បើតាមរបាយការណ៍គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ទូទាំងប្រទេសជាង ១ពាន់គម្រោង ដោយបានកើនឡើងលើសឆ្នាំមុន ១៧គម្រោង។
របាយការណ៍បានគូសបញ្ជាក់ថា ក្នុងចំណោមជាង ១ពាន់គម្រោងដែលបានស្នើសុំការវិនិយោគក្នុងរយៈពេលបីខែដំបូងនេះ គឺមានតម្លៃទុនវិនិយោគជាង ២.៥០០លានដុល្លារ ធៀបនឹងឆ្នាំមុន មានទុនវិនិយោគត្រឹមតែជាង ១.៧០០លានដុល្លារប៉ុណ្ណោះ ពោលគឺទុននិយោគបានកើនឡើងជាង ៥១%។
របាយការណ៍ដដែលបង្ហាញទៀតថា គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ មាន៩៧ គម្រោងស្មើនឹង ១១៥អគារ, សំណង់លំនៅដ្ឋានមាន ៩០៦ គម្រោង, សំណង់បុរីលំនៅដ្ឋាន និងលក្ខណៈបុរី ១៩គម្រោងស្មើនឹងជាង ៤ពាន់ខ្នង, អគារផ្ទះល្វែងជាង ៥.៥០០ល្វែង, អគារស្នាក់នៅរួម ៤១ គម្រោង, សំណង់សណ្ឋាគារ ៩គម្រោង, សំណង់អគារពាណិជ្ជកម្ម ១១៤គម្រោង, សំណង់អគាររោងចក្រ ២៥ គម្រោង និងសំណង់អគារពហុមុខងារចំនួន ១៧ គម្រោង។
សូមជម្រាបថា ក្នុងរយៈពេល២០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់សរុបជិត ៥ម៉ឺនគម្រោង ដែលមានទុនវិនិយោគសរុបជាង ៥៥ពាន់លានដុល្លារ ក្នុងនោះ អគារខ្ពស់ៗមានជិត ២ពាន់អគារ៕