ដើម្បីសម្រេចចក្ខុវិស័យអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ទាមទារឱ្យមានការប្តេជ្ញា និងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ។
បច្ចុប្បន្ន វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាប្រភពកំណើនថ្មី និងជាវិស័យគន្លឹះក្នុងការចូលរួមអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយវិស័យទាំងពីរនេះមានសក្តានុពលក្នុងការតភ្ជាប់ខ្សែចង្វាក់តម្លៃក្នុងតំបន់និងសកល និងឈានឡើងជាបណ្តើរៗក្នុងខ្សែច្រវាក់តម្លៃដែលឆ្ពោះទៅរកសកម្មភាពឧស្សាហកម្មផ្អែកលើជំនាញ ព្រមទាំងលើកស្ទួយកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា» ក្នុងគោលបំណងកំណត់ចក្ខុវិស័យរយៈពេលវែង និងគន្លងអភិវឌ្ឍន៍ច្បាស់លាស់សម្រាប់វិស័យទាំងពីរនេះ ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អនុវត្តវិធានការជាក់លាក់ ដោយមានការចូលរួមពីវិស័យឯកជន និងអង្គពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យទាំងពីរនេះ។
ផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងសកលលោក ដោយចាប់ផ្តើមពីការផលិតគ្រឿងបង្គុំ និងបរិក្ខារដែលមានលក្ខណៈសាមញ្ញ ឈានឆ្ពោះទៅការកសាងប្រព័ន្ធអេកូឡូស៊ីនៃអ្នកផ្គត់ផ្គង់គ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក ដែលប្រើប្រាស់ជំនាញ និងមានតម្លៃបន្ថែមខ្ពស់សម្រាប់រយៈពេលវែង។ យ៉ាងណាមិញ ផែនទីបង្ហាញផ្លូវនេះ មានគោលដៅបង្កើនទំហំនាំចេញប្រមាណ ៥០០លានដុល្លារ ក្នុងវិស័យយានយន្ត និងប្រមាណ ១ពាន់៦រយលានដុល្លារ ក្នុងវិស័យអេឡិចត្រូនិក នៅត្រឹមឆ្នាំ២០២៧ ព្រមជាមួយនឹងការបង្កើតការងារថ្មីក្នុងវិស័យយានយន្តប្រមាណ ១ម៉ឺនកន្លែង និងប្រមាណ ១ម៉ឺន៦ពាន់កន្លែង ក្នុងវិស័យអេឡិចត្រូនិកផងដែរ។
ឯកឧត្តមបណ្ឌិត តាន់ មូនីវណ្ណ ប្រធានសមាគមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំនិងដាក់ចេញរបស់រាជរដ្ឋាភិបាលនូវ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា» នេះ គឺជាកត្តាល្អមួយសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ជាក់ស្តែងដូចជាការជំរុញឱ្យមានការបង្កើតរោងចក្រផលិត និងដំឡើងរថយន្តផ្សេងៗនៅកម្ពុជានាពេលថ្មីៗនេះជាដើម។ ក៏ប៉ុន្តែ ឯកឧត្តម មើលឃើញថា ការដាក់ចេញផែនទីបង្ហាញផ្លូវនេះគួរមានការចូលរួមក្រៅពីវិស័យឯកជនបន្ថែមទៀតឱ្យបានច្រើនផងដែរ។ ដោយឯកឧត្តម យល់ឃើញថា រដ្ឋាភិបាលគួរពង្រីកវិសាលភាពផ្នែកច្បាប់ពាក់ព័ន្ធនានាបន្ថែម ដើម្បីយកមកជួយគាំទ្រដល់គោលនយោបាយរបស់ផែនទីបង្ហាញផ្លូវនេះ ដើម្បីឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា វិស័យយានយន្ត និងអេឡិចត្រូនិក មានការលូតលាស់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែង ការនាំចេញគ្រឿងបង្គុំយានយន្តបានកើនឡើងជាងបីដង ពី ៦០លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២០០លានដុល្លារ ក្នុងឆ្នាំ២០១៩ ខណៈដែលការនាំចេញបរិក្ខារអេឡិចត្រូនិកបានកើន ២៣% ក្នុងមួយឆ្នាំ ដោយកើនពី ៤០០លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ប្រមាណ ៩០០លានដុល្លារក្នុងឆ្នាំ២០១៩៕