យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករ កម្ពុជា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសរុបប្រមាណ ៨៥០លានដុល្លារអាមេរិក ពីការនាំចេញស្រូវ និងអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ កម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទប្រមាណ ៤៥ម៉ឺនតោន និងទទួលបានចំណូលជិត ២៨៦លានដុល្លារអាមេរិក មានការកើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ជុំវិញស្ថានភាពវិស័យស្រូវ-អង្ករ កម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវ-អង្ករ កម្ពុជា យល់ឃើញថា នៅតែមានភាពល្អប្រសើរ។ លោកអះអាងថា ទោះបីជា ស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ និងការកើនឡើងនៃអតិផរណារបស់ពិភពលោកក្ដី កម្ពុជា នៅតែអាចនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ និងអាចរក្សាបាននូវកំណើនចំនួន១០% ទៀតផង។ យ៉ាងណាក៏ដោយ អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករកម្ពុជា រូបនេះ នៅតែបង្ហាញក្ដីរំពឹងថា កម្ពុជានឹងសម្រេចបាន ១០០% តាមផែនការ ក្នុងការនាំចេញអង្ករ ៨០ម៉ឺនតោន នៅឆ្នាំ២០២២នេះ។
លោកបន្តថា សម្រាប់ឆ្នាំ ២០២៣ ខាងមុខ សហព័ន្ធស្រូវ-អង្ករកម្ពុជា សង្ឈឹមថា ការនាំចេញអង្ករកម្ពុជា នឹងមានកំណើនបន្ថែមទៀត តាមរយៈការនាំចេញទៅកាន់សហគមន៍អឺរ៉ុប និងប្រទេសចិន។ ក៏ប៉ុន្តែ បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករ នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា ទៅទីផ្សារប្រទេសចិន មានកំណើនតែ១% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានបរិមាណជិត ២០ម៉ឺនតោន។
បើតាមលោក លន់ យ៉េង បើទោះជាស្ថានភាពការនាំចេញអង្ករ នៅមានភាពរឹងមាំ ក៏ដោយចុះ តែភាពមិនច្បាស់លាស់របស់ពិភពលោក ដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ក៏បានជិះឥទ្ធិពលខ្លះៗ ដែរ ដល់ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ពិសេស ការកើនឡើងនូវអតិផរណា នាពេលបច្ចុប្បន្ន។ ការណ៍នេះ ក៏បានជំរុញឲ្យការលក់អង្ករក្រអូបប្រណិតរបស់កម្ពុជា មានការធ្លាក់ចុះបន្តិច តែការនាំចេញអង្ករស ក៏មានកំណើនបន្តិចវិញ ព្រោះតម្លៃអង្ករស មានភាពធូរថ្លៃជាងអង្ករប្រណិត។
សូមបញ្ជាក់ថា ក្នុងចំណោមការនាំចេញអង្ករជាង ៤៥ម៉ឺនតោននៅ៩ខែឆ្នាំនេះ ប្រទេសចិន នៅតែជាទីផ្សារសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកទីផ្សារ ៤៤% បន្ទាប់មកគឺប្រទេសបារាំងជាង១៤%, ប្រទេម៉ាឡេស៊ីជាង៥%, ប្រទេសហូឡង់ ជាង៤% និងប្រទេសអ៊ីតាលី ជាង២% និងប្រទេសផ្សេងៗទៀត៕