ការនាំចេញ​របស់វៀតណាម​ទៅចិន

វៀតណាមស្នើចិនឲ្យឈប់ត្រួតពិនិត្យកូវីដ-១៩ លើមុខទំនិញរបស់ខ្លួននាំចូលទៅចិន


ប្រទេសវៀតណាម កំពុងជួបបញ្ហាឈឺក្បាលកាន់តែខ្លាំងហើយ ក្រោយពីអាជ្ញាធរចិនបានដាក់ការរឹតបន្ដឹងលើមុខទំនិញនាំចូលមួយចំនួនដោយបារម្ភពីការចម្លងកូវីដ-១៩។ ដើម្បីសម្រួលដល់បញ្ហានេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើទៅកាន់រដ្ឋបាលគយចិន ឲ្យបញ្ឈប់ការត្រួតពិនិត្យកូវីដ-១៩ លើមុខទំនិញកសិកម្ម វារីវប្បកម្ម និងផលិតផលកករបស់ខ្លួន ដែលត្រូវនាំចូលទៅកាន់ប្រទេសចិន ដ្បិតថា ការអនុវត្តនីតិវិធីត្រួតពិនិត្យនេះ បានធ្វើឲ្យមានការលំបាកយ៉ាងខ្លាំងដល់អ្នកផលិត និងនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារចិន។
វៀតណាមស្នើចិនឲ្យឈប់ត្រួតពិនិត្យកូវីដ-១៩ លើមុខទំនិញរបស់ខ្លួននាំចូលទៅចិន (រូបភាព៖ VN Express)
ដោយ

តាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុក VN Express បានឲ្យដឹងថា មែនទែនទៅ ប្រទេសចិនបាននិងកំពុងរឹតបន្ដឹងគោលនយោបាយការនាំចូលរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យឆ្លងកូវីដ-១៩ និងបានត្រួតពិនិត្យលើមុខទំនិញនាំចូលមួយចំនួនពីវៀតណាម តាំងពីដើមឆ្នាំមុនមកម្ល៉េះ តែវាកំពុងត្រូវបានធ្វើឡើងកាន់តែម៉ឺងម៉ាត់ជាងមុននៅក្រោយពេលប្រទេសវៀតណាមកំពុងប្រឈមនឹងការឆ្លងរីករាលដាលកូវីដ-១៩កាន់តែខ្លាំង។ ការអនុវត្តនូវគោលការណ៍ត្រួតពិនិត្យកូវីដ-១៩ ក៏បានបណ្ដាលឲ្យមានការកកស្ទះទំនិញជាច្រើននៅច្រកទ្វារព្រំដែនភាគខាងជើងរបស់វៀតណាមជាមួយចិនផងដែរ។

ជាមួយនឹងស្ថានភាពកូវីដ-១៩កាន់តែអាក្រក់ទៅៗ ដែលកំពុងកើតមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់ថា វាមានឱកាសខ្ពស់សម្រាប់ប្រទេសចិន ឡាវ និងកម្ពុជា អាចបន្ដការរឹតបន្ដឹងវិធានការការពារនៅតាមច្រកព្រំដែន ដែលវាអាចធ្វើឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងប្រទេសទាំងនេះផងដែរ។

ក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើដល់ភាគីចិន ឡាវ និងកម្ពុជា សហការជាមួយនឹងវៀតណាមក្នុងការអនុវត្តនីតិវិធីត្រួតពិនិត្យការរាតត្បាតនៃមេរោគនៅតាមច្រកព្រំដែន ដើម្បីធានាការពារពីការចម្លងកូវីដ-១៩ផង និងធានានូវលំហូរពាណិជ្ជកម្មរវាងគ្នានឹងគ្នាផងដែរ។

របាយការណ៍ការិយាល័យស្ថិតិទូទៅវៀតណាមបានឲ្យដឹងថា នៅក្នុងរយៈពេល ៤ខែដំបូងនៅឆ្នាំ២០២១ វៀតណាមនាំចេញទំនិញសរុបក្នុងតម្លៃជាង១០០ពាន់លានដុល្លារ កើនឡើង២៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទៅចិនសម្រេចបាន១៧ពាន់លានដុល្លារ កើនឡើងជាង៣២%។

ការរឹតបន្ដឹងតាមច្រកព្រំដែនរវាងវៀតណាម និងប្រទេសជិតខាង គឺត្រូវបានធ្វើឡើងម៉ឺងម៉ាត់ជាងមុន នៅក្រោយពេលដែលវៀតណាម កំពុងមានការកើនឡើងនូវចំនួនអ្នកឆ្លងកូវីដ-១៩កាន់តែច្រើនឡើងៗ ដោយតួលេខនៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ វៀតណាមរកឃើញអ្នកឆ្លងថ្មី ១២៧នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងជាង ៤ពាន់នាក់ហើយ ហើយក្នុងនោះ អ្នកស្លាប់មាន៣៦នាក់។

បើយើងក្រឡេកទៅមើលការចាក់វ៉ាក់សាំងនៅវៀតណាមវិញ មកទល់ពេលនេះ មានពលរដ្ឋត្រឹមតែប្រមាណជិត១លាននាក់ ឬស្មើនឹងប្រមាណ១% នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលកម្ពុជាយើងវិញមានពលរដ្ឋដល់ទៅជាង២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំង ដែលចំនួននេះ គឺមានជាង២០% នៃគោលដៅចាក់វ៉ាក់សាំងសម្រាប់ប្រជាជន១០លាននាក់។

វៀតណាមរំពឹងថា នៅចុងឆ្នាំនេះ ខ្លួននឹងទទួលបានវ៉ាក់សាំងកូវីដ-១៩សរុបដល់ទៅ១១០លានដូស ដែលក្នុងនោះរួមមាន វ៉ាក់សាំង Pfizer របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ និងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងដែលផ្ដល់ដោយកម្មវិធី COVAXជាដើម។ ប៉ុន្ដែ មកទល់ពេលនេះ វៀតណាមមិនទទួលបានវ៉ាក់សាំងពីចិននៅឡើយទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីនបន្ថយពន្ធនាំចូលអង្ករ ដើម្បីធានាសន្តិសុខ​ស្បៀងអាហារក្នុងស្រុក

ព័ត៌មាន
រដ្ឋាភិបាលហ្វីលីពីនថ្មីៗនេះ បានប្រកាសកាត់បន្ថយពន្ធនាំចូលអង្ករពីបរទេស ដើម្បីធានាពីសន្តិសុខស្បៀងអាហារ និងធានាបានថា ពលរដ្ឋអាចទិញអង្ករបានក្នុ…

នាយករដ្ឋមន្ត្រីថៃបដិសេធ​ផ្តល់ជំនួយទឹកប្រាក់ ១,៦ពាន់លានដុល្លារដល់ក្រុមហ៊ុន Thai Airways

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា នាថ្ងៃចុងសប្ដាហ៍មុន បានច្រានចោលនូវការរាយការណ៍ថា រដ្ឋាភិបាលរបស់លោកតាមរយៈក្រសួងហិរញ្ញវត្ថុ នឹងត្រៀមថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ