ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន កំពុងខ្នះខ្នែងកៀរគរទុនវិនិយោគរហូតដល់ទៅ៣០ពាន់លានដុល្លារអាម៉េរិក ដើម្បីពង្រីក និងបង្កើនចំនួនមជ្ឈមណ្ឌលទិន្នន័យឱ្យបានរហូតដល់២,០០០កន្លែងបន្ថែមទៀត នៅត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងដណ្តើមឧត្តមភាព និងពង្រឹងសក្តានុពលប្រកួតប្រជែងផ្នែកឌីជីថលក្នុងតំបន់។
យ៉ាងណាមិញលោក អាយ៉េ បានហ្គា (Ajay Banga) ប្រធានធនាគារពិភពលោក ហាក់បង្ហាញទស្សនៈផ្ទុយពីមហិច្ឆតារបស់អាស៊ាន។ នៅក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Bloomberg ប្រធានធនាគារពិភពលោករូបនេះបានគូសបញ្ជាក់ថា ការប្រជែងគ្នាកសាងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សសម្រាប់ AI អាចនឹងបង្កើតជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងលើទិដ្ឋភាពទីផ្សារ និងការខ្វះខាតធនធានទ្រទ្រង់ ព្រោះគម្រោង AI ខ្នាតធំទាមទារទុនវិនិយោគដ៏មហាសាល។
លោកបានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារតូចៗក្នុងក្រុមប្រទេសកំពុងរីកចម្រើន ការចំណាយទុនដ៏ច្រើនសន្ធឹកសន្ធាប់លើរចនាសម្ព័ន្ធទិន្នន័យបែបនេះ គឺពុំទាន់ជាតម្រូវការចាំបាច់នៅឡើយទេ ផ្ទុយទៅវិញវាថែមទាំងបង្កើតជាបន្ទុក និងបង្កជាវិបត្តិលើកម្លាំងផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងស្រុក។ លោកកត់សម្គាល់ឃើញថា ប្រទេសកំពុងរីកចម្រើនមួយចំនួននៅមិនទាន់អាចដោះស្រាយការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អប្រសើរនៅឡើយនោះទេ។ ដូច្នេះប្រសិនបើត្រូវរែកពុនការផ្គត់ផ្គង់ថាមពលបន្ថែមសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI កម្រិតធំទៀតនោះ បន្ទុកសេដ្ឋកិច្ច និងថាមពលនឹងកាន់តែដុនដាប និងធ្ងន់ធ្ងរខ្លាំងឡើងៗ៕
ដោយៈ សរ សុជាតិ