លោក ឈា ឡាយហ៊ី តំណាងមកពីក្រសួងឧស្សាហកម្មបានលើកឡើងថា ប្រភេទឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងដោយសាតែការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ គឺជាឧស្សាហកម្មមិនមែនម្ហូបអាហារ ដែលឧស្សាហកម្មនេះជួបបញ្ហាប្រឈមខ្លាំងផ្នែកទីផ្សារ។
លោកបញ្ជាក់ថា បញ្ហាទីផ្សារក៏ជាបញ្ហាមួយសំខាន់ដែរ ដែលជាការកត់សម្គាល់ គឺការចាយវាយសម្រាប់ការទិញម្ហូបអាហារ ក៏ដូចជាទិញវត្ថុប្រើប្រាស់ផ្សេងៗរបស់ពលរដ្ឋពេលនេះស្ថិតនៅក្នុងភាពប្រយ័ត្នប្រយែងខ្ពស់ ខណៈពួកគាត់មិនទាន់អាចដឹងច្បាស់ថា ជំងឺកូវីដ-១៩ នឹងបាត់ទៅវិញនៅពេលណានោះទេ។
លោកបន្ថែមថា ក្នុងរយៈពេល២ និង៣ខែចុងក្រោយនេះ ពលរដ្ឋខ្លះបានបាត់បង់ចំណូលរបស់ខ្លួនទាំងស្រុងតែម្តង ដូច្នេះ បានជាពួកគាត់ត្រូវត្រៀមថវិការបស់ខ្លួនសម្រាប់ការចាយវាយប្រចាំថ្ងៃតាមការកំណត់ ដែលទាំងអស់នេះបានធ្វើឲ្យចរន្តនៃការផលិតមិនមានតុល្យភាពគ្នារវាង ការផ្គត់ផ្គង់ និងតម្រូវការ។
ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានបញ្ជាក់ដែរថា ឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងនៅអំឡុងនៃវិបត្តិកូវីដ- ១៩នេះ គឺឧស្សាហកម្មរោងចក្រកាត់ដេរ ដោយសារតែការបញ្ជាទិញពីក្រៅប្រទេសមួយចំនួនត្រូវផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩ ដូចគ្នាដែរ ប៉ុន្តែចំណែកឧស្សាហកម្មម្ហូបអាហារនៅតែមានតម្រូវការ និងមិនបានទទួលរងផលប៉ះពាល់ខ្លាំងក្លានោះឡើយ។
គិតមកដល់ពេលនេះ បើតាមលោក ឡាយហ៊ី ឧស្សាហកម្មកម្មន្តសាល និងសិប្បកម្មដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាសរុបជាង ៥០ម៉ឺន សហគ្រាស ក្នុងនោះ សហគ្រាសខ្នាតមធ្យមមានជាង ១ពាន់មូលដ្ឋាន ខ្នាតតូចជិត ២ម៉ឺនមូលដ្ឋាន និងសហគ្រាសតូចៗបំផុតមានជាង ៣ពាន់មូលដ្ឋាន៕