ឯកឧត្តម ម៉េង សក្ដធារ៉ា រដ្ឋលេខាធិកាក្រសួង រ៉ែ និងថាមពលបានឲ្យដឹងថា តាមការប៉ាន់ស្មានរបស់ក្រសួងរ៉ែ និងថាមពលដោយបានស្រង់របាយការណ៍នាពេលកន្លងមក ឃើញថា ក្នុងមួយខែៗ មានមាសប្រមាណ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណោះ ត្រូវបានរុករកឃើញ និងកែច្នៃ។ ក្នុងនោះ ការរុករកមានសឹងតែគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ប៉ុន្ដែ តំបន់ដែលមានសក្ដានុពលក្នុងការរុករករ៉ែមាសច្រើនជាងគេ គឺនៅខេត្តរតនគីរី មណ្ឌលគីរី និងព្រះវិហារ។
តាមការអះអាង របស់មន្ត្រីជាន់ខ្ពស់រូបនេះ បានជាការរុករករ៉ែមាស បានក្នុងចំនួនតិចតួចយ៉ាងដូច្នេះ ដោយសារតែ ការរុករករ៉ែមាសនាពេលបច្ចុប្បន្ន មានភាគច្រើនគឺធ្វើឡើងដោយក្រុមហ៊ុនខ្នាតតូច លក្ខណៈសិប្បកម្មនៅឡើយ ខណៈដែលធនធានរ៉ែមាសនេះ មានខ្លះ គឺទាមទារបច្ចេកទេសខ្ពស់ ក្នុងការស្វែងរក ដែលត្រូវការក្រុមហ៊ុនវិនិយោគខ្នាតធំ លក្ខណៈឧស្សាហកម្ម។
ទោះយ៉ាងណា ឯកឧត្តម ម៉េង សក្ដធារ៉ា ពន្យល់ថា ជាទូទៅ ក្រុមហ៊ុនរុករករ៉ែធំៗ ទាំងនោះ មុននឹងចូលមកធ្វើការរុករកគេតែតាមដាន និងសិក្សាច្បាស់លាស់ណាស់ ពីសក្ដានុពលនៃតំបន់ដែលត្រូវរុករក ហើយបើតាមបទពិសោធន៍ របស់ប្រទេសដែលធ្លាប់ជោគជ័យក្នុងការរុករករ៉ែមាសនេះ គឺមិនខុសពីកម្ពុជានាពេលនេះទេ ដំបូង គឺផ្ដើមចេញពីអ្នករុករកដែលជាប្រជាជន បន្ទាប់មកមានការរុករកដោយក្រុមហ៊ុនខ្នាត បែបសិប្បកម្ម ហើយនៅពេលដែលមើលទៅមានសក្ដានុពល និងជាឱកាស ទើបមានក្រុមហ៊ុនធំៗចូលមករុករកបន្ត។
រដ្ឋលេខាធិកាក្រសួង រ៉ែ និងថាមពលរូបនេះ បានលើកឡើងទៀតថា បច្ចុប្បន្នវិស័យរ៉ែមាសកម្ពុជា កំពុងឈានជើងមួយជំហានទៀត ឆ្ពោះទៅរកការធ្វើឧស្សាហកម្មរុករករ៉ែមាសខ្នាតធំ ខណៈដែលកន្លងមកភាគច្រើនគ្រាន់តែជាការរុករកខ្នាតតូច លក្ខណៈសិប្បកម្ម បែបសាមញ្ញៗប៉ុណ្ណោះ។ ជាក់ស្ដែង មានក្រុមហ៊ុនរុករករ៉ែមាសអន្តរជាតិធំ២ នឹងចាប់ផ្ដើមប្រតិបត្តិការរុករករ៉ែមាសលក្ខណៈឧស្សាហកម្មនៅពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ មានដូចជា ក្រុមហ៊ុន ក្រុមហ៊ុន Mesco Gold មកពីប្រទេសឥណ្ឌា នឹងចាប់ផ្ដើមអាជីវកម្ម រុករករ៉ែមាស នៅខេត្តរតនគីរី នាចុងឆ្នាំនេះ និងក្រុមហ៊ុនហ៊ុន Renaissance Minerals មកពីអូស្ត្រាលី អាចនឹងចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរុករកនៅមណ្ឌលគីរី នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ ២០២១។
ឯកឧត្តម ម៉េង សក្ដធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំនូវខឿនសេដ្ឋកិច្ចថ្មីរបស់វិស័យរ៉ែនេះ តួយ៉ាង តាមរយៈវឌ្ឍនភាពនៃការរុករកប្រេងកាត ដែលនឹងទទួលបានដំណក់ប្រេងលើកដំបូង និងក្រុមហ៊ុនរុករករ៉ែមាសធំៗដែលនឹងប្រតិបត្តិការអាជីវកម្មខ្នាតឧស្សាហកម្មនាពេលឆាប់ៗខាងមុខនេះ នឹងក្លាយជាកម្លាំងមួយស្រូបទាញការវិនិយោគធំៗក្នុងវិស័យរ៉ែ កាន់តែច្រើនឡើងថែមទៀត។ បើតាមការយល់ឃើញផ្ទាល់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ កម្ពុជា ត្រូវការពេល១អាណត្តិទៀត ដើម្បី ពង្រឹងខឿនសេដ្ឋកិច្ចវិស័យរ៉ែ ឲ្យមានភាពរឹងមាំ។
ដោយឡែក ទាក់ទងនឹងការដកហូតអាជ្ញាបណ្ណ ក្រុមហ៊ុនរុករករ៉ែមកនៅត្រឹម៥០ ក្រុមហ៊ុននាពេលបច្ចុប្បន្ន ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលឯកឧត្តម ម៉េង សក្ដធារ៉ា អះអាងថា គឺដោយសារតែក្រសួងមានការធ្វើកំណែទម្រង់ថ្មី និងរកឃើញថា មានក្រុមហ៊ុនខ្លះ មានអាជ្ញាបណ្ណហើយ តែមិនមានសកម្មភាព និងខ្លះទៀត មានសកម្មភាពផ្ទុយពីច្បាប់កំណត់ ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀត បរាជ័យក្នុងការរុករកដោយខ្លួនផងដែរ។
ឯកឧត្តម ម៉េង សក្ដធារ៉ា បានគូសបញ្ជាក់ថា
បច្ចុប្បន្ន មានក្រុមហ៊ុនជិត ៥០ ក្រុមហ៊ុន
ដែលទទួលបានសិទ្ធិរុករ៉ែមាននៅកម្ពុជា ក្នុងនោះមាន ក្រុមហ៊ុនខ្លះ
កំពុងចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ខ្លះទៀត កំពុងសាសង់ហេដ្ឋារចនាសម្ពន្ធ
និងដំណើរការសាកល្បង និងមួយចំនួនផ្សេងទៀត កំពុងធ្វើការសិក្សានៅឡើយ។
ក្រុមហ៊ុនរុករករ៉ែមាសធំៗ នាពេលបច្ចុប្បន្ន មានមកពីប្រទេសអូស្ត្រាលី កាណាដា និងឥណ្ឌា និងមានក្រុមហ៊ុនតូចៗមួយចំនួនទៀត មកពីប្រទេសចិន ថៃ និងប្រទេសអាស៊ានផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ថា វិស័យរ៉ែ របស់កម្ពុជា បាននិងកំពុងចាប់ផ្ដើមមានការលូតលាស់ងើបមុខឡើងគួរឲ្យកត់សម្គាល់ តួយ៉ាង កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៌ជាច្រើនកន្លែង ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៌រាប់លានតោនក្នុងមួយឆ្នាំ ខណៈដំណក់ប្រេងដំបូងរបស់កម្ពុជា ក៏អាចនឹងទទួលបាននៅចុងឆ្នាំនេះដែរ។ អ្វីដែល ពិសេសទៀតនោះ គឺ ការរុករករ៉ែមាសក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនរុករកធំៗកាន់តែច្រើនផងដែរ។
បើតាមច្បាប់បានតម្រូវសម្រាប់ក្រុមហ៊ុនរុករករ៉ែមាស គឺមិនឲ្យធ្វើការរុករករ៉ែមាស លើសពីផ្ទៃដី ២០០ គីឡូម៉ែត្រការ៉ែ ខណៈការរុករក គឺមានរយៈពេល៧ឆ្នាំ។
របាយការណ៍ ពី ក្រសួងរ៉ែ និងថាពលបង្ហាញថា ការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៤ មានត្រឹមតែប្រហែល ៤ លានដុល្លារអាមេរិក មកដល់ឆ្នាំ ២០១៧ ប្រហែល ១៤ លានដុល្លារអាមេរិក៕