បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ បានឲ្យដឹងថាកសិផលចម្បងៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ មានដូចជាអង្ករ មានបរិមាណ ៦២ ម៉ឺនតោន។ ក្នុងនោះ នាំចេញទៅប្រទេសចិនមានចំណែកទីផ្សារច្រើនជាងគេប្រមាណ ៤០,៧៣% នៃបរិមាណអង្ករនាំចេញសរុប អឺរ៉ុប មាន ៣២,០១%,អាស៊ាន ១៣,៤១% និងទិសដៅដទៃទៀត មាន១៣,៨៤%។
ក្រៅពីអង្ករគឺមានការនាំចេញចំណិតដំឡុងមីក្រៀមជាង១,៦ លានតោន នាំទៅប្រទេសថៃ និងវៀតណាម ខណៈដំឡូងមីស្រស់ក៏មានបរិមាណប្រហាក់ប្រហែលគ្នានេះដែរ។ រីឯម្សៅដំឡូងមីវិញ បាននាំចេញក្នុងបរិមាណប្រមាណ ៥,៧ម៉ឺនតោន។
គ្រាប់ស្វាយចន្ទី បាននាំចេញក្នុងបរិមាណ ជាង២០ម៉ឺនតោន, គ្រាប់ពោតប្រមាណ ១២ម៉ឺនតោន, សណ្ដែកសៀងជាង ៥,៧ ម៉ឺនតោន, ចេក មានជាង ១៥,៧ ម៉ឺនតោន, ផ្លែស្វាយជាង ៥,៨ ម៉ឺនតោន និងម្រេចមានប្រមាណ៣,៧ពាន់តោន។
ជាមួយគ្នានេះដែរ បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍បានឲ្យដឹងដែរថា កម្ពុជាបាននាំចេញស្រូវក្រៅផ្លូវវការទៅកាន់ប្រទេសវៀតណាមជាង ២,១ លានតោន។
យ៉ាងណាក៏ដោយចុះ នៅឆ្នាំនេះ តម្លៃកសិកផល ពិសេសស្រូវហាក់មិនសូវជាទទួលបានទីផ្សារល្អប៉ុន្មានទេ ដោយសារតែតម្លៃមានការថយចុះជាងឆ្នាំមុន ខណៈដែលកសិករបានអះអាងថា ទិន្នផលក៏មានការធ្លាក់ចុះដែរ ដោយសារតែគ្រោះរាំងស្ងួត។
ទោះជាយ៉ាងនេះក្ដី សម្រាប់ទីផ្សារផ្លែស្វាយនៅឆ្នាំនេះ ត្រូវបានប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺបានអះអាងថា បានកើនឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ ដែលបានធ្វើឲ្យកសិករដាំដុះស្វាយមានក្ដីសង្ឃឹមឡើងវិញ។ ទោះយ៉ាងណា ទិន្នផលស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះ បានធ្លាក់ចុះច្រើន រហូតដល់ទៅ ជាង៩០%ឯណោះ ដោយសារតែបញ្ហាធម្មជាតិ និងការបំផ្លាញដោយសត្វល្អិតចង្រៃ។
ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺចាប់ពីឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងត្បូង បានអនុញ្ញាតឲ្យកម្ពុជានាំចូលស្វាយទៅកូរ៉េបានហើយ បន្ទាប់ពីមានការត្រួតពិនិត្យលើគុណភាព និងស្ដង់ដារអនាម័យ។ គេរំពឹងថា ទីផ្សារផ្លែស្វាយនៅឆ្នាំ ២០២០ អាចនឹងមានតម្រូវការខ្ពស់ នៅពេលដែលអាចធ្វើការនាំចេញទៅកូរ៉េបាន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា និងភាគីចិន ក៏កំពុងសិក្សាដើម្បីស្វែងរកការចុះកិច្ចព្រមព្រៀងនាំចេញស្វាយពីកម្ពុជាទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២០នេះផងដែរ។ បើតាមស្ថានទូតចិននៅកម្ពុជា ធ្លាប់បានអះអាងថា កម្ពុជាមានសមត្ថភាពអាចផ្គត់ផ្គង់ផ្លែស្វាយទៅកាន់ទីផ្សារចិន បានរហូតដល់កន្លះលានតោនឯណោះនៅក្នុងមួយឆ្នាំ៕