សារព័ត៌មានជុំវិញពិភពលោក បានចុះផ្សាយអំពីកណ្ដុរហិតមីនទាំងនេះ។ ហើយឥឡូវនេះ និស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិតមួយរូបមកពីចក្រភពអង់គ្លេស បានធ្វើដំណើរមកដល់ខេត្តសៀមរាប ដើម្បីផលិតភាពយន្តឯកសារខ្លី អំពី «វីរកណ្ដុរ»ហិតមីនទាំងនេះ។
កញ្ញា បិតស៍ ស្តេលី (Beth Staley) អាយុ ២៣ឆ្នាំ នឹងផលិតភាពយន្តឯកសារដែលមានចំណងជើងថា «វីរកណ្ដុរនៃកម្ពុជា» (The HeroRats of Cambodia) ជាផ្នែកនៃការធ្វើសារណាបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរបស់នាង លើមុខវិជ្ជាផលិតភាពយន្តឯកសារសត្វ នៅសាកលវិទ្យាល័យ The University of the West of of England។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រមួយ នៅប្រទេសអង់គ្លេស។
បុរសម្នាក់នៅជាយក្រុងភ្នំពេញ បង្កើតកសិដ្ឋានចិញ្ចឹមកណ្ដុរ
នាង បិតស៍ ស្តេលី ដែលមានឪពុកជាអ្នកថតរូប និងម្ដាយជាអ្នកសារព័ត៌មាន បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយ កាលពីសប្ដាហ៍មុន ជាមួយនឹងសម្ភារៈកាមេរ៉ារបស់នាង ហើយនាងនឹងចំណាយពេល ៣សប្ដាហ៍ នៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតភាពយន្តឯកសារសត្វ ១០នាទីនេះ។
ខេមបូណូមីស ធ្លាប់ផ្សាយអត្ថបទអំពីកណ្ដុរហិតមីននេះ នាពេលកន្លងមក។ តាមសាវតារ កណ្តុរហិតមីនត្រូវបានគេបញ្ជូនមកកម្ពុជាដំបូងនៅឆ្នាំ២០១៥ ដោយអង្គការ អាប៉ូប៉ូ ពីប្រទេសតង់ហ្សានី។ អ្នកជំនាញបាននិយាយថា កណ្តុរចំណាយពេលលឿនជាងមនុស្សក្នុងការស្វែងរកគ្រាប់មីន។
យោងតាមមន្ត្រីទំនាក់ទំនងព័ត៌មានរបស់អង្គការ អាប៉ូប៉ូ (APOPO) សព្វថ្ងៃ កណ្ដុរហិតមីនរបស់អង្គការ APOPO មានសរុបទាំងអស់ មានចំនួន ២៩ក្បាល នៅខេត្តសៀមរាប។
នៅក្នុងភាពយន្តឯកសារ នាង បិតស៍ ស្តេលី នឹងផ្ដោតទៅលើការងាររបស់អង្គការសប្បុរសធម៌ APOPO ដែលបានហ្វឹកហាត់កណ្ដុរអាហ្រ្វិកទាំងនេះ សម្រាប់បម្រើការងាររុករកសារធាតុ TNT ដោយប្រើច្រមុះរបស់វា។
នាង ស្តេលី និយាយថា «យើងនឹងចេញទៅកាន់ចម្ការមីន ជាមួយសត្វកណ្ដុរ និងមើលសកម្មភាពជាក់ស្ដែងរបស់ពួកវា ក្នុងការបោសសម្អាតមីនចេញពីក្នុងដី។ វារាងគួរឲ្យខ្លាចបន្តិចហើយ ពីព្រោះខ្ញុំមិនធ្លាប់ធ្វើអ្វីដូចនេះពីមុនមកទេ»។
កណ្តុរហិតគ្រាប់មីន បានជួយបង្កើនល្បឿននៃការរាវរកមីនក្នុងដី បង្កើនល្បឿនការបោសសម្អាតផ្ទៃដី។ នេះគឺដោយសារតែពួកគេត្រូវបានបណ្ដុះបណ្ដាលឲ្យចេះហិតតែក្លិនគ្រឿងផ្ទុះ ដែលមានន័យថា ពួកគេមិនរវល់នឹងក្លិនដែកដែលនាំឲ្យខាតពេលក្នុងការរាវរកមីនឡើយ។ ជាពិសេសជាងនេះ គឺកណ្ដុរទាំងនេះមានទម្ងន់ស្រាល ដែលមានន័យថា ពួកវាអាចដើរលើទីធ្លាដែលមានបង្កប់គ្រាប់មីនដោយធ្វើឲ្យវាផ្ទុះនាំឲ្យគ្រោះថ្នាក់ឡើយ។ ពួកវាអាចធ្វើការលឿនជាងមនុស្ស ដល់ទៅ ៩០ដង។
កន្លងមក វីរកណ្ដុរហិតមីនទាំងនេះ បានរកឃើញនិងកម្ទេចគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បាន ៤៥.០០០គ្រាប់ និងបានប្រគល់ដីធ្លីទំហំ ១៥លានម៉ែត្រការ៉េជូនទៅសហគមន៍វិញបន្ទាប់ពីបោសសម្អាតមីនរួច។
នាង ស្តេលី បាននិយាយថា នាងធ្វើភាពយន្តឯកសារនេះ ព្រោះចង់បង្ហាញថា មនុស្សនិងសត្វអាចសហការគ្នាដើម្បីធ្វើកិច្ចការជួយសង្គ្រោះដល់មនុស្សបាន។ នាងថា នៅកម្ពុជា សត្វកណ្ដុរទាំងនេះកំពុងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់៕