និងទាំងអស់គ្នាត្រូវការ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីធានាបាននូវអនាគតប្រកបដោយសុវត្ថិភាពនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការអភិវឌ្ឍក្រមសីលធម៌ និងអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត។
នាសន្និសីទស្ដីពី«កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI)» នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានចាត់ទុកបញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែជានវានុវត្តន៍បែបឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងអន្តរកម្មដែលមានឥទ្ធិពលផ្សារភ្ជាប់វិទ្យាសាស្ត្រ អភិបាលកិច្ច សេដ្ឋកិច្ច និងវប្បធម៌។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គ្មានប្រទេសណាអាចទាញយកភាពប្រទាក់ក្រឡា និងភាពស្មុគស្មាញនៃ AI តែម្នាក់ឯងបាននោះទេ ហើយភាពជាប់ទាក់ទងគ្នា ការពឹងពាក់គ្នាទៅវិញទៅមកនៃពិភពលោក ជាពិសេសការអភិវឌ្ឍរបស់បញ្ញាសិប្បនិម្មិតខ្លួនឯងផ្ទាល់ រួមជាមួយនឹងហានិភ័យនានា ទាមទារឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសនានា ក្នុងគោលដៅធានាកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃ AI និងបង្កើនអត្ថប្រយោជន៍សម្រាប់ប្រជាជន និងការអភិវឌ្ឍ។
បើតាមឯកឧត្តម វង្សី វិស្សុត គំនិតផ្តួចផ្តើមអភិបាលកិច្ច AI ជាសកលរបស់ចិន លើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ AI ប្រកបដោយទំនួលខុសត្រូវ គឺមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់អាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីលើការប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការតភ្ជាប់ទាំងនៅក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់បញ្ញាសិប្បនិម្មិតបានចូលរួមចំណែកប្រមាណជាង៧រយពាន់លានដុល្លារដល់សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣កន្លងទៅ និងត្រូវបានព្យាករណ៍ថា នឹងរួមចំណែកដល់ជាង១៥ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៣០។ លោកបានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់វិស័យ AI បាននាំមកនូវអត្ថប្រយោជន៍ផ្សេងៗដល់មនុស្សជាតិ ប៉ុន្តែតាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ក៏បានបង្កឱ្យមានហានិភ័យ និងបញ្ហាប្រឈមជាច្រើនផងដែរ ពិសេសទៅលើវិស័យអភិបាលកិច្ច និងសន្តិសុខឌីជីថល។
ចំណែកលោកស្រី ចិន បូ (Chen Bo) ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិចិន(CIIS) បានគូសបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា AI បានរីកចម្រើនយ៉ាងខ្លាំង ដោយបានផ្លាស់ប្ដូរពិភពលោកក្នុងល្បឿនលឿនមិនធ្លាប់មានពីមុនមក តួយ៉ាងនៅក្នុងវិស័យសេដ្ឋកិច្ច ការអនុវត្តបច្ចេកវិទ្យា AI បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពផលិតកម្ម និងបង្កើតគំរូអាជីវកម្មថ្មីៗជាច្រើន និងជាចំណុចកំណើននៃសេដ្ឋកិច្ចផងដែរ។ ក្នុងនាមជាដៃគូយុទ្ឋសាស្រ្តដ៏ទូលំទូលាយ ប្រទេសចិន និងអាស៊ានបានចែករំលែកបំណងអភិវឌ្ឍន៍រួមគ្នា និងគំនិតអភិបាលកិច្ចស្រដៀងគ្នានៅក្នុងវិស័យ AI។ នេះបើតាមការបញ្ជាក់របស់លោកស្រី ចិន បូ ដែលបានបន្ថែមថា នៅក្នុងការប្រឈមមុខនឹងរលកបច្ចេកវិទ្យា AI ប្រទេសចិន និងអាស៊ានគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកភាគលាភនៃវឌ្ឍនភាពបច្ចេកវិទ្យា និងខិតខំជៀសវាង និងកាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមដែលបង្កឡើងដោយបច្ចេកវិទ្យា AI។
ដោយឡែក ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃអាស៊ាន កម្ពុជាប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ AI ដែលមានក្រមសីលធម៌ និងផ្តោតលើមនុស្ស។ ខណៈពេលដែលប្រព័ន្ធអេកូឡូស៊ី AI របស់កម្ពុជានៅស្ថិតក្នុងដំណាក់កាលដំបូង កម្ពុជាទទួលស្គាល់សក្តានុពលនៃការផ្លាស់ប្តូររបស់វា។ តាមរយៈ ភាពជាដៃគូជាមួយវិទ្យាស្ថានឧស្សាហកម្ម និងភាគីពាក់ព័ន្ធអន្តរជាតិ កម្ពុជាមានគោលបំណងប្រើប្រាស់ AI ជាកាតាលីករសម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែង។ ឯកឧត្តម បានបន្ថែមថា កម្ពុជាក៏គាំទ្រកិច្ចខិតខំ ប្រឹងប្រែងក្នុងតំបន់ក្នុងការកាត់បន្ថយការបែងចែក ទស្សនវិជ្ជា សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីបង្កើតអនាគត ដែល AI ដើរតួជាឧបករណ៍សម្រាប់ការរីកចម្រើនរួមផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា និង សេង វិន