ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តលើគម្រោងវិនិយោគថ្មីៗជាហូរហែ ទោះបីមានការរំខានអុកឡុកពីការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩ ក៏ដោយ។ នេះសបញ្ជាក់ឲ្យឃើញថា វិបត្តិកូវីដ-១៩ មិនបានបង្កការរំខានធ្ងន់ធ្ងរដល់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍ថ្មីៗពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិនៅកម្ពុជានោះទេ។
ជាក់ស្តែងនៅរយៈពេល ៩ខែឆ្នាំ២០២១ CDC បានអនុម័តលើគម្រោងវិនិយោគថ្មីចំនួន១០៣គម្រោង ដែលមានទុនវិនិយោគសរុបជិត២ពាន់៦រយលានដុល្លារអាមេរិក និងបានផ្តល់ការងារដល់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋជាង៧ម៉ឺន៤រយកន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
របាយការណ៍ដដែលបានបង្ហាញឲ្យឃើញថា ក្នុងចំណោមគម្រោងវិនិយោគរយៈពេល៩ខែដែល CDC បានអនុម័ត ឃើញថា គម្រោងវិនិយោគក្នុងខែមីនា មានទំហំទុនវិនិយោគច្រើនជាងគេរហូតដល់ជាង១ពាន់៣រយលានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋជាង៧ពាន់៥រយកន្លែង។ ចំណែកខែមេសា មានទុនវិនិយោគតិចជាងគេជាង២៦លានដុល្លារអាមេរិក ដែលមានគម្រោងវិនិយោគតែ៧ប៉ុណ្ណោះ។
ប៉ុន្តែបើគិតពីចំនួនគម្រោងដែល CDC បានអនុម័តក្នុងខែនីមួយៗ គឺនៅខែកុម្ភៈ មានគម្រោងអភិវឌ្ឍន៍ច្រើនជាងគេរហូតដល់១៦គម្រោងមានទុនវិនិយោគជាង ៧០០លានដុល្លារអាមេរិក ដែលឈរពីក្រោយដោយខែសីហា មាន១៥គម្រោងជាមួយទុនវិនិយោគជិត៩៥លានដុល្លារអាមេរិក។
បើតាមរបាយការណ៍របស់ CDC ដដែលគម្រោងវិនិយោគជាង១០០គម្រោងនេះ គឺភាគច្រើនអភិវឌ្ឍនវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយានយន្ត រោងចក្រដំឡើងទោចក្រយានយន្តដើរដោយថាមពលអគ្គិសនី រោងចក្រផលិតអគ្គិសនីដើរថាមពលព្រះអាទិត្យ និងធ្យូងថ្ម រោងចក្រកែច្នៃផលិតផលកសិកម្ម សណ្ឋាគារ និងរោងចក្រផលិតផលិតផលប្រើប្រាស់ផ្សេងៗទៀត។ គម្រោងទាំងនេះភាគច្រើនមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំងជាដើម៕