វេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Business Forum) សហការរៀបចំឡើងដោយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយខាងភាគីអាមេរិក ក៏នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។
លោកឧកញ៉ា សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice ដែលល្បីល្បាញខាងរកស៊ីស្រូវអង្ករនៅកម្ពុជា នាំចេញទៅក្រៅប្រទេស និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ស្ថិតក្នុងចំណោមគណៈប្រតិភូធុរកិច្ចកម្ពុជា ផងដែរ។
លោកឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា វេទិកានេះ គឺជាឱកាសសម្រាប់ធុរជន និងសហគ្រិនកម្ពុជា ពន្យល់ដល់ធុរជនមកពីជាង ២០ប្រទេស អំពីចំណុចវិជ្ជមាននៅកម្ពុជា ក៏ដូចជា ឱកាសស្វែងរកការចាប់ដៃគូពាណិជ្ជកម្មថ្មីៗ ផងដែរ។
លោកឧកញ៉ា មានប្រសាសន៍ដូច្នេះថា «ទីមួយ ការរំពឹងទុករបស់យើង គឺ យើងនឹងបានជួបជាមួយក្រុមហ៊ុនអាមេរិកធំៗ ដែលមានសក្ដានុពលក្នុងការចាប់ដៃគូពាណិជ្ជកម្ម ដោយសារយើងត្រូវការពង្រីកដៃគូពាណិជ្ជកម្មឲ្យបានទូលំទូលាយ។ ហើយក្នុងវេទិកានេះ យើងរំពឹងថា នឹងមានក្រុមហ៊ុនអាមេរិកាំង និងក្រុមហ៊ុនមកពី ២៥ប្រទេសទៀត នឹងចូលរួមចែករំលែក និងស្វែងរកឱកាសធ្វើជាដៃគូពាណិជ្ជកម្ម។ ទីពីរ យើងចង់ស្វែងយល់អំពីការផ្លាស់ប្ដូរថ្មីៗ នៅក្នុងចលនាពាណិជ្ជកម្មពិភពលោក អំពីតម្រូវការ អំពីការផ្គត់ផ្គង់ ព្រមទាំងទិដ្ឋភាពទៅថ្ងៃមុខ ថាតើតម្រូវការសម្រាប់សហរដ្ឋអាមេរិក និងពិភពលោក នឹងប្រែប្រួលយ៉ាងដូចម្ដេច ជាពិសេស គឺ បម្លាស់ប្ដូរផ្សេងៗ ដែលកម្ពុជាយើងអាចកែសម្រួល ដើម្បីផ្គត់ផ្គង់ឲ្យពួកគាត់បាន។»
វេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វិក កើតឡើងនៅក្រោយពេលដែលប្រទេសកម្ពុជាធ្លាក់ចុះពិន្ទុនៅលើសន្ទស្សន៍វាស់ភាពងាយស្រួលធ្វើពាណិជ្ជកម្ម (ease of doing business index) រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៦មក។ នេះបើតាមរបាយការណ៍វាស់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ឆ្នាំ២០២០ របស់ធនាគារពិភពលោក។
សម្រាប់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៤៤ លើ ១៩០ប្រទេស ដោយបានពិន្ទុ ៥៣,៨ គឺធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ១៣៨ កាលពីឆ្នាំ២០១៩។ ឆ្នាំ២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៣៥, ឆ្នាំ២០១៧ កម្ពុជាមានចំណាត់ថ្នាក់លេខ១៣១, និងឆ្នាំ២០១៦ កម្ពុជាមានចំណាត់ថ្នាក់លេខ ១២៧ លើ ១៩០ប្រទេស។
លោកឧកញ៉ា សុង សារ៉ន ដែលក្រុមហ៊ុនរបស់លោកជាតួអង្គសំខាន់មួយដែរ នៅក្នុងវិស័យឯកជនកម្ពុជា បានមានប្រសាសន៍ថា ទើបីកម្ពុជានៅមានចំណុចខ្វះខាតខ្លះក្ដី ក៏ប៉ុន្តែ ប្រទេសអាស៊ានមួយនេះក៏មានចំណុចល្អច្រើនដែរ ដែលលោកថា លោកនឹងពន្យល់ដល់ធុរជនធំៗ នៅឯវេទិកា ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ខាងមុខនេះ។
លោកឧកញ៉ា សុង សារ៉ន បន្ថែមថា «យើងនឹងប្រាប់ទៅពាណិជ្ជករនៃប្រទេសផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក ឲ្យគាត់ងាកមកកម្ពុជា ដោយសារតែកម្ពុជាយើងមានការរីកចម្រើន ងាកទៅរកការអភិវឌ្ឍ។ ដូច្នេះ យើងចង់ផ្លាស់ប្ដូរមុខមាត់កម្ពុជាយើង មិនមែនជាប្រទេសមួយ ដែលនិយាយតែពីរឿងអាក្រក់នោះទេ កម្ពុជាយើងក៏ជាប្រទេសមួយដែលមានរឿងល្អជាច្រើនផងដែរ»។
នៅឯពិធីជួបជុំមួយធ្វើនៅភ្នំពេញ មុនការចេញដំណើររបស់ប្រតិភូធុរកិច្ចកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា ដែលនឹងដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា បានបង្ហាញនូវក្ដីរំពឹងវិជ្ជមានពីលទ្ធផលនៃវេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដែលនឹងធ្វើនៅទីក្រុងបាងកក នៅថ្ងៃទី៤ វិច្ឆិកា ខាងមុខនេះ។
លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍ដូច្នេះថា «វាជាឱកាសដ៏អស្ចារ្យមួយ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយវាក៏ជាឱកាសល្អដែលកម្ពុជាបង្ហាញខ្លួននៅលើឆាកថ្នាក់តំបន់ ដើម្បីអំពីអ្វីខ្លះជាឱកាសដែលមាននៅកម្ពុជា សម្រាប់ការវិនិយោគនិងការធ្វើពាណិជ្ជកម្មដែលបើកចំហ, មានតម្លាភាព និងប្រកាន់ខ្ជាប់នូវការគោរពច្បាប់ និងបទដ្ឋានអន្តរជាតិខ្ពស់បំផុត»។
គួរបញ្ជាក់ថា វេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក លើកទី១ ធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៨ នៅឯសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ហើយលើកទីពីរ ដែលធ្វើនៅទីក្រុងបាងកក នៅថ្ងៃទី៤ វិច្ឆិកា ២០១៩ វេទិកានេះ នឹងមានអ្នកចូលរួមជាមេដឹកនាំវិស័យឯកជន ធុរជនធំៗ និងមន្ត្រីរដ្ឋាភិបាល ជាង ១០០០នាក់ មកពីប្រមាណ ២៥ប្រទេស ហើយគណៈប្រតិភូដ៏ធំមួយ ដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក ក៏នឹងមកចូលរួមផងដែរ។
វេទិកានេះ ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា ហើយនឹងផ្ដោតកិច្ចពិភាក្សាទៅលើថា តើឧបករណ៍និងគោលនយោបាយនានារបស់រដ្ឋាភិបាល អាចជួយសម្រួលដល់ភាពជាដៃគូវិស័យឯកជនយ៉ាងដូចម្ដេចខ្លះ ដើម្បីជំរុញឲ្យតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ទាំងមូលសម្រេចបាននូវសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន។ នៅឯវេទិកានេះដែរ គេរំពឹងថា នឹងមានការប្រកាសឲ្យដឹងអំពីគំនិតផ្ដួចផ្ដើមជាច្រើន នៅក្នុងវិស័យនានា ដូចជា ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល។
ពីក្នុងចំណោមគណៈប្រតិភូធុរកិច្ចកម្ពុជា គេឃើញមានក្រុមហ៊ុនធំៗនិងលេចធ្លោបំផុតនៅកម្ពុជា ក៏នឹងចូលរួមផងដែរ ដូចជា ក្រុមហ៊ុន ជីប ម៉ុង គ្រុប, ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុនអាមេរិកធំៗ ដែលរកស៊ីនៅកម្ពុជា ដូចជា General Electric Cambodia ជាដើម៕