ទោះយ៉ាងណា តាមតួលេខពីក្រសួងសុខាភិបាល ក៏មានអ្នកជាសះស្បើយសរុបចំនួន៥១៧នាក់ផងដែរ ហើយកម្ពុជាពុំទាន់រកឃើញករណីស្លាប់បាត់បង់ជីវិតដែលបណ្ដាលមកពីជំងឺកូវីដ-១៩ នោះទេ។
នៅក្នុងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២០កុម្ភៈនេះដែរ គេសង្កេតឃើញថាខេត្តព្រះសីហនុ គឺជាតំបន់ក្ដៅមួយ ដែលមានការឆ្លងច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី ០៤ ខែមីនា រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យបិទជាបណ្ដោះអាសន្នរាល់ចរាចរណ៍ចេញចូលខេត្តមាត់សមុទ្រមួយនេះ លើកលែងតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះដែរ ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងមន្ត្រីអង្គការសុខភាពពិភពលោកបានមើលឃើញថា ជាការឆ្លងចូលសហគមន៍ធ្ងន់ធ្ងរបំផុតរបស់កម្ពុជាមិនធ្លាប់មានឡើយ តាំងពីរកឃើញករណីឆ្លងកូវីដ-១៩ជាលើកដំបូងនៅកម្ពុជាមក។ មន្ត្រីអង្គការសុខភាពពិភពលោកក៏បានបង្ហាញពីក្ដីព្រួយបារម្ភខ្លាំងចំពោះស្ថានការវិវត្តន៍ចុងក្រោយនៃការរាតត្បាតកូវីដ-១៩ នៅកម្ពុជា និងអំពាវនាវឲ្យពលរដ្ឋត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់រលកឆ្លងចូលសហគមន៍លើកទី៣នេះ។
ក្រោយពេលដែលមានករណីឆ្លងជាបន្ដបន្ទាប់ត្រូវបានឃើញនៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ រួមទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
បើទោះបីជាកម្ពុជាបាននិងកំពុងមានការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែបើតាមមន្ត្រីជំនាញវត្តមានវ៉ាក់សាំងតែមួយមុខមិនអាចជួយទប់ស្កាត់កូវីដ-១៩ បានភ្លាមៗនោះទេ វាត្រូវការការចូលរួមសហការពីប្រជាពលរដ្ឋទាំងអស់គ្នា តាមរយៈការគោរពវិធានការរបស់ក្រសួងសុខាភិបាល។ វិធានការទាំងនោះរួមមាន គឺត្រូវពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕