យោងតាមរបាយការណ៍នាំចេញផលិតផលកសិកម្មរបស់ក្រសួងកសិកម្មបានបង្ហាញថា ការនាំចេញផលិតផលកសិកម្មកម្ពុជាចំនួន២០មុខ ទៅក្រៅប្រទេសនៅ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១ ភាគច្រើនមានការកើនឡើង បើទោះវិបត្តិកូវីដ-១៩ មានការវាយលុកយ៉ាងណាក៏ដោយ។ នៅក្នុងចំណោមផលិតផលកសិកម្ម២០មុខនោះ គេសង្កេតឃើញថា ការនាំចេញចេកស្រស់មានដល់ជិត ១៧ម៉ឺនតោន ការកើនឡើងជិត៧០% ទៅកាន់ទីផ្សារចិន ជប៉ុន សិង្ហបុរី និងវៀតណាម។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ផ្លែចេកស្រស់របស់កម្ពុជាកំពុងប្រកួតប្រជែងគ្នាខ្លាំងជាមួយផ្លែចេកនៃប្រទេសជិតខាង ប៉ុន្ដែឯកឧត្តម សង្ឃឹមថា ក្រៅតែពីចិនដែលជាទីផ្សារធំ កម្ពុជានឹងពង្រីកទីផ្សារនាំចេញផ្លែចេកបន្ថែមទៀតនាពេលខាងមុខ។ ទោះយ៉ាងណា ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារចេកស្រស់ត្រូវការចំណាយពេលវេលា និងមធ្យោបាយដឹកជញ្ជូន ព្រោះការដឹកជញ្ជូនផ្លូវឆ្ងាយពេកវាធ្វើផលិតផលកសិកម្មនោះអន់គុណភាព ។
ជាមួយគ្នានេះដែរ អ្នកជំនួញកសិកម្មលេចធ្លោរមួយរូបនៅកម្ពុជា ឧកញ៉ា ហ៊ុន ឡាក់ ដែលបានវិនិយោគលើដាំដុះដំណាំចេកដែរនោះ បានឲ្យដឹងដែរថា ឆ្នាំនេះទិន្នផលចេកស្រស់របស់លោកមានការកើនឡើង ខណៈដែលផ្ទៃដីដាំដុះនៅដដែល។ ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ទិន្នផលចេកនៅចម្ការរបស់លោកមានការកើនឡើងនៅឆ្នាំនេះ ដោយសារតែកត្តាអាកាសធាតុអំណោយផល ហើយចេកមានការលូតលាស់ល្អ ចេញផ្លែច្រើនជាងមុន។
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ កម្ពុជា សម្រេចបានទឹកប្រាក់ជាង២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសមានបរិមាណសរុបជិត ៤លានតោន ទៅកាន់ប្រទេសចំនួន៥៤ កើនឡើងជិត៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕