ថ្លែងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា តាមការរំពឹងទុកនៅឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងអាចសម្រេចបានដល់ ៥,៨% ហើយឆ្នាំ២០២៣ នឹងកើនដល់ ៦,៥% មុននឹងបន្ដកើនដល់រង្វង់ ៧% នៅឆ្នាំ២០២៤។ បើតាមឯកឧត្តម វង្សី វិស្សុត ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអំឡុងពេលកូវីដ១៩បន្ដរាតត្បាតនេះ វាគឺមិនមានជារឿងចៃដន្យនោះទេ វាកើតឡើងពីការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជំរុញការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋ និងការអន្តរាគមន៍ជួយលើអាជីវកម្ម និងពលរដ្ឋដែលរងគ្រោះដោយសារកូវីដ១៩ ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម ឈាង វណ្ណរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ត្រូវបានជំរុញយ៉ាងសំខាន់ តាមរយៈការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងបាននាំឲ្យប្រទេសមានការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ។ មួយវិញទៀត ការនាំចេញផលិតផលក្នុងវិស័យឧស្សាកម្ម និងកសិកម្មក៏នៅតែបន្ដកើនឡើង ស្របទៅតាមកំណើនតម្រូវការរបស់ប្រទេសបញ្ជាទិញ។ បន្ថែមពីនេះ ការវិនិយោគផ្ទាល់ពីបរទេសនៅតែបន្ដមានការកើនឡើងមកកាន់ប្រទេសអាស៊ាន រួមទាំងកម្ពុជា ដោយសារតែមានការផ្លាសប្ដូរខ្សែចង្វាក់ផលិតកម្ម ដែលកើតចេញពីកត្តាភូមិសាស្ត្រនយោបាយ និងបញ្ហាកូវីដ១៩។ កត្តាមួយទៀត ដែលកត្តាគោលនយោបាយស្ដារ និងជំរុញណើនសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២១-២០២៣ ដែលទាំងអស់នេះ គឺសុទ្ធសឹងជាកត្តាសក្ដានុពលក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា បើតាមប្រសាសន៍ឯកឧត្តម វង្សី វិស្សុត កន្លងមកឯកឧត្តមធ្លាប់បានជួបប្រជុំជាមួយថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិជាច្រើន ហើយក្នុងនោះ ស្ថាប័នទាំងនេះ បានចាត់ទុកប្រទេសកម្ពុជាថា ជាប្រទេសគំរូមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ គួររៀនសូត្រតាម តាមរយៈការគ្រប់គ្រងជំងឺកូវីដ១៩បានល្អ និងការអន្តរាគមន៍សេដ្ឋកិច្ចសង្គមយ៉ាងមានសិទ្ធភាពក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ជាដើម៕