កិច្ចប្រជុំនោះ គឺធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាសហប្រធានខាងភាគីកម្ពុជា ជាមួយនឹងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធានខាងភាគីចិន។
ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅក្រោយបញ្ចប់កិច្ចប្រជុំថា ភាគីទាំងពីរ គឺកម្ពុជា និងចិនបានឯកភាពគ្នាលើបញ្ហាសហប្រតិបត្តិការជិតស្និទជាច្រើន ដោយក្នុងនោះ ភាគីទាំងពីរក៏បានប្តេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ផងដែរ។
បណ្ដាញសារព័ត៌មានចិន CCTV បានរាយការណ៍អំពីកិច្ចប្រជុំនោះដែរថា ប្រទេសកម្ពុជា និងចិន ដែលជាមិត្តដែកថែបដ៏យូរអង្វែង បានពិភាក្សាគ្នាលើបញ្ហាសុខាភិបាលជុំវិញនឹងការទប់ស្កាត់មេរោគកូវីដ-១៩, បញ្ហាល្បែងភ្នាល់តាមអនឡាញ, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាជាច្រើនទៀត។
តាមប្រភពព័ត៌មានដដែលនេះ បានស្រង់ប្រសាសន៍របស់ឯកឧត្តម វ៉ាង យី ថា ភាគីកម្ពុជា និងចិន បានប្រកាសកសាងច្រករហ័សមួយសម្រាប់ទំនាក់ទំនងទៅវិញទៅមក នៃក្រុមការងារ និងច្រកបៃតងសម្រាប់ពាណិជ្ជកម្មទំនិញ ព្រមទាំងបង្កើនល្បឿនចរចាកាន់តែឆាប់រហ័សលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយនឹងសម្រេចអនុញ្ញាតឲ្យផ្លែស្វាយរបស់កម្ពុជានាំចេញមកកាន់ទីប្រទេសចិនបានកាន់តែឆាប់ផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើរដ្ឋាភិបាលចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀតដូចជា ពោត ដំឡូងមី ទុរេន ស្វាយចន្ទី កៅស៊ូ ស្ករស មៀនប៉ៃលិន ម្រេច ដូង ស្រកានាគ និងទឹកមាត់ត្រចៀកកាំ ក្រៅពីទិញចេក ស្វាយនិងអង្ករកន្លងមកហើយនោះ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់នាពេលថ្មីៗនេះដែរថា ក្រុមការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្ដល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទាំងជំពូកផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្ត ប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេររីកម្ពុជា-ចិននេះ ណៅចុងឆ្នាំ២០២០នេះ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជាមធ្យមក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ាង ថៃ ធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ គឺនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះមុខទំនិញកសិកម្មរបស់កម្ពុជា ដើម្បីអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលចិនជាទីផ្សារធំ និងមានតម្រូវការច្រើនលើមុខទំនិញទាំងអស់នេះ។
ជុំវិញទៅនឹងកិច្ចព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានឲ្យដឹងដែរថា បើទោះបីជាមានពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាក៏ពិតមែន ប៉ុន្ដែ មុខទំនិញរបស់កម្ពុជា ត្រូវតែគោរពទៅតាមលក្ខខណ្ឌស្ដង់ដារភូតគាមអនាម័យ ទើបអាចនាំចេញបាន។ ប៉ុន្ដែ ឯកឧត្តមជឿជាក់ថា តាមរយៈបទពិសោធន៍នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ភាគីកម្ពុជា និងចិននឹងអាចពន្លឿនការងារត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុញ្ញាតឲ្យកសិផលរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនបានកាន់តែឆាប់រហ័ស៕