ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម បានចំណាយពេលចរចាយ៉ាងស្វិតស្វាញជាមួយអគ្គរដ្ឋបាលគយចិនអស់រយៈពេលជិតមួយឆ្នាំ ដើម្បីឈានទៅសម្រេចបាននូវពិធីសារបើកផ្លូវឱ្យកម្ពុជា អាចនាំចេញមៀនសម្ងួតទៅកាន់ទីផ្សារប្រទេសចិន។ ឯកឧត្តម រំពឹងថា សមិទ្ធផលថ្មីនេះនឹងជួយបើកច្រកទីផ្សារកាន់តែធំ និងផ្តល់ជម្រើសកាន់តែសម្បូរបែបសម្រាប់កសិករខ្មែរ ក្រៅពីការនាំចេញផ្លែមៀនស្រស់។ បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បច្ចុប្បន្នកម្ពុជា មានរោងចក្រកែច្នៃវេចខ្ចប់ និងសម្ងួតមៀនចំនួន៦ ដែលកំពុងត្រៀមលក្ខណៈផលិតសម្រាប់នាំចេញ ក្នុងនោះ២រោងចក្រស្ថិតក្នុងខេត្តបាត់ដំបង និង ៤ រោងចក្រទៀតស្ថិតក្នុងខេត្តប៉ៃលិន ដែលសុទ្ធសឹងជាទឹកដីយុទ្ធសាស្ត្រ និងជាជង្រុកនៃការដាំដុះមៀនដ៏មានសក្តានុពល។
ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានសម្តែងការត្រេកអរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម។ អ្នកជំនាញរូបនេះយល់ឃើញថា ប្រជាកសិករត្រូវតែរួសរាន់ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្តង់ដាដ៏តឹងរ៉ឹងរបស់ទីផ្សារចិន។ ទោះជាយ៉ាងណា លោក សុខ សុថា បានបន្ថែមថា ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្មនេះដើរទៅមុខដោយរលូន កសិករនៅតែត្រូវការការគាំទ្របន្ថែមពីភាគីពាក់ព័ន្ធទាំងលើផ្នែកបច្ចេកទេស ភូតគាមអនាម័យ និងគោលនយោបាយគាំទ្រផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ កសិករខ្លួនឯង ក៏ត្រូវពង្រឹងសមត្ថភាពលើជំនាញកែច្នៃ និងសម្ងួតឱ្យស្របតាមស្តង់ដាកំណត់ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងស្ថិរភាពទីផ្សារយូរអង្វែង។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ ជានីតិវិធីមុនអាចនាំចេញទៅកាន់ទីផ្សារចិនបាន គយចិននឹងចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រទាំង៦នេះជាមុនសិន។ នៅពេលដែលការត្រួតពិនិត្យនេះទទួលបានការអនុម័ត និងជាប់ជាផ្លូវការ នោះការនាំចេញកសិផលមៀនសម្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងចាប់ផ្តើមដំណើរការភ្លាមៗតែម្តង៕
អត្ថបទ៖ ជា ម៉ារ៉ា