តាមមន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា បានអះអាងថា ការកើនឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅខែមេសាកន្លងទៅនេះ ដោយសារតែ ការទិញលក់ទំនិញតាមអនឡាញពីក្រៅប្រទេស មានសកម្មភាពកើនឡើងច្រើន និង មានតម្រូវការប្រើប្រាស់បន្ទាន់។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ខេមបូណូមីសថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃការរាលដាលជំងឺ១៩ខ្លាំងក៏ពិតមែន ប៉ុន្តែតម្រូវការប្រើប្រាស់ទំនិញចាំបាច់នៅតែកើនឡើង ទោះមិនមានការកើនឡើងច្រើនដូចពីកាលពីពេលមិនទាន់ផ្ទុះជំងឺកូវីដ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អះអាងថាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែមានសកម្មភាពច្រើនគួរសមដែរ។
របាយការណ៍ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បង្ហាញថា នៅខែមេសាឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនឡើង៧៥% ធៀបនឹងខែមេសាឆ្នាំមុន។ ប៉ុន្ដែ បើមើលទៅលើរយៈពេល៤ខែ ដំបូងនៅឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ មានការធ្លាក់ចុះជាង៨% ខណៈដែលការដឹកជញ្ជូនអ្នកដំណើរវិញធ្លាក់ចុះដល់ទៅប្រមាណ៩៥%។
ជុំវិញទៅនឹងការដឹកជញ្ជូនទំនិញនេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុរភាកម្មកម្ពុជា បានឲ្យដឹងដែរថា ក្រៅពីការបិទខ្ទប់នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក និងក្នុងតំបន់ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ហើយនោះ កត្តាមួយទៀតគឺ ការដឹកជញ្ជូនតាមកប៉ាល់ឡើងថ្លៃ និងត្រូវប្រើពេលយូរផងនោះ ក៏អាចធ្វើឲ្យមានតម្រូវការកើនឡើងលើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។
សូមបញ្ជាក់ថា
បច្ចុប្បន្ននេះ
នៅកម្ពុជាមានក្រុមហ៊ុនដែលកំពុងដំណើរការជើងហោះហើរសរុបចំនួន២៤ក្រុមហ៊ុន ដោយក្នុងនោះ
មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកចំនួន ០៥, ក្រុមហ៊ុនជើងហោះហើរពីចិន ចំនួន០៧, តៃវ៉ាន់ចំនួន០២,
សិង្ហបុរីចំនួន០២ និងកូរ៉េខាងត្បូងចំនួន០២
ខណៈដែលក្រុមហ៊ុនមានជើងហោះសម្រាប់ដឹកជញ្ជូនទំនិញវិញមានចំនួន ០៦ក្រុមហ៊ុន។
នេះបើតាមតួលេខពីរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល៕