នៅចំពោះមុខឯកអគ្គរដ្ឋទូតបារាំង ថ្នាក់ដឹកនាំក្រសួងសាធារណការបានបង្ហាញសមិទ្ធផល និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកផងដែរ។
នាជំនួបជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៣ ខែឧសភា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកបញ្ហាការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញដែលបណ្តាលមកពីការកើនឡើងចំនួនយានយន្ត និងការដឹកជញ្ជូនប្រាប់ឯកអគ្គរដ្ឋទូតបារាំង។ ជាមួយគ្នានេះ ឯកឧត្តមទេរដ្ឋមន្ត្រីបានស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធដឹកជញ្ចូនដោយប្រើផ្លូវដែកនៅរាជធានី។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលបំណងនៃការស្នើនេះ គឺដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញក៏ដូចជារួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដែលជារឿយៗបង្កឡើងពីរថយន្តដឹកទំនិញធំៗរបស់ក្រុមហ៊ុនមួយចំនួន។ ទោះយ៉ាងណា ភាគីបារាំងមិនទាន់ឆ្លើយតបយ៉ាងនោះទេជុំវិញសំណើនេះ។
ទន្ទឹមនឹងស្នើឲ្យបារាំងពិនិត្យលទ្ធភាពសិក្សាលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការអភិវឌ្ឍន៍ និងលើកគុណភាពផ្លូវថ្នល់ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីខេត្តមួយទៅខេត្តមួយ ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីផែនការមេអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងឲ្យកាន់តែប្រសើរថែមទៀត៕