ទំហំពាណិជ្ជកម្មកម្ពុជា-ចិន

ទំហំពាណិជ្ជកម្មកម្ពុជា-ចិននៅត្រីមាសទី១កើនជាង៣០% ប៉ុន្ដែការនាំចេញពីកម្ពុជាធ្លាក់ចុះជាង៣%


ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅត្រីមាសទី១ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កំណើនទំហំពាណិជ្ជកម្មនេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរមានរួមគ្នា គួបផ្សំកម្ពុជាគ្រប់គ្រងស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អ។
រូបតំណាង៖ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាង

ប៉ុន្តែ បើ​យើង​ក្រឡេក​ទៅ​មើល​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​វិញ គឺ​សម្រេច​បាន​ទឹកប្រាក់​តែ​ជាង​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ធ្លាក់​ចុះ​ជាង​៣% បើ​ធៀប​នឹង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​២០២១​។ ខណៈ​កម្ពុជា​នាំ​ចូល​ទំនិញ​ពី​ចិន​មក​វិញ​មាន​ទំហំ​ជាង ២​ពាន់​៥​រយ​ដុល្លារ​អា​មេ​រិ​ក​។​ដូច្នេះ​ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា និង ចិន ហាក់បីដូចជា​ខុស​ឆ្ងាយ​ហៅ​មិន​លឺ​នៅឡើយ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ សម្រេច​ជាង​២​ពាន់​៨៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជាង ៣០% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ជាង​២​ពាន់​២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​ជាមួយ​ទំហំ​ប្រាក់​នាំ​ចូល​ពី​ចិន​វិញ គឺ​នៅ​តែ​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ​ហៅ​មិន​លឺ​ដដែល​។

បើ​តាម​ទិន្នន័យ​ខាង​គយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លើ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​ទឹកប្រាក់​ត្រឹមតែ​ជាង ៣២១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​នៅ​ត្រឹ​មាស​ទី​១​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​៣,៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​២០២១ ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់​ជាង ២​ពាន់​៥៥០​លាន​ដុល្លារ​កើនឡើង​ជាង ៣៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ថា កត្តា​ដែល​ជួយ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន គឺ​ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រោយ​តំបន់​រួម​គ្នា​។ ការ​ចាក់​វ៉ា​ក់កូ​វី​ដ​-១៩ ជូន​ប្រជា​ពល​បាន​ច្រើន​ជាងគេ​ក្នុង​តំបន់ និង​ការ​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​-១៩ បាន​ល្អ​រហូត​មានការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ​កាលពី​អំឡុង​ខែវិច្ឆិកា ក៏​ជា​ហេតុផល​ចម្បង​ជួយ​ជំរុញ​កំណើន​នេះ​ផង​ដែរ​។ 

អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា ប្រទេស​ចិន គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​បាន​បន្ត​រីក​ចម្រើន​ជា​លំដាប់ ទោះបី​មានការ​រំខាន​អុកឡុក​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ឯកឧត្តម ប៉ែន សុ​វិជាតិ​រំពឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។

ដោយឡែក ពាក់ព័ន្ធ​នឹង​ភាព​ខុស​គ្នា​នៃ​ទំហំ​ទឹកប្រាក់​នាំ​ចូល​ធំ​ជាង​ទំហំ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​នេះ​ដែរ ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ភាព​ខុស​គ្នា​លើសលុប​នេះ​វា​មិនមែន​ជា​រឿង​អាក្រក់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នោះ​ទេ តែ​វា​ជា​ចំណុច​ល្អ​ទៅ​វិញ​ទេ​។ ល្អ ក៏​ព្រោះថា កម្ពុជា​មាន​តម្រូវការ​វត្ថុធាតុដើម​ច្រើន​ពី​ប្រទេស​ចិន​សម្រាប់​យក​មក​កែ​ច្នៃ ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដូច​ជា​សហភាព​អឺរ៉ុប អង់គ្លេស និង​សហរដ្ឋអាមេរិក​ជាដើម ដ្បិត​ទំនិញ​ភាគច្រើន​ដែល​នាំ​ចូល​ពី​ចិន​ជា​វត្ថុធាតុដើម ដែល​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ និង​សំណង់​ជាដើម​។

ជាមួយ​គ្នា​នេះ​លោក​ឧកញ៉ា លឹ​ម ហេង បាន​បង្ហាញ​ពី​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន​មានការ​ធ្លាក់​ចុះ​ជាង​៣% នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២២​។ សម្រាប់​ឧកញ៉ា លឹ​ម ហេង កត្តា​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន​មានការ​ធ្លាក់​ចុះ គឺ​ដោយសារ​ចិន​មានការ​រឹត​បន្តឹង​ខ្លាំង​លើ​វិធានការ​គ្មាន​កូ​វី​ដ​-១៩ ដែល​នាំ​ឲ្យ​មានការ​បិទ​តាម​ព្រំដែន​មួយ​ចំនួន​ជា​ពិសេស​ព្រំដែន​ជាមួយ​វៀតណាម ដែល​ធ្វើ​ឲ្យ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន​តាម​ច្រក​វៀតណាម​មានការ​រាំងស្ទះ​។

បើ​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ការ​ដោះ​ដួ​រ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២២ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជាង​៩% បើ​ធៀប​នឹង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​២០២១​។ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជិត​២៦,% និង​នាំ​ចូល​មាន​ទំហំ​ទឹកប្រាក់​ជាង​៧​ពាន់​៤​រយ​លាន​ដុល្លារ ធ្លាក់​ចុះ​ជិត​១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពវិស័យស្រូវអង្កររបស់កម្ពុជានៅត្រីមាសទី១ឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនួញនៅក្នុងវិស័យស្រូវអង្ករកម្ពុជា បានអះអាងថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស ប…

សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង តាមសំណើរបស់រាជរដ្ឋាភិបាលហើយ

ព័ត៌មាន
សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ត្រូវបានព្រឹទ្ធសភាអនុម័ត យល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលហើយ ក្នុងសម័យប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ