ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើឲ្យឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាជួយជំរុញឲ្យមានការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមករាជធានីភ្នំពេញឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះបានផ្អាកការហោះហើរតាំងពីចុងឆ្នាំ២០១៩ ពេលកូវីដ-១៩ ផ្ទុះការឆ្លងខ្លាំង។ ការស្នើនេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលជិតផុតអាណត្តិនៅកម្ពុជាចូលជួបជម្រាបលាឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគោលបំណងនៃការស្នើឲ្យមានការបើកជើងហោះហើរត្រង់ឡើងវិញនេះថា គឺដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរចេញចូលរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ហើយការស្នើនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍សង្កេតឃើញជប៉ុនបានភ្ជាប់ជើងហោះហើរជាមួយប្រទេសថៃ និងវៀតណាមឡើងវិញហើយនាពេលថ្មីៗនេះ។
ឆ្លើយតបនឹងសំណើខាងលើឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ លើកឡើងថា បើទោះបីឯកឧត្តមជិតអាណត្តិនៅកម្ពុជាតែឯកឧត្តមនឹងខំជួយជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ ANA ភ្ជាប់ជើងហោះហើរមកកម្ពុជាឡើងវិញ ជាពិសេសឯកឧត្តមប្តេជ្ញានឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួរជម្រាបថា នៅ១០ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិជប៉ុនជិត២ម៉ឺននាក់ ដែលបានមកកម្សាន្តនៅកម្ពុជា ខណៈប្រទេសជប៉ុនទទួលបានភ្ញៀវជនជាតិកម្ពុជាជាង៧ពាន់នាក់ក្នុងរយៈពេលដូចគ្នានេះ។ ទាំងឯកឧត្តម ថោង ខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ សុទ្ធបានបង្ហាញក្តីរំពឹងថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តរវាងប្រទេសទាំងពីរនឹងបន្តកើនឡើងបន្ថែមទៀត ក្រោយមានការភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ។
គួរបញ្ជាក់ថា ក្នុងអំឡុងផ្ទុះការឆ្លងកូវីដ-១៩ខ្លាំង ទាំងកម្ពុជានិងជប៉ុនសុទ្ធតែបានរឹតបន្តឹងការធ្វើដំណើរចេញចូលតាមផ្លូវអាកាស តាមរយៈផ្អាកការហោះហើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន ដែលបានផ្អាកការហោះហើរទាំងនោះភាគច្រើនបានបើកដំណើរការឡើងវិញ បន្ទាប់ស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាលើពិភពលោកមានភាពល្អប្រសើរឡើងវិញ៕