ការចេញមកទិតៀនបែបនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំថៃ រូបនេះ បានថ្លែងអួតអាងអំពីស្ថានភាពព្រំដែនថៃ-កម្ពុជា ដោយអះអាងទាំងបំពានថា ប្រទេសថៃ កំពុងមានប្រៀប និងស្ថិតក្នុងជំហរជាអ្នកកំណត់លក្ខខណ្ឌសម្រាប់ការចរចាជាមួយកម្ពុជានាពេលអនាគត។ តើថៃ ពិតជាមានប្រៀបអាចកំណត់លក្ខខណ្ឌបង្ខំឱ្យកម្ពុជា ដើរតាមខ្សែញាក់បានមែនឬយ៉ាងណា?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុកការលើកឡើងរបស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី ដែលថា ខ្លួនកំពុងមានប្រៀប និងអាចឈានទៅកំណត់លក្ខខណ្ឌក្នុងការចរចាជាមួយកម្ពុជា គ្រាន់តែជាល្បិចសង្គ្រាមចិត្តសាស្ត្រ ដើម្បីអូសទាញ និងផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលថៃ និងជានិទានកថានយោបាយតែប៉ុណ្ណោះ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងបទដ្ឋានការទូតសកលការចរចាណាមួយដាច់ខាតមិនអាចធ្វើឡើងតាមរយៈការដាក់លក្ខខណ្ឌឯកតោភាគីបានឡើយ ប៉ុន្តែត្រូវឈរលើគោលការណ៍ស្មើភាព អធិបតេយ្យភាព និងច្បាប់អន្តរជាតិ។ លោកបណ្ឌិតបានបន្ថែមថា នាយករដ្ឋមន្ត្រីថៃរូបនេះកំពុងព្យាយាមធ្វើតេស្តប្រតិកម្មរបស់កម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពតថ្លៃ ក្នុងការទាញយកផលប្រយោជន៍ពីប្រភពថាមពលក្រោមបាតសមុទ្រដែលជាគោលដៅធំបំផុតរបស់ថៃ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានចាត់ទុកការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃថា កំពុងប្រាសចាកពីការពិតទាំងស្រុង ខណៈមកទល់ពេលនេះ យោធាថៃនៅបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងបានលុប MOU ដោយឯកតោភាគី។ អ្នកជំនាញរូបនេះជឿជាក់ថា ការកំណត់លក្ខខណ្ឌណាមួយក្នុងការចរចាជាមួយកម្ពុជានឹងពុំអាចទៅរួចឡើយ ហើយកម្ពុជាក៏មិនអាចដើរតាមខ្សែញាក់របស់ថៃនោះដែរ។
ដោយឡែកលោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងនៅក្នុងបណ្ដាញសង្គមថា អ្នកការទូតមិនអាចនិយាយពីលក្ខខណ្ឌបាននោះទេ តែការចរចាការទូតត្រូវប្រព្រឹត្តទៅដោយសុច្ឆន្ទៈ គោរពសមភាពអធិបតេយ្យរបស់រដ្ឋ និងមិនគំរាមកំហែង ឬប្រើកម្លាំង។ អ្នកជំនាញរូបនេះបានលើកឡើងថា ការចរចាការទូតគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺភាគីទាំងពីរទទួលបានផលប្រយោជន៍រួម។ អ្នកជំនាញរូបនេះវាយតម្លៃថា ការយល់ដឹងអំពីរបៀបការទូតរបស់លោក អានុទីន នៅមានកម្រិត ខណៈអ្នកបានរៀនសូត្រយល់ដឹង គឺមិនអាចនិយាយភាសានេះចេញនោះទេ។
សូមរំលឹកថា ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English លោក អានុទីន ឆានវីរៈគុល បានប្រាប់ប្រជាជនថៃនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២៣ ខែកញ្ញាថា ស្ថានភាពព្រំដែនកម្ពុជា-ថៃមិនមានសញ្ញានៃការផ្ទុះអាវុធឡើងវិញនោះទេ ហើយថៃកំពុងស្ថិតក្នុងស្ថានភាពមានប្រៀប ដែលអាចកំណត់លក្ខខណ្ឌចរចាជាមួយកម្ពុជានៅពេលអនាគត ខណៈថៃនឹងរង់ចាំរហូតដល់កម្ពុជាត្រៀមខ្លួនរួចរាល់ទើបចរចា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ