ការវាយតម្លៃយ៉ាងដូច្នេះ ដោយសារតែអ្នកឧកញ៉ា ឫទ្ធី មើលឃើញថា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅបានសម្រេចបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងរួច ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះទៀត មហាសេដ្ឋីរូបនេះ ក៏ជឿជាក់ដែរថា លំហូរវិនិយោគិនបរទេសចូលមកកម្ពុជានឹងមានការកើនឡើងខ្ពស់ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP)ចូលជាធរមាននៅដើមឆ្នាំក្រោយ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបបានបង្ហាញនូវជំនឿចិត្តខ្ពស់ ចំពោះយន្តការលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជាដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច ក្នុងការជួយស្រូបទាញវិនិយោគិនបរទេសឲ្យមកបោះទុននៅកម្ពុជា។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះ ជឿជាក់ថា តាមរយៈយន្តការនេះ គួបផ្សំកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ វានឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេសខ្លាំងគេ ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២២។ បន្ថែមលើនេះ រាជរដ្ឋាភិបាលរួមជាមួយភាគីពាក់ព័ន្ធ បានខិតខំរៀបចំគោលនយោបាយ និងកែប្រែច្បាប់វិនិយោគមួយចំនួន ដើម្បីធ្វើឲ្យការវិនិយោគកាន់តែមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិនបរទេស។
អ្វីដែលរួមចំណែកជួយឲ្យកម្ពុជាមានភាពទាក់ទាញទៀតនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ RCEP ដែលនឹងចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ក៏នឹងត្រៀមចូលជាធរមានក្នុងពេលខាងមុខដ៏ខ្លីផងដែរ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខារួចកាលពីពេលថ្មីៗ ខណៈបច្ចុប្បន្នកិច្ចព្រមព្រៀងនេះ កំពុងស្ថិតក្នុងដំណើរការនីតិវិធីផ្ទៃក្នុង។
សម្រាប់មហាសេដ្ឋីអចលនទ្រព្យរូបនេះ ដើម្បីអាចចាប់យកឱកាសទីផ្សារនិងទាក់ទាញវិនិយោគិនបរទេស ដែលរំពឹងមានលំហូរចូលមកកម្ពុជាច្រើននៅឆ្នាំ២០២២ ទាមទារឲ្យពាណិជ្ជករ និងអ្នកវិនិយោគក្នុងស្រុក ត្រូវមានចំណេះដឹងខ្ពស់ផ្នែកទីផ្សារ និងការវិនិយោគ។ ទន្ទឹងនឹងនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ស្នើឲ្យអ្នកវិនិយោគគួរចៀសវាងការរកស៊ីតាមគ្នា ហើយត្រូវចេះប្រមើលមើល និងស្វែងយល់ពីទីផ្សារក្នុងតំបន់ និងលើពិភពលោក ឲ្យស្របតាមសក្តានុពល ដែលកម្ពុជាមាន។
អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជា រូបនេះរំពឹងថា លំហូរវិនិយោគិនកូរ៉េខាងត្បូងចូលមកកម្ពុជានឹងមានការកើនឡើង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីផ្ទៃក្នុងអាចចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីជំរុញកំណើនក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ចកម្មទ្វេភាគី តាមរយៈ FTA កម្ពុជា-កូរ៉េ វាក៏ជំរុញឲ្យការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដែលកំពុងមានកំណើនឲ្យកាន់តែល្អប្រសើរថែមទៀត។
ជុំវិញបញ្ហាវិស័យអចលនទ្រព្យ អ្នកជំនាញរូបនេះ អះអាងថា ចរន្តទិញលក់អចលនទ្រព្យក្នុងឆ្នាំ២០២១ មិនមានការប្រែប្រួលនោះទេ ពោលគឺប្រហាក់ប្រហែលនឹងឆ្នាំ២០២០ ហើយតម្លៃទៀតសោតក៏មិនមានការប្រែប្រួលនោះដែរ៕