បើមើលទៅក្នុងរបាយការណ៍នេះដដែល ឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងត្រីមាសទីមួយនេះ សម្រេចបានប្រមាណ១ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកមានជាង ៩០០លានដុល្លារអាមេរិក ខណៈដែលអាមេរិកនាំចូលមកកម្ពុជាវិញ មាន៩៦លានដុល្លារអាមេរិក។
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលទទួលបានការអនុគ្រោះពន្ធ ត្រូវបានដឹងថា មានតែផលិតផលការបូបធ្វើដំណើរប៉ុណ្ណោះ ខណៈដែលការនាំចេញមុខទំនិញផ្សេងទៀត គឺត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងនៃអង្គការ WTO។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ការវិនិយោគរោងចក្រផលិតកាបូបសម្រាប់ធ្វើដំណើរ នៅកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺពីចំនួន ៣រោងចក្រ មករហូតដល់ ២០រោងចក្រហើយ គិតមកនៅត្រឹមដើមឆ្នាំ ២០១៨នេះ។
បន្ថែមពីនេះ កម្ពុជាក៏ធ្លាប់បានស្នើទៅកាន់រដ្ឋាភិបាលអាមេរិក ឲ្យដាក់បញ្ចូលផលិតផលស្បែកជើងរបស់កម្ពុជាចូលក្នុងកម្មវិធីអនុគ្រោះពន្ធ GSP នេះដែរ ប៉ុន្ដែ រហូតមកទល់ពេលនេះ នៅមិនទាន់មានការព្រមព្រៀង ពីរដ្ឋាភិបាលអាមេរិកនៅឡើយទេ។
សូមជម្រាបដែរថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ក៏ទើបតែបបានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដើម្បីបន្តឡើងវិញកម្មវិធីអនុគ្រោះពន្ធ GSP ដែលបានភ្ជាប់ជាមួយការធ្វើប្រតិសកម្មចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលច្បាប់នេះបានអស់សុពលភាពកាលពីចុងឆ្នាំ២០១៧។
គួរដឹងដែរថា គិតពេញ១ឆ្នាំ២០១៧ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក មានចំនួនជាង ៣.៤០០ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០១៦ មានជាង ៣.១០០ លានដុល្លារអាមេរិក៕