លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអះអាងថា ការហូរចូលទំនិញតម្លៃថោកៗពីបរទេសកំពុងបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់អាជីវកម្មក្នុងស្រុក ដ្បិតថាទំនិញនាំចូលទាំងនោះមានតម្លៃទាបជាងផលិតផលក្នុងស្រុក។
បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការណ៍ដែលផលិតផលនាំចូលមានតម្លៃទាបជាងផលិតក្នុងស្រុក គឺដោយសារសហគ្រាសផលិតផលិតផលនៅក្រៅប្រទេសទាំងនោះបានទម្លាក់គុណភាព ដែលធ្វើឱ្យការចំណាយលើថ្លៃដើមផលិតទាប និងអាចលក់ក្នុងតម្លៃមួយទាបខុសពីធម្មតា។
ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលគួរពិចារណាឡើងវិញ លើការទប់ស្កាត់ការហូរចូលទំនិញមានតម្លៃថោកៗទាំងនោះ តាមរយៈដំឡើងពន្ធលើទំនិញដែលគ្មានក្នុងបញ្ជីកិច្ចព្រមព្រៀង ក៏ដូចជាពង្រឹងការត្រួតពិនិត្យលើគុណភាពរបស់ផលិតផលទាំងនោះ។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការកាត់បន្ថយ ឬទប់ស្កាត់ការហូរចូលទំនិញមានតម្លៃថោកៗមិនត្រឹមតែជួយលើកកម្ពស់អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងជួយបង្កើនចំណូលថវិកាជាតិ ផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា យល់ឃើញថា កម្ពុជាទំនងជាមិនអាចដំឡើងពន្ធលើទំនិញនាំចូលពីបរទេសគ្រប់ប្រភេទបាននោះទេ ដោយសារតែកម្ពុជា បានចូលក្នុងសមាហរណកម្មអាស៊ាន ដោយទំនិញអាចចេញចូលប្រទេសជាសមាជិកដោយពុំមានរបាំងពន្ធ។
តែយ៉ាងណាប្រធានសម័្ពន្ធសមាគម SME រូបនេះកត់សម្គាល់ឃើញថា ការនាំចូលទំនិញពីបរទេសមកកាន់ទីផ្សារកម្ពុជា ហាក់មានភាពងាយស្រួលជាងកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រោះបណ្តាប្រទេសទាំងនោះមានការរឹតបន្តឹងខ្លាំងលើការត្រួតពិនិត្យស្តង់ដាគុណភាពផលិតផល។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ស្នើឱ្យមន្រ្តីជំនាញពាក់ព័ន្ធបង្កើនការត្រួតពិនិត្យ និងដាក់កម្រិតស្តង់ដាឱ្យបានខ្ពស់លើទំនិញនាំចូល ដើម្បីបង្ការផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងជួយដល់សហគ្រាសនានា នៅកម្ពុជា។
ស្រដៀងគ្នានេះដែរ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា នៅក្នុងសមាហរណកម្មអាស៊ាន លំហូរទំនិញនៃបណ្ដាប្រទេសក្នុងតំបន់អាចចេញចូលដោយសេរី។ ក្រៅពីតំបន់អាស៊ាន កម្ពុជាក៏មានកិច្ចព្រមព្រៀង RCEP ផងដែរ ដែលកិច្ចព្រមព្រៀងនេះ អាចធ្វើឱ្យទំនិញនៃបណ្ដាប្រទេសជាដៃគូ ដូចជាចិន ជាដើម អាចនាំចេញ និងចូលទៅវិញទៅមក។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កម្ពុជាមិនអាចអនុវត្តនូវយុទ្ធការបែបគាំពារនិយមបានទេ ប៉ុន្តែមានតែការជំរុញលើកទឹកចិត្ត និងលទ្ធភាពនៃការប្រគួតប្រជែង ព្រមទាំងការប្រើប្រាស់នូវយន្តការត្រួតពិនិត្យលើគុណភាពតាមស្តង់ដា និងរង្វាស់រង្វាល់លើផលិតផលនាំចូល។
បើយោងតាមរបាយការណ៍ថ្នាក់ជាតិ ស្ដីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ បានឱ្យដឹងថា កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង៧៥ម៉ឺន៣ពាន់មូលដ្ឋាន ដែលមានកម្លាំងពលកម្មសរុបជាង២លាន៩សែននាក់ និងបានចូលរួមនៅក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ៦៣%៕
អត្ថបទ៖ បូ ដូឡា