ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអាទិត្យនេះ កាសែត ខេមបូឌាដេលី បានអះអាងថា ខ្លួនជាផ្នែកពិសេសមួយនៃសេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា ហើយថា ដោយសារការគំរាមផ្លូវច្បាប់ដើម្បីបង្កកគណនីនិងដាក់ទោសម្ចាស់ថ្មីនៃកាសែតមួយនេះ ក្រុមហ៊ុន “Bernard Krisher Jimusho Co. មិនអាចប្រតិបត្តិការកាសែតខេមបូឌាដេលី បានទៀតទេ ហើយនឹងឈប់ដំណើរការការបោះពុម្ពផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧”។
ខេមបូឌាដេលី បាននិយាយថា ដូចជាកាសែតភាសាអង់គ្លេសផ្សេងទៀតដែរ ខេមបូឌាដេលី មិនបានចំណេញលុយពីប្រតិបត្តិការនេះទេ ហើយបានបន្ថែមថា ក្នុងជម្លោះពន្ធនេះគួរតែមានការដោះស្រាយបន្ទាប់ពីការធ្វើសវនកម្មនិងការចរចាឯកជន។
ខេមបូឌាដេលី បានបន្ថែមថា៖ ”នៅថ្ងៃច័ន្ទនេះ សេវាប្រចាំថ្ងៃរបស់ខេមបូឌាដេលី សម្រាប់ប្រជាជនកម្ពុជានឹងត្រូវបញ្ចប់”។ ខេមបូឌាដេលី ក៏បានអរគុណអ្នកផ្សាយពាណិជ្ជកម្មនិងអ្នកជាវដែលគាំទ្រសេរីភាពខាងសារព័ត៌មានកន្លងមកនេះផងដែរ។
អ្នកកាសែតជើងចាស់មួយរូប លោក បឺណាដ គ្រីស័រ បានបង្កើតសារព័ត៌មានមួយនេះនៅឆ្នាំ១៩៩៣ ហើយខណៈគាត់មានវ័យចំណាស់ទៅហើយនោះ កូនស្រីរបស់គាត់ឈ្មោះ ឌីបូរ៉ា គ្រីស័រស្ទាល ក៏បានចូលមកកាន់កាប់ដោយបានចុះបញ្ជីជាក្រុមហ៊ុនឈ្មោះ Bernard Krisher Jimusho Co. នៅខែមេសា ឆ្នាំមុន។
លោក សយ សុភាព អ្នកកាសែតខ្មែរជើងចាស់មួយរូប ក៏បានជួយសម្រុះសម្រួលក្នុងសប្តាហ៍នេះដើម្បីរកផ្លូវមួយកុំឲ្យមានការបិទ ខេមបូឌាដេលី។ ការសម្រុះសម្រួលនេះមិនទាន់មានព័ត៌មានថាយ៉ាងម៉េចទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនាពេលកន្លងមកថា ខេមបូឌាដេលី ត្រូវវេចបង្វេចហើយចាកចេញទៅ បើមិនអាចបង់ពន្ធបានត្រឹមថ្ងៃទី៤ កញ្ញានេះ។ នៅថ្ងៃអាទិត្យនេះ សម្តេចបានថ្លែងថា ខេមបូឌាដេលី បានជំពាក់ពន្ធចំនួន ៦,៥លានដុល្លារដោយគិតពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ប៉ុណ្ណោះ ដោយមិនរាប់ពីឆ្នាំ១៩៩៣នោះទេ៕