង្កើតមូលនិធិ៣០០ពាន់លានដុល្លារសម្រាប់ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញ។

ជាមួយគ្នានេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា ម៉ូចាបា ខាមេណី (Ayatollah Mojtaba Khamenei) បានចេញមកអះអាងថា អ៊ីរ៉ង់មិនមែនជាអ្នកសុំអង្វរសន្តិភាពនោះទេ ហើយនឹងមិនទទួលយកលក្ខខណ្ឌគាបសង្កត់ណាមួយឡើយ។ ផ្ទុយទៅវិញរដ្ឋបាលលោក ត្រាំ បានព្យាយាមសម្រាលសភាពការណ៍ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានយល់ព្រមរួចហើយក្នុងការអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែលាក់កំបាំង និងសហការគ្រប់គ្រងស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ក្រោមខ្សែភ្នែករបស់អន្តរជាតិ។

ទន្ទឹមនឹងភាពមិនច្បាស់លាស់ផ្នែកនយោបាយ សកម្មភាពដឹកជញ្ជូនថាមពលពិភពលោកចាប់ផ្តើមមានដង្ហើមរស់ឡើងវិញគួរឱ្យកត់សម្គាល់ដោយមានប្រេងឆៅជាង១២លានបារ៉ែលបានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនធំៗបានសម្រេចចិត្តវិលត្រលប់មកប្រើប្រាស់ផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ។

ទោះបីជាបទឈប់បាញ់នៅលើដីគោក និងផ្លូវទឹកនៅតែមានសុពលភាពជាធរមានក៏ដោយ ប៉ុន្តែសញ្ញានៃការពន្យារពេលកិច្ចចរចាកំពូលនៅប្រទេសស្វីសបានបង្ហាញយ៉ាងច្បាស់ថា ផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពស្ថាពររវាងអាម៉េរិក និងអ៊ីរ៉ង់នៅតែពោរពេញដោយមីនយុទ្ធសាស្ត្រ និងភាពប្រែប្រួលដែលមិនអាចទាយទុកមុនបានឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិនិយោគិនក្នុងស្រុកប្តេជ្ញាកសាងកេរ្តិ៍ឈ្មោះកាហ្វេក្នុងដែនដីមណ្ឌលគិរី «មិនយកគ្រាប់កាហ្វេបរទេស មកបន្លំធ្វើជាកាហ្វេខ្មែរឡើយ»

គីរីកាហ្វេ (Kiri Coffee) ជាក្រុមហ៊ុនប្រេនកាហ្វេរបស់កូនខ្មែរ នាដើមឆ្នាំ២០២៦នេះ ទើបចំណាយទុនជិត ១លានដុល្លារ ប្រមូលទិញគ្រាប់កាហ្វេពីប្រជាកស…

ធនាគារ ហត្ថា បរិច្ចាគកុំព្យូទ័រ ដល់វិទ្យាល័យចំនួន ០៥ នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងក្រុមការងារបាននាំយកកុំព្យូទ័រចំនួន១០០គ្រឿង បរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ