អ្នកជំនាញសេដ្ឋកិច្ច អះអាងថា ការធ្លាក់ចុះនេះ ដោយសារការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិធំៗ រួមទាំងអាមេរិក និងចិន ដែលធ្លាប់តែមានកំណើនខ្ពស់ បានបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅ២ខែដំបូងឆ្នាំនេះ ដោយក្នុងនោះ ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ១ពាន់៧រយលានដុល្លារ ធ្លាក់ចុះជាង ១៥% រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ២០%។
ទាក់ទងនឹងការធ្លាក់ចុះ នៃការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសសភាកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានៅប៉ុន្មានខែចុងក្រោយនេះ គឺមិនខុសគ្នាទៅនឹងនិន្នាការទីផ្សារនៃប្រទេសក្នុងតំបន់ និងលើពិភពលោកនោះទេ ពោលគឺការដោះដូរពាណិជ្ជកម្មនៅប្រទេសដ៏ទៃទៀតក៏មានការធ្លាក់ចុះដូចគ្នាដែរ។ យ៉ាងណាមិញ ឥទ្ធិពលនៃវិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ គឺជាកត្តាធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់លើសកលលោកជួបនូវបញ្ហា ដែលធ្វើឱ្យតម្រូវការក៏ជួបបញ្ហាផងដែរ ពោលគឺការចំណាយផ្សេងៗត្រូវបានកាត់បន្ថយ និងបានជះឥទ្ធិពលជាច្រើនដល់សេដ្ឋកិច្ចពិភពលោក ទាំងក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។
បើតាម លោកបណ្ឌិត ហុង វណ្ណៈ ដរាបណាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែននៅតែកើតមាន ជម្លោះរវាងប្រទេសមហាអំណាយធំៗ និងបញ្ហាភូមិសាស្រ្តនយោបាយនៅលើពិភពលោកនៅតែបន្តកើតឡើងនោះ លោកយល់ថា កិច្ចការពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍផ្សេងៗនៅតាមប្រទេសនីមួយៗ ហាក់មិនទាន់អាចមានការរីកចម្រើនលឿនបាននោះទេ។ ទោះយ៉ាងណាក៏ដោយចុះ បើបញ្ហាទាំងនេះ មានភាពធូរស្បើយវិញនោះ លោកជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពល្អប្រសើរឡើងវិញ ប៉ុន្តែត្រូវការពេលវេលាមួយសមស្របផងដែរ។
បើទោះបីជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងអាមេរិក ធ្លាក់ចុះនៅ២ខែដើមឆ្នាំនេះក្ដី ប៉ុន្ដែ បើមើលទៅលើការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗមួយចំនួន ដូចជា ជប៉ុន វៀតណាម និងថៃ គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើនជាវិជ្ជមាន។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
សូមបញ្ជាក់ថា មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕