កសិកម្មកម្ពុជា

ទំនុកចិត្តលើសង្វាក់ផលិតកម្មកសិកម្ម នឹងជួយឲ្យកសិករមានក្ដីសង្ឃឹមកាន់តែខ្ពស់


វិស័យកសិកម្មនៅកម្ពុជា ត្រូវបានអ្នកជំនាញជាច្រើនធ្លាប់បានលើកឡើងថា ជាវិស័យមួយ ដែលមានភាពស្មុគស្មាញជាងគេ ក្នុងការអភិវឌ្ឍប្រកបទៅរកចីរភាព ខណៈដែលគិតត្រឹម៥ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅកម្ពុជា នៅរក្សាបានកំណើនត្រឹមតែ ១% ប៉ុណ្ណោះក្នុងមួយឆ្នាំ នេះបើតាមតួលេខពីក្រសួងសេដ្ឋកិច្ច។ ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យកសិកម្ម និងហិរញ្ញវត្ថុ បានអះអាងថា ការជួយកសាងនូវទំនុកចិត្ត លើសង្វាក់ផលិតកម្មសម្រាប់កសិករ នឹងជួយឲ្យពួកគាត់អាចប្រកបរបរដាំដុះកសិកម្មទទួលបានជោគជ័យ។
កសិករ​នៅ​ពោធិ៍សាត់​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ការ​ស្ទូង​ដោយ​ម៉ាស៊ីន ដោយ​ក្រុមហ៊ុន អេហ្រ្គីបាឌី ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កសិកម្ម។

ទំនុកចិត្ត​លើសង្វាក់​ផលិតកម្ម​កសិកម្ម​នេះ គឺផ្ដោត​​លើការជួយ​គាំទ្រ​​ដល់​កសិករ តាំងពី​ដំណាក់​កាល ផ្តល់​ទុន ដាំដំណាំ ថែទាំ ប្រមូល​កសិផល កែច្នៃ​កសិផល ការនាំចេញ និងលក់​ទៅឲ្យអ្នក​ប្រើប្រាស់​ក្នុង​ស្រុក។

លោក គា បូរាណ នាយក​ប្រតិបត្តិ គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ អេអឹមខេ ដែលបាន​ធ្វើការងារ​យ៉ាង​ជិត​ស្និទជា​មួយ​កសិករ ទាក់ទង​នឹងការ​ផ្ដល់កម្ចី​ដើម​ទុន​ហិរញ្ញវត្ថុ​​នោះ បានលើក​ឡើងថា តាមការកត់​សម្គាល់​​ បញ្ហាសំខាន់​ធំៗ ដែល​កសិករ​ទាមទារ​ចង់ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ គឺការ​កាត់​បន្ថយ​ថ្លៃដើម​ផលិត និងការស្វែង​រក​ទីផ្សារ។

ដោយមើល​ឃើញ​ពីតម្រូវ​ការនេះ គ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ​​អេអឹមខេ បាន​សហការ​​ជាមួយ​នឹង​​ក្រុមហ៊ុន Agribuddy Cambodia និង Forte Insurance ដើម្បី​​ផ្ដល់ទុន ដោយមាន​ការធានា​រ៉ាប់រង​លើការ​ដាំដុះ​កសិកម្ម (Crop Insurance) ដែល​វាជាផ្នែក​មួយជួយ​ឲ្យកសិករ​​កាន់តែ​មាន​ទំនុកចិត្ត ទោះបី​ជា​ពេល​ខ្លះ ពួកគាត់​​ត្រូវ​រងផល​ប៉ះពាល់​​ដោយបញ្ហា​អាកាសធាតុ​​ក៏ដោយ។ 

លោក គា បូរាណ បានលើក​ឡើង​យ៉ាងដូច្នេះថា «តាមរយៈកិច្ច​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Agribuddy និង​​ក្រុមហ៊ុន​​ធានារ៉ាប់រង​មួយទៀត (Forte Insurance) យើង​បានសាកល្បង​ផ្ដល់សេវា​កម្មធានា​រ៉ាប់រង​កសិកម្ម ឬហៅថា Crop Insurance ហ្នឹង ហើយ​ឆ្នាំនេះ យើងបាន​សាកល្បង​​ជិត១០០ គ្រួសារ ដែល​ស្មើនឹង​ប្រមាណ ១៥០ហិកតា​នៃ​ផ្ទះដី។ អ៊ីចឹង​ជាសាកល្បង​របស់យើង​ហ្នឹង បើសិន​ជា​កសិករ​មាន​ជួបបញ្ហា​ភ្លៀង​ច្រើនពេក ឬអត់ភ្លៀង ឬគ្រោះ​ទឹកជំនន់​អី (ប៉ះពាល់​ដល់​ផល​ដំណាំ) ពួកគាត់​នឹងអាច​ទទួល​បាន​តម្លៃ​សង​ត្រឡប់​ពីខាង​ធានា​រ៉ាប់រង​មកវិញ»។

ដោយឡែក លោក បូរាណ បានគូស​​បញ្ជាក់​ទៀតថា សម្រាប់កិច្ច​សហការ​ជាមួយ ក្រុមហ៊ុន Agribuddy Cambodia ជិត២ឆ្នាំ​កន្លង​មកនេះ AMK បានផ្ដល់​កម្ចី ដល់កសិករ​​ដែលជា​សមាជិក​របស់ Agribuddy Cambodia ប្រមាណ ១ពាន់​​គ្រួសារ ដែលមាន​តម្លៃជាទឹក​ប្រាក់​ប្រមាណ ១លានដុល្លារ​អាមេរិក។ លោកបន្ថែមថា ឆ្លងតាម​រយៈបទ​ពិសោធន៍​ជោគជ័យ​នេះ អេអឹមខេ សង្ឃឹមថា នឹងអាច​​បង្កើន​ប្រាក់កម្ចី​​ដល់កសិករ​​កាន់តែ​ច្រើន​បន្ថែម​ទៀត នៅឆ្នាំ​ខាងមុខៗ​នេះ។ 

លោក គា បូរាណ នាយកប្រតិបត្តិ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេអឹមខេ

លោក យ៉ង់ ប៉ាក់ នាយក​ក្រុមហ៊ុន Agribuddy ប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើងថា ក្រុមហ៊ុនAgribuddy គឺជា​អ្នក​បម្រើដ៏​ល្អសម្រាប់​កសិករ ដែលត្រូវបាន​បង្កើត​ឡើង​​ក្នុងគោល​បំណង​​កសាង​ទំនុកចិត្ត ដល់គ្រប់​ភាគីពាក់ព័ន្ធ​​នៅក្នុង​វិស័យ​កសិកម្ម ដើម្បី​ពង្រឹង​សមត្ថភាព  លទ្ធភាព និងឱកាស​កាន់តែខ្លាំងក្លា​​ក្នុងវិស័យ​កសិកម្ម ជាពិសេស​​ស្រូវ​អង្ករ ដំឡូង និងពោត។

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន Agribuddy ប្រចាំប្រទេសកម្ពុជា

តួយ៉ាង រហូតមក​ទល់ពេល​នេះ ក្រុមហ៊ុន Agribuddy មាន​ក្រុមហ៊ុន​ជាដៃគូ​ ជាង៣០ ស្ថាប័ន​ ដើម្បី​ចាំជួយ​ជ្រោម​ជ្រែង គាំទ្រដល់​​កសិករ ក្នុងការ​ធ្វើកសិកម្ម​​ប្រកបដោយ​ទំនុកចិត្ត​តាំងពីការ​ចាប់ផ្ដើម​ដាំដុះ រហូតដល់​​ការប្រមូល​ផលលក់​ទៅលើ​ទីផ្សារ។ 

បើតាម​ការលើក​ឡើងរបស់​លោក យ៉ង់ ប៉ាក់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Agribuddy ប្រចាំកម្ពុជា បានឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រុមហ៊ុននេះ រួមជាមួយ​ដៃគួ ក្នងសង្វាក់​ផលិត​កម្ម​កសិកម្ម បាននិង​កំពុង​បម្រើ កសិករ​ជាង ១.៥០០ គ្រួសារ ដែល​មានតម្លៃ ជាទឹកប្រាក់​ដើមទុន​ជាង ៨០ម៉ឺន​ដុល្លារ ហើយ​មានជាង ៤ពាន់​គ្រួសារ​ទៀត ដែលបាន​ចុះឈ្មោះ និងកំពុង​រង់ចាំ​ទទួល​សេវាកម្ម សម្រាប់​រដូវដាំដុះ​ខាង​មុខ ដែលគិត​ជាទឹក​ប្រាក់​ប្រមាណ ៦លាន​ដុល្លា គិតមក​ត្រឹម​ខែ​តុលា ឆ្នាំ២០១៨នេះ។

លើសពីនេះ ក្នុងចំណោម​​កសិករ​ទាំង ៥ពាន់គ្រួសារនេះ មានជាង ២ពាន់​គ្រួសារ ជាកសិករ​ដាំដំណាំ​ស្រូវ ហើយ​ប្រមាណ ១ពាន់គ្រួសារ​ដាំ​ដំណាំ​ពោត និង ជាង ​២ពាន់​គ្រួសារ​ដាំដំណាំ​ដំឡូងមី។ ពូកគាត់​អាច​ផលិត​ស្រូវ បានប្រមាណ ៤ម៉ឺនតោន ដំណាំ​ដំឡូង ជាង ៣០ម៉ឺនតោន និង ដំណាំ​ពោត ជាង ១០​ម៉ឺន​តោន ដែល​គិតជា​ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ ក្នុងឆ្នាំ ២០១៨នេះ។ 

កសិករជាសមាជិក Agribuddy ​កំពុងចូលរួមក្នុងកម្មវិធី

សូម​ជម្រាបថា បើតាម​ការអះអាង​ពីអ្នក​ជំនាញហិរញ្ញវត្ថុ បានឲ្យ​ដឹងថា ការផ្ដល់​កម្ចី​ទៅ​លើវិស័យ​កសិកម្ម​​នៅឆ្នាំនេះ បើគិត​ជាភាគរយ​​ហាក់​មាន​កំណើន​ថយចុះ​ជាង​ឆ្នាំមុនៗ ដោយសារតែ​​ធនាគារ និងគ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ បានងាក​​ទៅ​ផ្ដល់​កម្ចី​​ច្រើន​​សម្រាប់​​​ការ​​ប្រើប្រាស់ និងកម្ចី​អចលនទ្រព្យ​ជាដើម។ ទោះយ៉ាងណា បើពិនិត្យ​ទៅមើល​ទំហំកម្ចី​កសិកម្ម​វិញ គឺមិនមាន​ការថមថយ​ចុះ​នោះទេ ពោលគឺ​នៅតែរក្សា​បាន​​ក្នុងចំនួន​ប្រាក់​ប្រហែល​នឹងឆ្នាំ​មុនដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨ បន្ត​វាយ​លុក​នៅ​តាម​ខេត្ត​ដែល​មាន​សក្តានុពល?

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា នៅ​តែ​បន្ត​អះអាង​ឲ្យ​ដឹង​ថា សុខភាព​​វិស័យ​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​នៅ​តែ…

អ្នក​ជំនាញ​ដី​ធ្លី៖ យុទ្ធសាស្ត្រ​ធំៗ​៤​នឹង​ជំរុញ​ការ​អភិវឌ្ឍ​អចលនទ្រព្យដើម្បី​​កំណើន​សេដ្ឋកិច្ច​ជាតិ

ព័ត៌មាន
អ្នក​​ជំនាញ​​អចលនទ្រព្យ​​បាន​​កត់​សម្គាល់​ឃើញ​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​អាណត្តិ​ទី៦​ថ្មី បន្ទាប់​ពី​រដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ