តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ទេសចរជាតិ-អន្តរជាតិ ដែលពុំទាន់ចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ត្រូវអនុវត្តតាមនីតិវិធីមួយចំនួនដូចជា តម្រូវឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារអន្តរជាតិ ផ្លូវទឹក ផ្លូវគោកនិងផ្លូវអាកាស នៅពេលមកដល់កម្ពុជា ដោយទេសចរអន្តរជាតិត្រូវបងថ្លៃសេវាធ្វើតេស្តម្នាក់ ៥ដុល្លារអាមេរិក។ ក្នុងករណីលទ្ឋផលតេស្តរហ័សអវិជ្ជមាន ទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ ចំពោះករណីលទ្ធផលតេស្ដរហ័សវិជ្ជមានជាជំងឺស្រាល ត្រូវធ្វើការព្យាបាលដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយរាល់ការចំណាយជាបន្ទុកផ្ទាល់ខ្លួន។ ចំពោះទេសចរជាតិ-អន្តរជាតិដែលមានទីតាំងស្នាក់នៅសមរម្យអាចធ្វើការសម្រាកព្យាបាលដោយខ្លួនឯង។ ហើយទេសចរជាតិ-អន្តរជាតិ ដែលពុំមានទីតាំងស្នាក់នៅសមរម្យ ត្រូវសម្រាកព្យាបាលដោយស្នាក់នៅទីតាំងកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ដោយឡែក ក្នុងករណីលទ្ធផលតេស្ដរហ័ស ឃើញថាមានវិជ្ជមានកូវីដ១៩ ក្នុងកម្រិតធ្ងន់ ទេសចរជាតិ-អន្តរជាតិ ត្រូវទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកវីដ១៩ តាមមន្ទីរពេទ្យដែលបានធ្វើសមាហរណកម្មក្នុងប្រព័ន្ធសុខាភិបាលតែមួយ ដោយត្រូវទូទាត់ថ្លៃព្យាបាល និងថ្លៃស្នាក់នៅដោយខ្លួនឯង។ ទន្ទឹមនេះ ទេសចរជាតិ-អន្តរជាតិ ដែលខកខានមិនបានចាក់វ៉ាក់សាំង ដោយកត្តាផ្សេងៗសូមប្រញ៉ាប់ទៅចាក់វ៉ាក់សាំងនៅទីកន្លែងចាក់វ៉ាក់សាំង ដែលនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាដោយពុំតម្រូវឱ្យបង់ប្រាក់ឡើយ។
ជុំវិញការលើកលែងសម្រាប់អ្នកដំណើរពីបរទេសនេះ ត្រូវបានលោក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ឲ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យធ្វើតេសរហ័សរកកូវីដ១៩ ដល់ទេសចរជាតិ-អន្តរជាតិ ដែលពុំទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានមិនទាន់បានពេញលេញនេះ គឺជាការត្រឹមត្រូវ ហើយចំពោះវិស័យទេសចរណ៍ផ្ទាល់ ហើយវាហាក់មិនមានផលប៉ះពាល់ ឬគុណវិបត្តអ្វីនោះទេ ជាក់ស្តែងការសម្របសម្រួលលក្ខខណ្ឌចត្តាឡីស័កផ្សេងៗនេះ កម្ពុជានឹងមានការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាមានការចាប់អារម្មណ៍កាន់តែទូលាយពីទីផ្សារថ្មីៗបន្ថែមទៀត។
ថ្លែងនៅក្នុង កិច្ចប្រជុំ “បូកសរុបលទ្ធផលការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២” កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង រដ្ឋសក្ដិ បានបញ្ជាក់ថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិជារួមដែលកំពុងមានកំណើនត្រលប់មកវិញជាបណ្តើរៗ ដោយក្នុងនោះ គិតត្រឹម៦ខែដើមឆ្នាំ២០២២នេះ ស្ថានភាពទេសចរក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកមានការកើនឡើងពី ២០%-២៥% និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង ១% ដោយសារមិនទាន់មានដំណើរការទេសចរជនជាតិចិន។ ក្នុងនោះ ក្នុងខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានការហោះហើរចូលមកបន្ថែមគួរឱ្យកត់សម្គាល់។ ឯកឧត្តម បន្ថែមថា នៅ៦ខែដំបូងនៅឆ្នាំនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជារួមកើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕