ក្រុមអ្នកជំនាញសេដ្ឋកិច្ច និង អ្នកជំនួញបានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះចំណូលដែលបានពីការចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែនបានប្រកាសឡើងកាលពីសប្ដាហ៍មុននេះ។ ក្រុមអ្នកជំនាញអះអាងថា វាប្រាកដច្បាស់ណាស់ ចំណូលដែលបានមកពីអាជីវកម្មរ៉ែមាស នេះ នឹងរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែខ្លាំងឡើង ។ ក្រុមអ្នកជំនាញយល់ថា ចំណូលបានពីការចម្រាញ់រ៉ែមាសវាអាចមានភាពល្អប្រសើរជាងចំណូលដែលបានមកពីសារពើពន្ធ។ ល្អប្រសើរជាងដោយសារចំណូលក្នុងស្រុកវាអាចមាននិរន្តរភាពយូរអង្វែងជាងចំណូលបានពីសារពើពន្ធក្នុងការជួយទ្រទ្រង់សន្តិសុខហិរញ្ញវត្ថុជាតិ និងរក្សាលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា លោកមានជំនឿយ៉ាងមុតមាំថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅកម្ពុជានឹងកាន់តែមានភាពរីកចម្រើន ប្រសិនបើកម្ពុជាអាចទាញចំណូលពីធនធានធម្មជាតិ តាមរយៈការចម្រាញ់រ៉ែមាស និងប្រេងកាតក្នុងរយៈពេលវែង។ ជាមួយគ្នានេះ លោកឧកញ៉ា ចាត់ទុកការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានចាត់ទុករោងចក្រចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរី ដែលនឹងដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ វាជាសមិទ្ធផលនិងជាប្រភពចំណូលមួយបន្ថែមទៀតរបស់កម្ពុជា។ សម្រាប់លោកបណ្ឌិត ទោះបីចំណូលនេះមានចំនួនតិចតួចបើធៀបនឹងចំណូល ដែលបានពីការប្រមូលពន្ធដារ និងពន្ធគយក្ដី តែវាជាប្រភពធនធានមួយដ៏រឹងមាំក្នុងការជួយទ្រទ្រង់ និងរក្សាសុខមាលភាពសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរឹងមាំក្នុងរយៈពេលវែង។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្ដាហ៍មុន បានប្រកាសពីការដាក់ឲ្យដំណើរការការដ្ឋានការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មលើកដំបូងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ដលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ រោងចក្រដែលប្រតិបត្តិការដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់អូស្ត្រាលីមួយនេះ មានសមត្ថភាពអាចផលិតមាសសុទ្ធប្រមាណ៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុលប្រមាណ១៨៥លានដុល្លារក្នុង១ឆ្នាំ។
របាយការណ៍ស្ដីពីនិន្នាការសេដ្ឋកិច្ច សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីឆ្នាំមុនបានបង្ហាញថា គិតត្រឹម៨ខែឆ្នាំ២០២០ កម្ពុជាបាននាំចេញមានក្នុងទំហំទឹកប្រាក់ដល់ទៅជាង ២ពាន់២រយលានដុល្លារអាមេរិក កើនឡើងដល់ទៅ ជាង៧០០%។
ដោយឡែក បើតាមសេចក្ដីប្រកាសព័ត៌មានមួយពីធនាគារជាតិកាលពីឆ្នាំមុន បានបង្ហាញថា កម្ពុជាមានមាសជាង៣៦,៥តោន ដោយក្នុងនោះ មានប្រមាណ១២,៤តោន ទុកនៅប្រទេស្វីស, ១៤,១តោនទុកនៅធនាគារកណ្ដាលអង់គ្លេស និង១០តោនទៀត ទុកនៅក្នុងប្រទេសកម្ពុជាផ្ទាល់៕