របាយការណ៍ស្រាវជ្រាវរបស់ ក្រុមហ៊ុន Vtrust Appraisal បានព្យាករថា ក្នុងសេណារីយ៉ូធម្មតា ការផ្គត់ផ្គង់អាផាតមិន នៅទូទាំងរាជធានីភ្នំពេញ នឹងមានកំណើនប្រចាំឆ្នាំថេរ ស្មើនឹងកំណើន១០% ក្នុងមួយឆ្នាំ ឬស្មើនឹងចំនួនយ៉ូនីតថ្មីៗ ជាង ១.៤០០ យ៉ូនីតក្នុងមួយឆ្នាំ។
ក្នុងចំណោមខណ្ឌទាំង១២ ខណ្ឌចំការមន មានចំនួនផ្គត់ផ្គង់អាផាតមិន ច្រើនជាងគេ ដែលមានជាង ៥៨០០ យ៉ូនីត ស្មើនឹង៦៤% នៃចំណែកផ្គត់ផ្គង់ទីផ្សារទាំងមូល និងត្រូវបានតាមពីក្រោយដោយ ខណ្ឌទួលគោក មានជាង ១.៤០០ យ៉ូនីត។
បើតាមការបញ្ជាក់ពីលោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal បានលើកឡើងថា ការជួលអាផាតមិនស្នាក់នៅ គឺភាគច្រើនជាជនបរទេស ពិសេសគឺជនជាតិចិន ហើយពួកគេភាគច្រើនជួលអាផាតមិន ដែលមានបន្ទប់គេងគ្រែមួយ ដែលមានតម្លៃជាមធ្យមចន្លោះពី ៤៩០ ទៅ៦០០ ដុល្លារអាមេរិកក្នុងមួយខែ។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Vtrust Group បានលើកឡើងថា របាយការណ៍អំពីព័ត៌មានទីផ្សារអាផាតមិន ក៏ដូចជាអចលនទ្រព្យនេះ នឹងជួយឲ្យការអភិវឌ្ឍវិស័យនេះ នឹងឆ្ពោះទៅរកនិរន្តភាព មិនមែនជាការអភិវឌ្ឍបែបភ្លើងចំបើងនោះឡើយ។ ហើយកាលណាវិស័យអចលនទ្រព្យរីកចម្រើន នោះវានឹងទាក់ទាញឲ្យវិស័យដទៃទៀតរីកចម្រើនដូចគ្នាដែរ។
ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong និងជាប្រធានសមាគមភ្នាក់ងារអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា អណ្ណិតថ្មី ដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះ បានឲ្យដឹងថា របាយការណ៍នេះ គឺជាយានមួយ ដែលអាចឲ្យអ្នកអភិវឌ្ឍន៍អាចយកទៅវិភាគថ្លឹងថ្លែងពីទីផ្សារអនាគត មុនធ្វើការវិនិយោគប្រកបដោយទំនុកចិត្ត។
គួរជម្រាបដែរថា បើតាមអ្នកជំនាញ អចលនទ្រព្យ បានអះអាងថា វិស័យអចលនទ្រព្យរបស់កម្ពុជា នៅ១០ឆ្នាំកន្លងមកនេះ មានការអភិវឌ្ឍខ្លាំងគួរឲ្យកត់សម្គាល់ ពិសេសគឺនៅរយៈពេល ៥ឆ្នាំដំបូងតែម្ដង។ ជាក់ស្ដែង គ្រប់ទិសទាំង៤ នៃរាជធានីភ្នំពេញ បាននិងកំពុងមានការអភិវឌ្ឍសំណង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្មជាបន្ដបន្ទាប់។
តែយ៉ាងណា របាយការណ៍ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំនង់ បានឲ្យដឹងថា គិតត្រឹម ១០ខែ ឆ្នាំ២០១៨ ទុនវិនិយោគក្នុងវិស័យសំណង់ស្ថិតក្នុងកំណើនទើប ពោលគឺ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ បានធ្លាក់ចុះជាង ១ពាន់លានដុល្លារអាមេរិក។
ដ្បិតតែយ៉ាងនេះក្ដី ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបញ្ជាក់ថា ការថមថយកំណើននេះ នឹងមិនប៉ះពាល់ដល់ការរីកចម្រើនរបស់វិស័យសំណង់នោះឡើយ៕