ទន្ទឹមនឹងនេះដែរ ក្រសួងសុខភិបាលឲ្យដឹងដែរថា នៅថ្ងៃនេះដដែល អ្នកជំងឺវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ បានជាសះស្បើយវិញ ដោយពួកគេធ្វើតេស្តពីរៗដង ឃើញលទ្ធផលអវិជ្ជមាន និងបានត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ មកទល់នឹងថ្ងៃនេះ ករណីជាសះស្បើយមានសរុប ៦នាក់ហើយ។
ចំពោះករណីឆ្លងថ្មី ០៤នាក់ គឺកើតលើបុរសជនជាតិអង់គ្លេស អាយុ ៦១ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេសអាយុ ៧៩ឆ្នាំ និងជនជាតិអាមេរិកាំងពីរនាក់ប្ដីប្រពន្ធ ក្នុងនោះប្ដីមានអាយុ ៥៩ឆ្នាំ និងប្រពន្ធអាយុ ៦២ឆ្នាំ។ ពួកគាត់ទាំង ៤នាក់ គឺជាអ្នកទេសចរនៅលើនាវា Viking Cruise ដែលចូលមកពីប្រទេសវៀតណាម និងស្ថិតក្នុងចំណោមអ្នកទេសចរ ៥៧នាក់ ដែលបានដាក់ឲ្យនៅដាច់ដោយឡែកនៅសណ្ឋាគារមួយ នៅខេត្តកំពង់ចាម។
បច្ចុប្បន្ន អ្នកឆ្លងថ្មី ៤នាក់នេះ កំពុងដាក់ឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ចំណែកអ្នក ៥៣នាក់ផ្សេងទៀត នឹងត្រូវឲ្យចាកចេញពីសណ្ឋាគារមួយ នៅខេត្តកំពង់ចាម។
ដោយឡែក អ្នកជាសះស្បើយ ៤នាក់ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ មាន ២នាក់ ជាជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ និង ២នាក់ទៀត ជាជនជាតិខ្មែរដូចគ្នា នៅខេត្តបាត់ដំបង។
សរុបករណីវិជ្ជមាន វីរុសកូវីដ១៩ ទូទាំងប្រទេស គិតត្រឹមម៉ោង ៩កន្លះយប់ ថ្ងៃទី២៤ មីនា ២០២០ កើនឡើងដល់ ៩១នាក់ហើយ ក្នុងនោះ ស្រី ២៤នាក់ ប្រុស ៦៧នាក់ ហើយក្នុង ៩១ករណីនេះ ជាសះស្បើយចំនួន ៦នាក់ (ជនជាតិចិន ០១នាក់, អង់គ្លេស ០១នាក់ និង ខ្មែរ ០៤នាក់)៕