បន្ថែមលើនេះសម្តេចតេជោរំពឹងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្កើតសមិទ្ធផលថ្មីៗធំៗបន្ថែមទៀត លើសមិទ្ធផលដែលបន្សល់ទុកដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ និងជឿជាក់ថា រាជរដ្ឋាភិបាលនឹងជួយកម្ពុជាឲ្យមានការអភិវឌ្ឍន៍លឿនជាងរាជរដ្ឋាភិបាលចាស់។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលចោទសួរថា តើសម្តេចតេជោ ហ៊ុន សែន ចង់ឃើញសមិទ្ធផលអ្វីខ្លះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលទើបទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភា និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងកាលពីពេលថ្មីៗ? សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា សម្តេចចង់ឃើញសមិទ្ធធំៗពីរយ៉ាងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ។ ក្នុងនោះសម្តេចចង់ឃើញរាជរដ្ឋាភិបាលថ្មីនេះបន្តការពារថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងខ្ពស់តាមការកំណត់ និងដឹកនាំកម្ពុជាឲ្យចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យស្ថិតក្នុងកម្រិតទាបបំផុត។
បន្ថែមលើនេះសម្តេចតេជោ ហ៊ុន សែន ចង់ឃើញរាជរដ្ឋាភិបាលថ្មីក្រោមដឹកនាំរបស់កូនប្រុសច្បងរបស់សម្តេចបង្កើតឲ្យមានសមិទ្ធផលថ្មីៗ បន្ថែមលើសមិទ្ធផលដែលបន្សល់ទុកដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ខ្លួន រាប់ចាប់តាំងពីការធ្វើឲ្យការប្រែប្រួលស្ថានភាពសង្គម កម្រិតអប់រំរបស់ប្រជាជន អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានានៅក្នុងសង្គម សំដៅធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាសង្គមដែលស្អាតស្អំ។ សម្តេចតេជោ បានចាត់ទុកសមិទ្ធផលទាំងអស់ ដែលសម្តេចចង់ឃើញនៅពេលនេះ ជាអំរែកមួយដ៏លំបាកសម្រាប់អ្នកជំនាន់ថ្មី ដែលត្រូវធ្វើ និងដោះស្រាយ។
យ៉ាងណាក៏ដោយក្រោមការដឹកនាំរបស់យុវជនបន្តវេន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ថ្មីនេះនឹងជួយអភិវឌ្ឍន៍ប្រទេសឲ្យកាន់មានការរីកចម្រើន និងមានល្បឿនលឿនជាងរាជរដ្ឋាភិបាលអាណត្តិមុន ដ្បិតថាសមាភាពរាជរដ្ឋាភិបាលអាណត្តិថ្មីភាគច្រើនជាបញ្ញវ័ន្តមានវ័យក្មេង ដែលពោរពេញដោយថាមពល។ លើសពីនេះសម្តេចមើលឃើញថា យុវជនបន្តវេនទាំងនោះសុទ្ធតែជាមនុស្សមានសក្តានុពល និងមានភាពច្នៃប្រឌិត ដែលអាចឆ្លើយតប និងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ សម្តេចបានចាត់ទុកទឡ្ហីករទាំងនេះហើយ ដែលសម្តេចសម្រេចប្រគល់តួនាទីឲ្យយុវជនបន្តវេនដឹកនាំប្រទេសជំនួសសម្តេច និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត។
យើងកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ មានការរីកចម្រើនគួរឲ្យសម្គាល់ស្ទើរគ្រប់វិស័យរាប់ចាប់តាំងពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម អប់រំ និងវិស័យកីឡាជាដើម។ លើសពីនេះក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញមានការរីកដុះដាលខ្វែងខ្វាត់ទូទាំងប្រទេស ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-បាវិត និងគម្រោងធំៗជាច្រើនទៀត។
ទន្ទឹមនឹងសាទរជាមួយសមិទ្ធផលដែលសម្រេចបាន សម្តេចតេជោ ហ៊ុន សែន បានជួបរឿងខកចិត្ត ដែលសម្តេចមិនពេញចិត្តមួយចំនួនក្រោយការដឹកនាំក្នុងរយៈពេល៣ទសវត្សរ៍កន្លងនេះ។ បញ្ហាដែលសម្តេចមិនពេញចិត្តទាំងនោះរួមមានវិបត្តិកូវីដ-១៩ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់មានស្ថិរភាពកំណើនក្នុងរង្វង់៧%ឲ្យធ្លាក់ចុះរហូតដល់-៣% ហើយវិបត្តិនេះបានរុញកំណើនអត្រាក្រីក្រ ដែលរាជរដ្ឋាភិបាលខិតខំស្តារឲ្យមានក្រោម១០%មានសន្ទុះឡើងវិញ។ បន្ថែមលើនេះសម្តេចមិនពេញចិត្តមួយទៀត គឺវិបត្តិកូវីដ-១៩ បានជំរុញឲ្យរាជរដ្ឋាភិបាលបញ្ចេញថវិកាដែលបានសន្សំទុកជាង៣ពាន់លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ ហើយក៏មានចំណុចដែលសម្តេចមិនពេញចិត្តមួយចំនួនទៀតផងដែរ៕