ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ៩ខែ

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤១ពាន់លានដុល្លារ កើនឡើង ១៨% នៅ៩ខែឆ្នាំនេះ


នៅរយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤១ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារ កើនឡើងជាង២២% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត ២៤ពាន់លានដុល្លារ កើនឡើង១៥% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤១ពាន់លានដុល្លារ កើនឡើង ១៨% នៅ៩ខែឆ្នាំនេះ
ដោយ

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិនៅរយៈពេល៩ខែនេះ នៅតែរក្សាបាននូវកំណើនខ្ពស់ ដែលបានបង្ហាញឲ្យឃើញពីកំណើនវិជ្ជមាននៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាតិផងដែរ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិនៅតែសម្រេចបានកំណើនពីរខ្ទង់ ពោលគឺកើន១៨% នៅរយៈពេល៩ខែឆ្នាំ២០២២នេះ ជាមួយនឹងទំហំទឹកប្រាក់សរុបជាង៤១ពាន់លានដុល្លារ។ ក្នុងនោះ ប្រទេសចិននៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត ៩ពាន់លានដុល្លារ កើនឡើងជិត១០%។ រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជាង ៧ពាន់លានដុល្លារកើនឡើងជាង២៨% បន្ទាប់ពីនេះ គឺវៀតណាម ប្រទេសថៃ និងសិង្ហបុរី។

ទាក់ទងនឹងកំណើននៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសសភាកម្ពុជា បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនៅរយៈពេល៩ខែនេះនៅតែរក្សារបាននូវលក្ខណៈល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់ បើទោះបើជាមានបរិមាណនាំចេញមួយចំនួននៅមានកម្រិតក៏ដោយ ។

លោកបណ្ឌិត ហុង វណ្ណៈបន្ថែមថា កត្តាដែលនាំឲ្យទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិមានភាពល្អប្រសើរ ដោយកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជាដៃគូ មានលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសជាដៃគូសំខាន់ៗ។ លើសពីនេះ កម្ពុជាជាប្រទេសដែលមានសុវត្ថិភាព ស្ថិរភាពនយោបាយ ដែលមិនមានភាពល្អកកករដល់សកម្មភាពផលិតកម្មរបស់វិនិយោគិននោះទេ ដែលជាឱកាសក្នុងការផលិតនូវទំនិញរបស់ពួកគាត់បានដោយរលូន ដើម្បីធ្វើការផ្គត់ផ្គង់ឆ្លើយតបទៅតាមតម្រូវការទីផ្សារអន្តរជាតិ។ គួបផ្សំភាពងាយស្រួលគ្រប់បែបយ៉ាងទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាផងនោះ បានធ្វើឲ្យវិនិយោគិនមានទឹកចិត្តក្នុងការផលិតសម្រាប់នាំចេញផងដែរ។

សូមបញ្ជាក់ថា មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕




អត្ថបទបន្ទាប់


កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រោយគិតតម្រូវតាមលក្ខណៈបច្ចេកទេសគុណភាពរួច ប្រេងឆៅកម្ពុជាដែលបូមលក់បានមានចំនួនជាង២៨ម៉…

តើសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងអ្វីខ្លះ ជុំវិញការផ្អាករៀបចំបុណ្យអុំទូកនៅឆ្នាំនេះ?

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងត្រូវប្រព្រឹត្តទៅ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ