កម្ពុជា-ប្រេស៊ីល

កម្ពុជា-ប្រេស៊ីល កំពុងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា ខណៈប្រេស៊ីលនឹងបង្កើតស្ថានទូតនៅកម្ពុជា


កម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសប្រេស៊ីល ដែលគ្រោងបង្កើតស្ថានទូតនៅកម្ពុជា ក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ប្រេស៊ីល ដែលមានការចូលរួមពីក្រុមវិនិយោគិនកម្ពុជា និងប្រេស៊ីលជាច្រើនរូប។
កម្ពុជា-ប្រេស៊ីល
ដោយ

កម្ពុជារំពឹងថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាមួយក្នុងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត ក្រោយប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ១០០លានដុល្លារ កាលពីឆ្នាំ២០២៣។

នាសិក្ខាសាលាស្តីពី«ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ប្រេស៊ីល» ឯកឧត្តម រ័ត្ន សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសិក្ខានេះក្នុងការជួយពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងជួយជំរុញការវិនិយោគរវាងប្រទេសកម្ពុជា-ប្រេស៊ីល ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកសិក្ខាសាលានេះ មិនត្រឹមតែជួយពង្រឹងទំនាក់ទំនង និងពាណិជ្ជកម្មនោះទេ ថែមទាំងជាវេទិកាក្នុងការផ្តល់ឱ្យធុរជនរវាងប្រទេសទាំងបានជួបគ្នា និងស្វែងរកឱកាសវិនិយោគទៀតផង។ តាមរយៈវេទិកានេះ ឯកឧត្តមរំពឹងថា វានឹងជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ១០០លានដុល្លារ​។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន សារ៉ាវុធ ក៏បានបង្ហាញពីសក្តានុពលរបស់កម្ពុជា ដល់ធុរជនប្រេស៊ីលផងដែរ ក្នុងនោះឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតបរិយាកាសងាយស្រួលដល់អ្នកវិនិយោគ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយ ដែលអំណោយផលដល់ការវិនិយោគ និងធានាដល់ការធ្វើពាណិជ្ជកម្ម ស្របពេលកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលបង្កភាពងាយស្រួល និងផ្ដល់ផលចំណេញដល់វិនិយោគិន។

ជាមួយគ្នានេះលោក Alex Giacomelli ឯកអគ្គរដ្ឋទូត និងជានាយកនៃក្រសួងពាណិជ្ជកម្ម វិនិយោគ និងកសិកម្ម កិច្ចការបរទេសនៃប្រទេសប្រេស៊ីល បានចាត់ទុកការជួបជុំនេះថា ជាការបង្កើតទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា ជាមួយប្រទេសប្រេស៊ីល ហើយក៏ជាការជំរុញឱ្យមានការធ្វើពាណិជ្ជកម្ម វិនិយោគលើវិស័យកសិកម្ម រោងចក្រកាត់ដេរ និងវិស័យសំខាន់ៗបន្ថែមទៀតផងដែរ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ឱកាសកាន់តែច្រើនដល់ប្រទេសប្រេស៊ីល ក្នុងការកសាងទំនាក់ទំនង ដើម្បីអាចទាញជាប្រយោជន៍តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត។ ទន្ទឹមនេះ លោក Alex Giacomelli បានចាត់ទុកកំណើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប្រេស៊ីលកាលពីឆ្នាំ២០២៣ គឺចេញពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដើម្បីរួមចំណែកជួយពង្រឹង និងពង្រីកទំនាក់ទំនង និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប្រេស៊ីលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ប្រេស៊ីលនឹងបង្កើតស្ថានទូតនៅកម្ពុជានៅឆ្នាំនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន

None



អត្ថបទបន្ទាប់


ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

ក្រុមហ៊ុន Vietjet រីករាយក្នុងការប្រកាសប្រូម៉ូសិនពិសេសសម្រាប់សំបុត្រយន្តហោះអន្តរជាតិរៀងរាល់ថ្ងៃសុក្រ! នេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកដែលចូ…

ក្រុមហ៊ុន Samsung, Hyundai និងក្រុមហ៊ុនកូរ៉េខាងត្បូងជាង១០ផ្សេងទៀតបានមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនធំៗជាង១០ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង រួមមាន ក្រុមហ៊ុន Samsung, Hyundai និងកុ្រមហ៊ុន LG បានមកស្វែងរកឱកាសវិនិយោគលើវិស័យស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ