ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកកែវទឹកជំនួសឲ្យកែវស្រា អបអរសាទរចំពោះកិច្ចព្រៀមព្រៀងទ្វេភាគី ជាមួយឯកអគ្គរដ្ឋទូតសហភាពអារ៉ាប់អេមីរ៉ាត ឯកឧត្តម សាយអ៊ីហ្វ អាលសាមស៊ី និងសន្យាជំរុញនិងការពារការវិនិយោគទៅវិញទៅមក រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើង។
ការលើកកែវទឹកជំនួសឲ្យកែវស្រានេះ ដោយសារតែមិត្តបរទេសមួយនេះបានបដិសេធមិនទទួលកែវស្រា ដែលលើកជូននោះឡើយ តែបែរស្នើសុំកែវទឹកជំនួសវិញ ដែលគេសន្និដ្ឋានថា អាចដោយសារតែការប្រកាន់ខ្ជាប់នូវវប្បធម៌ ឬសាសនារបស់ខ្លួន ពោលគឺមិនទទួលទានជាតិស្រវឹងនោះឡើយ។
ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា ត្បិតថា វិនិយោគិនអារ៉ាប់មិនទាន់មានចូលមកទីផ្សារកម្ពុជាច្រើននៅឡើយក្ដី ប៉ុន្ដែ តាមរយៈកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ទំនុកចិត្តកាន់តែខ្លាំងសម្រាប់វិនិយោគិននៃសហភាពអារ៉ាប់អេមីរ៉ាត ឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើង។
ឯកឧត្តមបន្តថា ការចុះកិច្ចព្រមព្រៀងនេះ គឺដូចជាចុះកិច្ចសន្យាដូច្នេះដែរ ដែលក្នុងនោះ គឺសំដៅសំខាន់គាំពារលើការវិនិយោគសម្រាប់វិនិយោគិន ពោលគឺ ប្រសិនបើវិនិយោគិនជួបនឹងផលប៉ះពាល់ដែលមិនសមស្របណាមួយនោះ រដ្ឋាភិបាលត្រូវតែមានការគិតគូរនិងប៉ះប៉ូវលើបញ្ហាដែលកើតមាននោះ។
ឯកឧត្តមបន្ថែមទៀតថា មកទល់ពេលនេះ ក្រៅពីក្រុមហ៊ុនអាសចរណ៍អេមីរ៉ាត ដែលបានហោះហើរមកកម្ពុជាកាលពីពេលថ្មីៗនេះ នៅមិនទាន់មានក្រុមហ៊ុនអារ៉ាប់ផ្សេងទៀត មកវិនិយោគនៅឡើយទេ ប៉ុន្ដែ លោកថា ក៏មានក្រុមហ៊ុនពីប្រទេសនេះមួយចំនួន បាននិងកំពុងសិក្សាទីផ្សារនៅកម្ពុជាផងដែរ តួយ៉ាង ក្រុមហ៊ុនវិនិយោគលើការផលិតប្រេងកាតពីអារ៉ាប់មួយ កំពុងចាប់អារម្មណ៍ទីផ្សារកម្ពុជាយ៉ាងខ្លាំង ដែលនេះជាសញ្ញាណល្អសម្រាប់បរិយាកាសវិនិយោគរបស់កម្ពុជា។
សូមបញ្ជាក់ថា គិតសរុបមកទល់ពេលនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមកនេះ មានចំនួន ២៨លើកមកហើយ ដោយកិច្ចព្រមព្រៀងនេះ គេមើលឃើញថា គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើង៕