សាកលវិទ្យាល័យឡានម៉េកម្ពុជា (Lanmei University of Cambodia) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសទទួលស្គាល់នាពេលថ្មីៗនេះ មានមហាវិទ្យាល័យចំនួន៥ ដោយក្នុងនោះ អ្វីដែលគេចាប់អារម្មណ៍ គឺសាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលបង្រៀននូវជំនាញទាក់ទងនឹងផ្នែកអាកាសចរណ៍ចំនួន៣ រួមមាន ដេប៉ាតឺម៉ង់សេវាកម្មបម្រើតាមយន្ដហោះ, ដេប៉ាតឺម៉ង់ជួសជុល និងថែទាំយន្ដហោះ និងដេប៉ាតឺម៉ង់គ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវអាកាស។
ក្រៅពីនេះ សាកលវិទ្យាល័យថ្មីមួយនេះ ក៏មានបង្រៀនថ្នាក់មហាវិទ្យាល័យចំនួន៤ទៀតរួមមាន មហាវិទ្យាសាស្ត និងបច្ចេកវិទ្យា, មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ និងវិទ្យាសាស្ត្ររុក្ខជាតិ, មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ការបង្កើតឡើងនូវសាកលវិទ្យាល័យថ្មី ដែលមានបង្រៀនផ្នែកអាកាសចរណ៍នេះ គឺធ្វើឡើងចំពេលដែលវិស័យឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាទេសចរណ៍នៅទូទាំងសកលលោកកំពុងត្រូវប្រឈមនឹងវិបត្តិកូវីដ-១៩ ហើយបើតាមការអះអាងរបស់អ្នកជំនាញវិស័យទាំងនេះ អាចនឹងត្រូវចំណាយពេលយូរបន្តិចទើបអាចវិលមករកសភាពដើមដូចធម្មតាវិញ៕